កម្ពុជាគាំទ្រការបង្កើតមជ្ឈមណ្ឌលអាស៊ាន សម្រាប់ភាព បន្ទាន់ ផ្នែកសុខភាព សាធារណៈ និងជំងឺដែល កំពុងកើតមាន”

188
ចែករម្លែក
លោក ប្រាក់ សុខុន

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន លើកទី១៣ តាមរយៈប្រព័ន្ធវីដេអូ។ 

កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធាន លោកPham Binh Minh ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយម វៀតណាម និងលោកMOTEGI Toshimitsuរដ្ឋមន្រ្តីការបរទេសជប៉ុន។

អង្គប្រជុំបានទទួលស្គាល់ថា ការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល រួម ជាមួយនឹងការទប់ស្កាត់ កាន់តែប្រសើរ ការរកឲ្យឃើញ និងការឆ្លើយតបទៅនឹងបញ្ហាបន្ទាន់ ចំពោះសុខភាពសាធារណៈ ពិតជាមានភាពចាំបាច់សម្រាប់សុខភាព និងសន្តិសុខរបស់ប្រជាជន ជាពិសេសក្នុងការ ដោះស្រាយជំងឺ រាតត្បាតនាពេលអនាគត។

រដ្ឋមន្រ្តីការបរទេសបានកត់សម្គាល់ប្រកបដោយការពេញចិត្ត ចំពោះវឌ្ឍនភាពដែលសម្រេចបាននៅក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនលើវិស័យ សុខាភិបាល ដែលក្នុងនោះរួមមាន ការត្រៀមខ្លួនឆ្លើយតប ទៅនឹងជំងឺរាតត្បាត។ រដ្ឋមន្រ្តីនៃបណ្តាប្រទេសមេគង្គបានកោតសរសើរចំពោះការបន្តគាំទ្ររបស់ជប៉ុននៅក្នុងតំបន់មេគង្គ ក្នុងការផ្តល់ជំនួយដើម្បីធានាបាននូវប្រព័ន្ធថែទាំសុខភាពប្រកបដោយប្រសិទ្ធភាព និងភាពរឹងមាំ តាមរយៈគំនិតផ្តួចផ្តើមចំនួន០២៖ (១) ជំនួយដែលមានទឹកប្រាក់ ចំនួន ៥៦លានដុល្លារអាម៉េរិក របស់ជប៉ុន ប្រើប្រាស់ចំពោះកិច្ចសហប្រតិបត្តិការ បចេ្ចកទេសសម្រាប់ក្រុមបុគ្គលិកគ្រូពេទ្យ និងការផ្តល់បរិក្ខារវេជ្ជសាស្ត្រជូនមន្ទីរពេទ្យ និងស្ថាប័នវេជ្ជសាស្ត្រដទៃទៀត និង (២) បំណង របស់ជប៉ុនក្នុងការផ្តល់ជំនួយបន្ថែមទៀត ដែលមានទឹកប្រាក់ប្រមាណ ៥០លានដុល្លារអាម៉េរិក តាមរយៈការផ្តល់ជំនួយជាបរិក្ខារវេជ្ជសាស្ត្រដើម្បីពង្រឹងការត្រៀមខ្លួន និងឆ្លើយតបទៅនឹងជំងឺឆ្លង និងការបណ្តុះបណ្តាល បច្ចេកទេសរបស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ស្របតាមតម្រូវការរបស់បណ្ដាប្រទេសមេគង្គនីមួយៗ។

រដ្ឋមន្រ្តីការបរទេស បានស្វាគមន៍ចំពោះការបង្កើត៖ (១) មជ្ឈមណ្ឌលអាស៊ានសម្រាប់​ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (២) មូលនិធិអាស៊ាន សម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ១៩ និង (៣) ការស្តុកបម្រុងថ្នាក់តំបន់នៃគ្រឿងបរិក្ខារវេជ្ជសាស្រ្ត និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ភាពអាសន្នផ្នែកវេជ្ជសាស្ត្រ ក្នុងគោលបំណងឆ្លើយតបឱ្យបានឆាប់រហ័ស ដើម្បីពង្រឹងការការពារ ការរកឲ្យឃើញ ការគ្រប់គ្រង និងការឆ្លើយតបទៅនឹងជំងឺឆ្លង នានា ក្នុងពេលអនាគត។

ពាក់ព័ន្ធនឹងការពង្រឹង នូវទំនាក់ទំនងសេដ្ឋកិច្ចមេគង្គ-ជប៉ុន ក្រោយទទួលបានជោគជ័យ លើជំងឺកូវីដ១៩ រដ្ឋមន្រ្តីទាំងអស់បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការអនុវត្តជំនួយឥតសំណងសម្រាប់គម្រោងសុវត្ថិភាពប្រជាជនថ្នាក់មូលដ្ឋានឆ្នាំ២០២០ ក្រោមគំនិតផ្តួចផ្តើមគូសាណូណិមេគង្គសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលមានទឹកប្រាក់ សរុបចំនួន ១ប៊ីលានយ៉េន ដែលរៀបចំឡើងក្នុងគោលបំណង ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម នៅតាមភូមិស្រុក ថ្នាក់មូលដ្ឋានទូទាំងតំបន់មេគង្គ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូនេះ លោកឧបនាយករដ្ឋមន្រ្តី បានបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកឈ្នះលើវិបត្តិជាសកលកូវីដ១៩ តាមរយៈគំនិត ផ្តួចផ្តើម “កម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់គ្រួសារ​ក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ១៩” ដែលមានទឹកប្រាក់សរុបចំនួន ១២៥លានដុល្លារសម្រាប់ផែនការរយៈពេល ៥ខែ ក្នុងការទ្រទ្រង់ប្រជាជនក្រីក្រ និងងាយរងគ្រោះ។ 

លោកឧបនាយករដ្ឋមន្រ្តី បានបន្តរំលឹកឡើងវិញនូវការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ដោយបានជំរុញឲ្យថ្នាំព្យាបាល និងវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្លាយជាទំនិញសាធារណៈពិភពលោក ដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់បាន។ 

ចំពោះបញ្ហាតំបន់ លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងមុត មាំរបស់កម្ពុជាចំពោះការបង្កើត “មជ្ឈមណ្ឌលអាស៊ាន សម្រាប់ភាព​បន្ទាន់ ផ្នែកសុខភាពសាធារណៈនិងជំងឺដែលកំពុងកើតមាន” ដែលនឹងក្លាយ ជាយន្តការចម្បងក្នុងការពង្រឹងនីតិវិធីនៃការការពារ ការរកឲ្យ ឃើញ ការគ្រប់គ្រង និងការឆ្លើយតបទៅនឹងជំងឺឆ្លងក្នុងពេលអនាគត ព្រមទាំងបញ្ជាក់ពីគោលបំណងរបស់កម្ពុជាក្នុងការទទួលធ្វើជាប្រទេសម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលនេះ។

កិច្ចប្រជុំនេះ បានអនុម័តលើ “សេចក្តីប្រកាសសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តី​ការបរទេសមេគង្គ-ជប៉ុនលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គជប៉ុន ដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល និងការពង្រឹងឲ្យបានទាំងស្រុងនូវទំនាក់ទំនងសេដ្ឋកិច្ច” ដែលផ្តោតទៅលើសារសំខាន់នៃកិច្ច​សហប្រតិបត្តិការមេគង្គជប៉ុន ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការគ្រប់គ្រង និងទប់ស្កាត់ ទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត ការដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតលើសង្គម និងសេដ្ឋកិច្ច ព្រមទាំងការពន្លឿនការស្តារសេដ្ឋកិច្ច ឡើងវិញបន្ទាប់ពីការទទួលជោគជ័យលើជំងឺកូវីដ១៩ ៕សរន/hA