​អ្នក​វាលវែង​និង​ភ្នាក់ងារ​ទេសចរ​រំលឹកថា​តំបន់​ទេសចរណ៍​ពេញនិយម​ភ្នំ​១៥០០​មិនមែន​១០០៥​ទេ

218
ចែករម្លែក

​ដោយ​៖​ភ្នំ​ស្វាយ​/​ពោធិសាត់​៖​អ្នកស្រុក​រួមទាំង​កង​ទ័ព​រស់នៅ​ឃុំ​អន្លង់​រាបស្រុក​វាលវែង​ក៏​ដូច​អ្នកស្រុក​វាលវែង​អ្នក​ខេត្តពោធិសាត់​ទាំងមូល​និង​ភ្នាក់ងារ​ទេសចរ​រំលឹកថា​តំបន់​ទេសចរណ៍​ពេញនិយម​ភ្នំ​១៥០០ មិនមែន​១០០៥ ទេ ។​គឺ​ភ្នំ​រយៈកម្ពស់​១៥០០​ម៉ែត្រ មិនមែន​រយៈកម្ពស់​១០០៥ ម៉ែត្រ​ទេ ។​

​ប្រតិកម្ម​ដូច្នេះ​បាន​កើតឡើង​នៅពេលដែល​អ្នក​ចំណូល​ថ្មីៗ​និង​ភ្ញៀវទេសចរ​បាន​ប្រើ​ភាសា​និយាយ​កាត់​ថា​ទៅលេង​ភ្នំ​១០០៥​ដែល​វា​ខុស​ទាំងស្រុង​នឹង​ភាសាសរសេរ​ដាក់ថា​ភ្នំ​១៥០០​។​វា​ខុស​នឹង​អត្ថន័យ​ដើម ហើយ​ការបារម្ភ​ជាង​នេះ អាច​យូរៗ​ហៅ​រត់មាត់ ហើយ​យក​ការហៅ​ខុស​សោះ ថា​ទៅជា​ត្រូវ ។ នេះ​ជា​កំហុស​ដែល​ត្រូវតែ​កែ​ត​ម្រូ​ង​បន្ទាន់​ដើម្បី​កុំឱ្យ​ទៅជា​ទម្លាប់ ឬ​កុំឱ្យ​អង្ករ​ក្លាយជា​បាយ ។​

​យោង​មន្ត្រី​ទេសចរណ៍​និង​មន្ត្រីរដ្ឋបាល​ស្រុក​វាលវែង​បានឱ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​កាលពី​ថ្ងៃទី​៩​ខែកក្កដា​ថា​៖​តាំងពី​ផ្លូវជាតិ​លេខ​៥៥​បំបែក​ពី​ផ្លូវជាតិ​លេខ​៥​ត្រង់​ជិត​បូ​ជនី​ដ្ឋា​ន​អ្នកតា​ឃ្លាំងមឿង​សង្កាត់​ស្វាយ​អាត់​ក្រុង​ពោធិសាត់​ទៅ​ច្រកព្រំដែន​ថ្ន​ដា​កម្ពុជា​ថៃ​ប្រវែង​ជាង​១៧០​គម​បាន​ស្ថាបនា​ជិត​រួច​។​

​ជាពិសេស​ក្រោយ​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវការ​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​លោក​ឯកអគ្គ​ដ្ឋ​ទូត​ចិន​កាលពី​ខែមីនា​ឆ្នាំ​២០២០​តំបន់​ទេសចរណ៍​ភ្នំ​១៥០០​នៃ​ជួរ​ភ្នំក្រវាញ​ខាងលិច​និង​កន្លែង​ទាក់ទាញ​ដទៃទៀត​បានទទួល​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​(​ភ្ញៀវ​ជាតិ​)​ច្រើនឡើងៗ​បាន​ទៅ​ទស្សនា ។​

​អ្វីដែល​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​ផ្លូវ​អន្ទង់អាំង​នៅត្រង់​ចង្កេះភ្នំ​១៥០០ មិន​ដល់​កំពូលភ្នំ​នៅឡើយ​ទេ ។​ទីនោះ​មាន​ទេសភាព​ទស្សនីយភាព​និង​ទិ​ដ្ឋ​ភព​គួរអោយ​គយគន់​យ៉ាងខ្លាំង​។​គឺ​បើ​មិនបាន​ទៅដល់​និង​ឃើញ​ផ្ទាល់ ពិតជា​គួរឱ្យ​សោកស្តាយ​មែនទែន ។​
​ប្រភព​បាន​បន្តថា ៖​រាល់ថ្ងៃនេះ​ទោះជា​រដូវវស្សា​ហើយ​ស្ថិត​ក្នុងអំឡុង​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក៏ដោយចុះ​ក៏​ភ្ញៀវ​ជាតិ​រាប់រយ​ពាន់​នាក់​ក្នុង​១​ថ្ងៃៗ​ពិសេស​ចុង​សប្តាហ៍​បាន​ទៅ​ទស្សនា​គោលដៅ​ទេសចរណ៍​នៅ​ស្រុក​វាលវែង​នោះ ។​

​ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​មួយចំនួន​ក៏បាន​ដាក់​ការចុះឈ្មោះ​កម្មវិធី​កម្សាន្ត​ទៅកាន់​តំបន់​ជួរ​ភ្នំក្រវាញ (cardamom mountain) នោះ ។​គោលដៅ​ត្រូវ​កម្សាន្ត​រួមមាន​កោះ​សំពៅ​មាស បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿង តំបន់​ឆ្លាក់​ថ្មកែវ​ទីប្រជុំជន​ខេត្ត​អូរ​សោម​,​ទំនប់​វា​រី​អគ្គិសនី​អា​តៃ ផ្ទះសំណាក់​គ្រែ​គ្រញូង​, ប្រមោយ​, បា​លវែង​, ភ្នំ​១៥០០, ទឹកធ្លាក់​ថ្មដា​តូច​, ជ្រលង​ភ្នំ​, ចម្ការ​ម្រេច ចម្ការកៅស៊ូ​, ច្រកព្រំដែន​ថ្មដា​និង​តំបន់​ច្រក ជាដើម ៕S/

​រូបថត​៖ អ្នក​វាលវែង​និង​ភ្នាក់ងារ​ទេសចរ​រំលឹកថា តំបន់​ទេសចរណ៍​ពេញនិយម​ភ្នំ​១៥០០ មិនមែន​១០០៥ ទេ ( រូប​៖ ភ្នំ​ស្វាយ )​