ប្រធានគណបក្សសង្គមនិយមវ៉េណេស៊ុយអេឡាប្រកាសថាគាត់កើតកូវីដ១៩

99
ចែករម្លែក

ប្រធានគណបក្សសង្គមនិយមវ៉េណេស៊ុយអេឡា លោក ឌីអូសដាដូ កាបែលឡូ បានលាតត្រដាងឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី៩កក្កដាថា លោកបានធ្វើតេស្តវិជ្ជមាន កូវីដ១៩ ដោយធ្វើឱ្យលោកក្លាយជាមេដឹកនាំឋានៈខ្ពង់ខ្ពស់បំផុតនៅក្នុង ប្រជាជាតិអាម៉េរិកខាងត្បូងមួយនេះដែលកើតជំងឺសាហាវនេះ។

លោកកាបែលឡូត្រូវបានចាត់ទុកជាមនុស្សមានអំណាចបំផុតទី ២ នៅវ៉េណេស៊ុយអេឡា បន្ទាប់ពីប្រធានាធិបតីនីកូឡាស ម៉ាឌូរ៉ូ និង បានធ្វើសេចក្តីប្រកាសនៅលើបណ្តាញសង្គម Twitter ដោយបញ្ជាក់ថា គាត់ដាក់ខ្លួនឯងដាច់ដោយឡែក ទទួលការព្យាបាល ហើយនឹងជាសះស្បើយពីជំងឺ នេះ។

លោកបានសរសេរនៅក្នុងសេចក្តីបញ្ចប់ថា “យើងនឹងឈ្នះ”។

វ៉េណេស៊ុយអេឡាត្រូវបានចាត់ទុកជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដែលត្រៀមខ្លួនបានតិចតួចបំផុតនៅលើពិភពលោកដើម្បីប្រឈមមុខនឹងជំងឺរាតត្បាត។ មន្ទីរពេទ្យនានាតែងខ្វះសម្ភារផ្គត់ផ្គង់ជាមូលដ្ឋានដូចជាទឹក អគ្គិសនីនិងថ្នាំពេទ្យ។ ប្រទេសនេះបានចុះបញ្ជីករណីកូវីដ១៩តិចជាងប្រទេសដទៃទៀតនៅក្នុងតំបន់ ទោះបីជាចំនួនករណីឆ្លងបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។

គិតត្រឹមថ្ងៃពុធទី៨កក្កដា ក្រុមមន្រ្តីបានរាយការណ៍អំពីករណីដែលបានបញ្ជាក់ចំនួន ៨.០១០ នាក់ និងស្លាប់ ៧៥ នាក់។

លោកកាបែលឡូត្រូវបានឃើញចុងក្រោយកាលពីថ្ងៃអង្គារនៅពេលគាត់បានជួបជាមួយឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូង លោក យ៉ូសេប អិនកូស៊ី។ រូបថតដែលចេញផ្សាយ ដោយរដ្ឋាភិបាលបានបង្ហាញគាត់ឈរនៅក្បែរនិងដាល់កណ្តាប់ដៃជាមួយបេសកជន រូបនោះខណៈពាក់ម៉ាស់ខ្មៅ៕ ដោយ៖ កញ្ញាដាលីស/Ha

ប្រធានគណបក្សសង្គមនិយមវ៉េណេស៊ុយអេឡាលោក ឌីអូសដាដូ កាបែលឡូ ឆ្លងកូវីដ១៩