ឆក់​កាបូប​បានសម្រេច តែ​គេច​មិន​សម្រេច ត្រូវ​ប្រជាពលរដ្ឋ​វាយ​ទ្រោម​ខ្លួន​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​

954
ចែករម្លែក

​ដោយ​: ប្រុស​ម៉ៅ / ភ្នំពេញ​: នារី​ម្នាក់​ត្រូវបាន​ជនសង្ស័យ​មួយក្រុម​ធ្វើ​សកម្មភាព​ឆក់​កាបូប​បានសម្រេច ហើយ​ក្រុម​ជនសង្ស័យ​ព្យាយាម​បើក​រត់​គេ​លឿន​ពេក ទៅបុក​រថយន្ត បណ្តាល​ឲ្យ​ធ្លាក់​ជនសង្ស័យ​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​យ៉ាង​ទ្រោម​ខ្លួន ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ផ្លូវ​៣២០​កែង​និង​១៤៣ ស្ថិតនៅក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ដែល​ចាប់បាន​មានឈ្មោះ ពេជ្រ ចិ​ត្តា អាយុ​១៧​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ មុខរប​មិន​ពិតប្រាកដ ស្នាកនៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។​

តាម​សម្តី​នារី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនដំបូង​រូបគាត់ បាន​ចេញពី​ផ្សារកណ្តាល​ក្នុង​គោលបំណង​ទៅផ្ទះ នៅ​ផ្លូវ​លេខ​៣៥០​ខាងត្បូង​គុក​ទួលស្លែង ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ដោយ​ជិះ​ម៉ូតូ​ស្គូ​ប​ពី ពណ៌​ស​តែម្នាក់ឯង លុះ​ជិះ​មកដល់​ផ្លូវ​១១៣​កែង​និង​ផ្លូវ​៣២០ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​ហុងដា​ប៊ិ​ត​ទាំង ២​គ្រឿង ១​ពណ៌​ក្រហម និង​១​ទៀត ពណ៌​ខៀវ​មិន​ចាំ​ស្លាក​លេខ​ជិះ​គ្នា​១​គ្រឿង​២​នាក់ ១​គ្រឿង​២​នាក់ បានមក​ជិត ហើយក៏​ធ្វើ​សកម្មភាព​ឆក់​កាបូប​ដែល​នារី​រងគ្រោះ​ស្ពាយ​ចំហៀង​ឆក់​បានសម្រេច បើក​រត់តាម​បណ្តោយ​ផ្លូវ​៣២០ ទិសដៅ​ពី​កើ​តទៅ​លិច រូបគាត់​ក៏​ដេញតាម​ស្រែកថា ចោរៗ​ជនសង្ស័យ​ភ័យ​ពេក​បាន​បើក​ម៉ូតូ​យ៉ាង​លឿន​ទៅ​ប៉ះ​រថយន្ត​គេ​ក៏​ធ្លាក់​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ខាងក្រោយ​ជា​អ្នក​ឆក់ ត្រូវបាន​ប្រជាពលរដ្ឋ​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​យក​ជនសង្ស័យ​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​៣ និង​ឲ្យ​នារី​រងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់ និង​ប្រគល់​កាបូប​ដែលមាន​ខ្សែក ខ្សែដៃ​ទូរស័ព្ទ​និង​លុយ​មួយចំនួនធំ​ឲ្យ​ទៅ​នារី​រងគ្រោះ​វិញ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម