ប្រជាជន​សិង្ហ​បុរី​ចេញមក​បោះឆ្នោត ដែល​ទំនងជា​នឹង​នាំ​បក្ស​កាន់​អំណាច​មក​កាន់​អំណាច​សាជាថ្មី​

187
ចែករម្លែក

​ពាក់​ម៉ាស់​មុខ​និង​ស្រោមដៃ​ផ្លា​ស្ទិក ប្រជាជន​សិង្ហ​បុរី​នៅ​ថ្ងៃ​សុក្រ​ទី​១០​កក្កដា​បាន​ចាប់ផ្តើម​គូស​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​សកល​មួយ​ដែល​ត្រូវ​គេ​រំពឹងទុក​ថា​នឹង​នាំ​គណបក្ស​កាន់​អំណាច​របស់​​នាយករដ្ឋមន្ត្រី លី សៀន​ឡុង​មក​កាន់​អំណាច​សាជាថ្មី​។​

​ស្ថានីយ​ឆ្នោត​ប្រមាណ​១.១០០​នៅ​ទូ​ទាំង​រដ្ឋ​បែប​ជា​ទីក្រុង​នេះ​បាន​បើកទទួល​អ្នកបោះឆ្នោត​នៅ​ម៉ោង​៨​ព្រឹក ជាមួយនឹង​វិធានការ​សុវត្ថិភាព​តឹងរឹង​បំផុត​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​១៩​។​អ្នកបោះឆ្នោត​​វ័យចាស់​ត្រូវបាន​ផ្តល់​អាទិភាព គឺ​បោះឆ្នោត​មុនគេ​ជាមួយនឹង​វិធានការ​ការពារ​ទល់នឹង​វីរុស រី​ឯង​អ្នក​កំពុង​ត្រូវ​ព្យាបាល​កូវី​ដ​១៩​ឬ កំពុង​ត្រូវ​ដាក់​នៅ​ដោយឡែក​នៅ​តាម​ផ្ទះ​មិន​ត្រូវបាន​អនុញ្ញាត​អោយ​​បោះឆ្នោត​ទេ​។​

​វិបត្តិ​សុខភាព​និង​ការព្រួយបារម្ភ​អំពី​ការដើរថយក្រោយ​នៃ​សេដ្ឋកិច្ច​ជា​លាភ​ធំ​មួយ​សំរាប់​គណបក្ស «​អំពើ​របស់​ប្រជាជន​»​របស់​លោក​លី ដោយ​ប្រជាជន​ទំនង​ជា​ជ្រើស​យក​ស្ថិរភាព​។​គណបក្សកាន់អំណាច​​ប្រឈម​នឹង​គណបក្ស​តូចៗ​ចំនួន​១០​ដែល​ប្រជែង​យក​អាសនៈ​សភា​៩៣​។​ក្រុម​ប្រឆាំង​បាន​និយាយថា ខ្លួន​មិន​ចង់​គ្រប់គ្រង​ប្រទេស​ទេ តែ​អំពាវនាវ​ដល់​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​២,៦៥​លាន​នាក់​អោយ​បន្ថយ​​សម្លេង​ភាគច្រើន​លើសលប់​របស់​គណបក្ស «​អំពើ​របស់​ប្រជាជន​»​នៅក្នុង​សភា​។​

​សូមបញ្ជាក់​ថា គណបក្ស «​អំពើ​របស់​ប្រជាជន​»​គ្រប់គ្រង​នយោបាយ​របស់​សិង្ហ​បុរី​ចាប់តាំងពី​ឆ្នាំ​១៩៥៩ នៅពេល​បិតា​របស់​លោក​លី គឺ​លោក​លី ក្វាន់​យូ បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ដំបូង​និង​ស្ថាបនា​រដ្ឋ​​ក្រខ្សត់​ធនធានធម្មជាតិ​មួយ​នេះ​អោយ​ក្លាយជា​ប្រជាជាតិ​មាន​បំផុត​មួយ​នៅក្នុង​លោក​ក្នុងអំឡុងពេល​លោក​កាន់​តំណែង​៣១​ឆ្នាំ​។​

​នៅ​ឆ្នាំ​២០១៥ គណបក្ស​នេះ​បានទទួល​សម្លេង​គាំទ្រ​៦៩,៩​ភាគរយ​ក្នុងចំណោម​សន្លឹកឆ្នោត​សរុប និង​កាន់កាប់​កៅអី​សភា​៩៣​ភាគរយ​។​តែ​វា​ក៏​ត្រូវ​បាន​រិះគន់​ចំពោះ​ការគ្រប់គ្រង​រដ្ឋ​តឹងរឹង ត្រួតពិនិត្យ​​សារព័ត៌មាន​និង​ប្រើ​ច្បាប់​គាពសង្កត់​រួមទាំង​បណ្តឹងស៊ីវិល​ប្រឆាំងនឹង​ជន​ប្រឆាំង​។​

​លី​ក៏​ប្រឈម​នឹង​ការប្រឆាំង​ពី​ប្អូនប្រុស​ដែល​មាន​ជម្លោះ​នឹង​គ្នា គឺ​លោក​លី សៀន យ៉ាង ដែល​ចោទប្រកាន់​ថា​គណបក្ស «​អំពើ​របស់​ប្រជាជន​»​បាន​ក្លាយ​ជា​គណបក្ស​វរជន​សម្រាំង​មួយ​។​លោក​លី សៀន យ៉ាង បាន​ចូលរួម​ជាមួយ​បក្សប្រឆាំង​កាលពី​ខែ​មុន តែ​មិន​ឈរឈ្មោះ​ក្នុង​ការបោះឆ្នោត​លើក​នេះ​ទេ​៕​ប្រែ​សម្រួល​៖​វាសនា​

អ្នកបោះឆ្នោត​ពាក់​ម៉ាស់​មុខ​និង​រក្សា​គម្លាត​សង្គម​នៅ​ពេល​ពួកគេ​រង់ចាំ​ចូល​បោះឆ្នោត​នៅ​ស្ថានីយ​មួយ​កាលពី​ថ្ងៃ​សុក្រ​