ចៅហ្វាយក្រុង​សេ​អ៊ូ​ល​ត្រូវបាន​រកឃើញ​ស្លាប់​បន្ទាប់ពី​មាន​បណ្តឹង​រំលោភបំពាន​ផ្លូវភេទ​

351
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា អភិបាលក្រុង​សេ​អ៊ូ​ល លោក​ប៉ាក់ វ៉ុន​ស៊ូន​( Park Won-soon) ដែលជា​អ្នក​រិះគន់​ខ្លាំងៗ និង​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​បេក្ខជន​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដ៏​សំខាន់​នេះ ​ត្រូវបាន​រកឃើញ​ស្លាប់​កាលពី​ថ្ងៃ​សុក្រ​ទី​១០​កក្កដា​។ លោក មាន​អាយុ ៦៤ ឆ្នាំ​។​

​កូនស្រី​របស់​លោក​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្តឹង​ប៉ូលិស​អំពី​ការ​បាត់​ខ្លួន​ឪពុក​ខ្លួន​បន្ទាប់ពី​លោក​ហាក់​និយាយ​អ្វី​ដែល​ទំនងជា​បណ្តាំ​ចុង​ក្រោយ​ទៅកាន់​នាង​។​

​ការ​បាត់​ខ្លួន​លោក​ កើត​ឡើង​ក្រោយ​ពី​អតីត​បុគ្គលិក​ក្រុង​សេ​អ៊ូ​ល​ម្នាក់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ូលិស​ពី​បទ​បទ​បៀតបៀន​ផ្លូវភេទ ប្រឆាំង​លោក​ប៉ាក់ វ៉ុន​ស៊ូន កាលពី​ថ្ងៃ​ពុធ​។​

​ប៉ូលិស​បាន​និយាយថា​ សាកសព​របស់​លោក​ប៉ាក់ វ៉ុន​ស៊ូន ត្រូវបាន​រកឃើញ​នៅលើ​ភ្នំ​មួយ​នៅ​ទី​ក្រុង​សេ​អ៊ូ​ល ភាគ​ខាងជើង​បន្ទាប់​ពី​មាន​ការស្វែងរក​របស់​មន្ត្រី​រាប់រយ​នាក់​។​

​ប៉ូលិស​បាន​និយាយថា ​មិនមាន​កំណត់​ហេតុ​ធ្វើ​អត្តឃាត​ត្រូវបាន​រកឃើញ​នៅ​កន្លែងកើតហេតុ​នោះ​ទេ ​ប៉ុន្តែ​ទីភ្នាក់ងារសារព័ត៌មាន​Yonhap បាន​រាយការណ៍​ថា​លោក​ត្រូវបាន​គេ​ជឿ​ថា​បាន​សម្លាប់​ខ្លួនឯង​។​

​ប្រសិនបើ លោក​ប៉ាក់ វ៉ុន​ស៊ូន ​ពិតជា​បាន​សម្លាប់​ខ្លួន​មែន​នោះ លោក​នឹង​ក្លាយជា​អ្នកនយោបាយ​កូរ៉េខាងត្បូង​ដ៏​ល្បី​ម្នាក់​ដែល​បាន​ធ្វើ​ដូច្នេះ​(​សម្លាប់ខ្លួន​)​ចាប់តាំងពី​អតីត​ប្រធានាធិបតី លោក​រ៉ូ មូ​យុន ​​បាន​លោត​ទម្លាក់​ខ្លួន​ពី​ច្រាំង​ថ្ម​ចោទ​មួយ កាលពី​ឆ្នាំ ២០០៩ បន្ទាប់ពី​ត្រូវ​បាន​សាកសួរ​ជុំវិញ​ការចោទប្រកាន់​អំពី​អំពើពុករលួយ​មួយ​។​

​ប៉ូលិស​បាន​និយាយថា កូនស្រី​របស់​លោក ប៉ាក់ វ៉ុន​ស៊ូន​ បាន​រាយការណ៍​ថា​លោក​បាន​បាត់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ដោយ​និយាយថា ​ឪពុក​របស់​នាង​មិនអាច​ទាក់ទង​បាន​អស់​រយៈពេល​ជាច្រើន​ម៉ោង​។​

​នាង​បាន​និយាយប្រាប់​ប៉ូលិស​ថា លោក​បាន​ទុក​សារ​មួយ​ដែល​ទំនងជា​”​ពាក្យ​ចុងក្រោយ​” ហើយ​ទូរស័ព្ទ​របស់​លោក​បាន​បិទ​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

លោក ប៉ាក់ វ៉ុន​ស៊ូន​ ដឹកនាំ​ក្រុង​សេ​អ៊ូល​អស់​រយៈពេល​ជិត​១០​ឆ្នាំ​និង​មានកេរ្តិ៍ឈ្មោះ​ដែល​ត្រូវ​គេ​គិត​ថា​អាច​ជា​បេក្ខជន​ប្រធានាធិបតី​