រូបមន្ត​ប្តូរ​កីឡាករ​បម្រុង​៥​រូប​អាច​នឹង​បន្ត​ប្រើប្រាស់​ដល់​រដូវ​កាល​ក្រោយ​

103
ចែករម្លែក

​រូបមន្ត​បណ្តោះអាសន្ន​ដែល​ត្រូវបាន​គេ​ដាក់​ឲ្យ​ប្រើ​នៅក្រោម​គម្រោង​ចាប់ផ្តើម​ការប្រកួត ឡើងវិញ ដោយ​អនុញ្ញាត​ឲ្យ​ក្រុម​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​អាច​ប្តូរ​កីឡាករ​បម្រុង​រហូតដល់ ៥​រូបនេះ​ក្នុង​មួយ​ប្រកួត​នោះ គឺ​គ្រោង​នឹង​ត្រូវគេ​ប្រើប្រាស់​ពេញ​មួយ​រដូវ​កាល​ក្រោយ​ផងដែរ​។​
​ ​
​ប៉ុន្តែ​មាន​ការមិនសប្បាយចិត្ត​នៅក្នុង​ចំណោម​ក្លឹប​មួយចំនួន​ចំពោះ​រូបមន្ត​នេះ​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​បំណង​ជួយ​កាត់បន្ថយ​បញ្ហា​កីឡាករ​របួស ស្របពេល​កម្មវិធី​ប្រកួត​ដ៏​មមាញឹក ដើម្បី​បញ្ចប់​រដូវ​កាល​នេះ​ត្រឹម​ថ្ងៃទី​២៥​ខែកក្កដា​នោះ គឺ​បានត្រឹមតែ​ផ្តល់​ប្រយោជន៍​ដល់​ក្លឹប អ្នកមាន​ដែលមាន​ក្រុម​សម្បូរ​ដោយ​កីឡាករ​ឆ្នើមៗ​និង​មាន​ចំនួន​ច្រើន​នោះ​។​

​ប៉ុន្តែ​អ្នកបង្កើត​ច្បាប់​បាល់ទាត់​គឺ​ក្រុមប្រឹក្សា​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​នឹង​ប្រកាស​នៅ​ប៉ុន្មាន​ថ្ងៃ ខាងមុខ​ថា រូបមន្ត​នេះ​នឹងត្រូវ​យកមកប្រើ​សម្រាប់​រដូវ​កាល​ប្រកួត​ឆ្នាំ​២០២០-២១​ផងដែរ​។​
​ ​
​រដូវ​កាល​ថ្មី​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១២​ខែកញ្ញា ត្រឹមតែ​៧​សប្តាហ៍ បន្ទាប់ពី​បញ្ចប់​យុទ្ធនាការ​បច្ចុប្បន្ន ដូច្នេះ​គ្មាន​ពេល​សម្រាប់​ការប្រកួត​កម្តៅ​សាច់ដុំ​មុន រដូវ​កាល​ទេ​។​
​ ​
​ក្លឹប​ជាច្រើន​ដែល​នៅសល់​ការប្រកួត​នៅ​ក្របខ័ណ្ឌ European ប្រឈម​នឹង​ភាពច្របូកច្របល់ ដោយសារតែ​កម្មវិធី​ប្រកួត​ដ៏​មមាញឹក​សម្រាប់​ចុងខែ​សីហា​។​
​ ​
​ក្របខណ្ឌ​នីមួយៗ​ត្រូវបាន​ផ្តល់​ជម្រើស​ថា​តើ​ត្រូវ​ប្រើប្រាស់​រូបមន្ត​បណ្តោះអាសន្ន​នេះ​ឬ​យ៉ាងណា​? ចំណែក​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​កបាន​គាំទ្រ​ការធ្វើ​បែបនេះ ស្របពេល​មានការ​ជំទាស់​ពី​ក្លិប Aston Villa Bournemouth Sheffield United និង West Ham ។​
​ ​
​កំហឹង​នោះ​គឺថា រូបមន្ត​នេះ​មាន​ភាពលំអៀង​លើ​ក្លិប​ដែលមាន​មធ្យោបាយ​ស្រាប់​។ ក្លិប Liverpool Manchester United និង​ក្លិប Brighton គឺជា​ក្លិប​ដែល​បាន​ប្រើប្រាស់​កីឡាករ​បម្រុង ៥​នាក់​ក្នុង​មួយ​ប្រកួត​ចាប់តាំងពី​សកម្មភាព​ប្រកួត​បន្ត​ឡើងវិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​