បញ្ជូន​សារ​ពីរ​លក​ទី​២ នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ សម្រាប់​ការ យល់ដឹង​ទាំងអស់គ្នា​

175
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្រោយពី​បាន​ពិភាក្សា និង​បាន​ពិនិត្យ​លើ​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុ​ជានា​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​យកចិត្តទុកដាក់​ការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ដើម្បី​សុខភាព​ផ្ទាល់ខ្លួន ក្រុមគ្រួសារ​របស់ខ្លួន មិនមាន​ការចម្លង​នៅក្នុង​សហគមន៍ និង​សូម​ពន្យល់​ជូន​សាធារណជន​ទាំងអស់​នូវ​ចំណុច​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​កម្ពុជា មាន​ដូចតទៅ​៖


១. ស្ថានភាព​ទូទៅ​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​៖
• តាម​ទស្សនៈ​សុខភាព​សាធារណៈ​“​រលក​ទីមួយ​” សំដៅ​ទៅលើ​ខ្សែកោង​នៃ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង ដែល​ករណី​កើនឡើង​ដោយសារតែ​មានការ​ចម្លង​ជំងឺ​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍ ហើយ​បន្ទាប់មក​ក៏​ធ្លាក់ចុះ​រហូតដល់​ជិត​ដល់​សូន្យ ដោយសារតែ​ការអនុវត្ត​វិធានការ​សុខភាព​សាធារណៈ​។​


• នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​បាន​ទាន់ពេលវេលា រួមជាមួយ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​រៀបចំ និង​ការឆ្លើយតប​រហ័ស​រប​ស់​យើងទាំងអស់គ្នា ព្រមទាំង​មានការ​ចូលរួម​ប្រតិបត្តិ​នូវ​វិធាន​ការដែល​បានដាក់​ចេញ ប្រទេស​កម្ពុជា​ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល ហើយ​យើង​មិនមាន​ការចម្លង​វីរុស​កូ​វីដ​-១៩ ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍​នោះទេ​មកដល់ពេលនេះ​។​


• ប្រទេស​កម្ពុជា មិនមាន​ការកើនឡើង​ជា​ស្វ័យ​គុណ​នូវ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែល​បង្កបានជា​រលក ដូចដែល​កើតមានឡើង​នៅក្នុង​ប្រទេស​ដទៃទៀត​នៅលើ​សាកលលោក​។ ផ្ទុយទៅវិញ យើង​កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​ដំបូង​ដោយមាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ដែលភាគច្រើន​នៃ​ករណី​ទាំងនោះជា​ករណី​នាំចូល​។​

២. ជំងឺ​កូ​វីដ​-១៩ គឺជា​ភ្លើង​ដ៏​សាហាវ​មួយ​ហើយ​យើង​ត្រូវតែ​បង្ការ​ការ​រាលដាល​
• បច្ចុប្បន្ន​នៅ​ទូទាំង​សលក​លោក មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ឡើងដល់​ជាង​១១​លាន​ករណី និង​អ្នកស្លាប់​កើនឡើង​ដល់​ជាង​កន្លះ​លាន​នាក់​ហើយ ដែល​ត្រូវបាន​រាយការណ៍​ទៅ​អង្គការ​សុខភាព​ពិភពលោក​គិត​ត្រឹម​ថ្ងៃនេះ​។ វីរុស​នេះ កំពុង​រាលដាល​ដូច​ភ្លើង​ឆេះ​ព្រៃ​នៅ​ជុំវិញ​ពិភពលោក ដូច្នេះ ប្រទេស​កម្ពុជា នៅតែ​ប្រឈម​នឹង​ហានិភ័យ ដរាបណា​វីរុស​នេះ​នៅ​កំពុងតែ​រាលដាល​ពាសពេញ​ពិភពលោក​។​


• យើង​ត្រូវ​គិត​អំពី​ករណី​និ​មួយៗ​ដូចជា​ផ្កាភ្លើង – ផ្កាភ្លើង​ដែល​អាច​ចាប់ផ្តើម​ឆេះ ឬ​យើង​អាច​ពន្លត់​វា​បាន​មុនពេល​ដែល​វា​មានឱកាស​រីក​រាលដាល​។​


• នេះ​ជា​មូល​ហេតុដែល​ការធ្វើ​តេស្ត​យ៉ាង​តឹងរឹង​ដែល​កំពុង​ត្រូវបាន​ធ្វើឡើង​នៅតាម​ព្រំដែន នៅពេលដែល​ប្រជាជន​ធ្វើដំណើរ​ចូលមកក្នុង​ប្រទេស​។ វិធានការណ៍​ត្រួតពិនិត្យ​នៅតាម​ព្រំដែន​និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ គឺជា​កិច្ចការ​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការកើនឡើង​នូវ​ចំនួន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​។​


• យើងទាំងអស់គ្នា​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយនៅ​ក្នុងចំណោម​ប្រជាជន​ដែល​ងាយ​នឹង​ឆ្លង​វីរុស​នេះ បែប​ដូចជា​ផ្កាភ្លើង​តែមួយ​ប៉ុណ្ណោះ វា​អាចធ្វើឱ្យ​ឆាបឆេះ​បាន និង​រាលដាល​ទៀតផង​។​


• ប៉ុន្តែ​ប្រសិនបើ​យើងទាំងអស់គ្នា​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចៀសវាង​ការជួបជុំ​កកកុញ ចៀសវាង​ការ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ និង​លំហ​ចង្អៀត ដែល​យើង​ត្រូវតែ​កាត់បន្ថយ​នូវ​ហានិភ័យ ក្នុងការ​ចម្លងជំងឺ​ពី​មនុស្ស​ម្នាក់​ទៅ​អ្នកដទៃ​ផ្សេងទៀត​។ ប្រសិនបើ​យើង​លាងដៃ​ឱ្យបាន​ទៀងទាត់ ហើយ​យើង​ពាក់​ម៉ាស់​នៅពេល​ចាំបាច់ ព្រមទាំង​រក្សាបាន​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល គឺ យើង​អាច​ការពារ​ការចម្លង និង​កាត់បន្ថយ​នូវ​ឱកាស​នៃ​ការរីក​រាលដាល ក្នុងករណី​មាន​ផ្កាភ្លើង​កើតឡើង​។​
៣. យើងទាំងអស់គ្នា​ត្រូវធ្វើ​ការ​ដោយមាន​សាមគ្គីភាព​


• ប្រទេស​កម្ពុជា​មិនអាច​កាត់ផ្តាច់​ខ្លួនឯង​ទាំងស្រុង​ពី​ពិភពលោក​បានទេ ហើយ​រិត​តែមាន​សារសំខាន់​ណាស់ ដែល​សេដ្ឋកិច្ចកម្ពុជា ត្រូវតែ​គិតគូរ​រក្សា​ឲ្យ​នៅ​រឹងមាំ​។​


• នៅពេលនេះ ជំងឺ​កូ​វីដ​-១៩ គឺជា​ការ​រំលឹក​មួយ​ថា សុខ​ភាពជា​សមូហភាព​របស់​យើង គឺ​ផ្អែកលើ​សកម្មភាព​រប​ស់បុ​គ្គល​ម្នាក់ៗ​។​


• យើង​ដឹងថា ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​នេះ​មាន​ទំហំ​ធំ​ណាស់​សម្រាប់​គ្រួសារ សង្គមជាតិ និង​សេដ្ឋកិច្ច ហើយ​ប្រជាជន​មានការ​ថប់​បារម្ភ និង​មាន​អារម្មណ៍​អស់កម្លាំង​។ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​នេះ ភាព​ពេញចិត្ត​ឬ​តម្រូវ​ចិត្ត​បុគ្គល​ឲ្យ​បាន​គ្រប់ៗ​គ្នា​នោះ ជាការ​លំបាក​ណាស់ ដរាបណា​វីរុស​នេះ នៅតែ​បន្ត​រីក​រាលដាល​នៅ​កន្លែង​ណាមួយ ដែល​គ្មាន​ប្រទេស​ណាមួយ និង​គ្មាន​នរណាម្នាក់​មាន​សុវត្ថិភាព​នោះឡើយ ប្រសិនបើ​យើង​មិន​រួមគ្នា​អនុវត្តវិធានការ​ការពារ​។​


• បន្ថែម​លើ​វិធានការ​ទាំងឡាយ​របស់ ​រាជរដ្ឋាភិបាល បុគ្គល​ម្នាក់ៗ សហគមន៍ និង​ធុរកិច្ច​ទាំងអស់​ត្រូវ​បន្តធ្វើ​ការជ្រើសរើស​ជម្រើស​ដែលមាន​សុខភាព​ល្អ និង​ចាត់វិធានការ​ការពារ – រួមមាន​ការអនុវត្ត​ន៍អនាម័យ​ដៃ និង​អនាម័យ​ផ្លូវដង្ហើម​ស្អាត​ល្អ ស្ថិតនៅ​យ៉ាងតិច ១​ម៉ែត្រ​កន្លះ​ពី​អ្នកដទៃ និង​ស្នាក់​នៅផ្ទះ​ប្រសិនបើ​មាន​រោគសញ្ញា​សង្ស័យ​ជា​ចាំបាច់​។​


• យើងទាំងអស់គ្នា​ត្រូវ​ចូលរួមចំណែក​ទាំងអស់​គ្នា ដើម្បី​ធានា​ឱ្យបាន​ថា​ករណី​និ​មួយៗ​មិន​ក្លាយជា​អណ្តាតភ្លើង​ ហើយ​មិន​វិ​វឌ្ឍន៍ទៅជា​ភ្លើង​នាពេល​បន្ទាប់​។ ប្រសិនបើ​យើង​ធ្វើ​សកម្មភាព​ដោយមាន​សាមគ្គីភាព យើង​អាច​ការពារ​ប្រទេស​កម្ពុជាពី​ការ​ចម្លងជំងឺ​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍ ដូចដែល​យើង​ធ្លាប់​បានឃើញ​នៅក្នុង​បណ្តា​ប្រទេស​មួយចំនួន​នៅលើ​សាកល​លោ​ក។


• រួមគ្នា​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ គឺជា​កាតព្វកិច្ច​របស់​បុគ្គល​គ្រប់រូប ដើម្បី​សហគមន៍​គ្មាន​ការ​រាតត្បាត​ជំងឺ​ដ៏​កាច​សាហាវ​នេះ​៕​សរន/Ha