ចុះទៅ​មើល​ការអនុវត្ត​គំរោង​មួយ​ក្នុង​ដែនជម្រកសត្វព្រៃ​គូ​លេន​-​ព្រហ្ម​ទេព លើ​ការពង្រឹង​សេវាកម្ម​ទេសចរណ៍​

113
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២០ បាន​ចុះ​ពិនិត្យមើល​គម្រោង​វិនិយោគ​អភិរក្ស​ធនធានធម្មជាតិ នៅ​តំបន់​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព​។

​បើ​យោងតាម​គេហទំព័រ​ក្រសួង​បាន​ផ្សាយ​កាលពី​ថ្ងៃទី​៩​កក្កដា បាន​ឲ្យ​ដឹងថា ការចុះ​នេះ​គឺ​ដើម្បី​ពិនិត្យមើល​គម្រោង​វិនិយោគ​អភិរក្ស​ធនធានធម្មជាតិ របស់​ក្រុមហ៊ុន​CAM-AG IMPORT EXPORT CO.,LTD នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្នុងភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ទៅ​មើល​នេះ​ចង់​ផ្តោតជាសំខាន់ លើ​បច្ចុប្បន្នភាព​នៃ​សេវាកម្ម​ទេសចរណ៍ធម្មជាតិ​នៅក្នុង​តំបន់ និង​កិច្ចសហការ​លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ​ដី​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព​។

​ក្នុងឱកាស​នោះ លោក សៅ សុភាព បាន​លើកទឹកចិត្ត​ឱ្យ​គម្រោង​បន្ត​ពង្រឹង​ការចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ នៅក្នុង​តំបន់​អភិរក្ស​របស់​គម្រោង ដើម្បី​ពង្រឹង​សេវាកម្ម​ទេសចរណ៍ធម្មជាតិ និង​ការ​អភិរ​ឌ្ឍ​ន៍​ដោយ​ចីរភាព​។ ជាមួយគ្នានេះ​លោក​ក៏បាន​ណែនាំ​ផងដែរ​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ពង្រឹងស្មារតី និង​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ក្មុង​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព​។​
​គួរ​បញ្ជាក់ថា ដែនជម្រកសត្វព្រៃ គូលែន​-​ព្រហ្ម​ទេព​គ្របដណ្តប់​លើ​ផ្ទៃដី ៤០២.៥០០ ហិកតា ស្ថិតក្នុង​ខេត្តព្រះវិហារ ឧ​ត្ត​រ​មានជ័យ​និង​សៀមរាប​៕ ល​