បើ​សាលារៀន​បើក​ឡើងវិញ គឺ​វិធានការ​សុខាភិបាល គួរប្រកាន់​ខ្ជាប់ បូករួម​នឹង​អនាម័យ​!

256
ចែករម្លែក

កាលពីដើម​សប្តាហ៍​នេះ ក្រសួង​អប់រំ បានប្រកាស​ពី​ការអនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ រៀបចំ​ការប្រឡង​បញ្ចប់​ឆ្នាំ​សិក្សា​ឆ្នាំ​ចាស់ នៅតាម​សាលារៀន ក្រោយពី​សាលារៀន​ទាំងអស់ នៅ​កម្ពុជា​យើង បាន​បិទទ្វារ ដោយសារ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ចាប់តាំងពី ខែមីនា ឆ្នាំ​២០២០​។​

​ការសម្រេច​ឲ្យ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​របស់​រដ្ឋ រៀបចំ​ការប្រឡង រយៈពេល​ពីរ​ថ្ងៃនេះ ដោយសារ តែ​តាម​សាលារៀន​រដ្ឋ នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា មិនមាន​លទ្ធភាព​រៀប​ចំការ​ប្រឡង​តាម​អន​ឡាញ ដូច​សាលារៀន​ឯកជន​។​

​ទន្ទឹមនឹងនេះ ក្រសួង​អប់រំ ក៏បាន​ប្រកាស​ពី​ការសម្រេច​ឲ្យ​ចូលរៀន​នៅតាម​សាលារៀន ឡើងវិញ ដោយ​ចែកជា​បី​ដំណាក់កាល​។ សេចក្តីប្រកាស​ជាក់លាក់ នឹង​ធ្វើឡើង​នៅក្នុង សប្តាហ៍​នេះ​។​

​ជាមួយគ្នា​នោះ រាជរដ្ឋាភិបាល ក៏បាន​បន្ធូរបន្ថយ​ការ​តឹង​បន្តឹង ដោយ​អនុញ្ញាត​ឲ្យ​ដំណើរការ ឡើងវិញ​នូវ​កាស៊ីណូ ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ (KTV) តែ​ក៏ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ សុខាភិបាល ដើម្បី​ការពារ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។ ចំពោះ​ក្លិប​កម្សាន្ត និង KTV ត្រូវ​ប្តូរ​ឈ្មោះ​មកជា​ភោជនីយដ្ឋាន ទើប​អាច​ដំណើរការ​ឡើងវិញ​ដោយ​ប្រកាន់ខ្ជាប់​នូវ​វិធាន ការ​សុខាភិបាល អនាម័យ រក្សា​គម្លាត​សង្គម និង​គម្លាត​បុគ្គល ជាដើម ដើម្បី​បង្ការ​នូវ​ការឆ្លង រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​កន្លែង​ទាំងនោះ​។​

​ជា​ការពិត​ចាប់តាំងពី​ការរីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​យើង កាលពី​ខែមីនា ឆ្នាំ​២០២០ គឺ​សាលារៀន កាស៊ីណូ ក្លិប​កម្សាន្ត KTV និង​សារមន្ទីរ ជាដើម បាន​បិទទ្វារ​ជា បណ្តោះអាសន្ន​។ វិធានការ​នេះ ត្រូវបាន​ធ្វើឡើង​រហូត​ដល់​បិទ​ព្រំដែន និង​រឹតបន្តឹង​ការធ្វើ ដំណើរ​តាម​យន្តហោះ ដើម្បី​ការពារ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩​។​

​ប៉ុន្តែ​អំឡុងពេល​សាលារៀន កាស៊ីណូ ក្លិប​កម្សាន្ត KTV និង​សារមន្ទីរ រោងភាពយន្ត បិទ​ជា បណ្តោះអាសន្ន ចាប់តាំងពី​ខែមីនា​នោះ គឺ​រោងចក្រ​កាត់ដេរ ក្រុមហ៊ុន​នានា និង​ផ្សារ ជាដើម មិនត្រូវ​បាន​បិទ​ឡើយ​។ ពោលគឺ ការមិនបិទ​រោងចក្រ ការដឹក​កម្មករ​ចង្អៀត​គ្នា តាម​ឡាន ការមិនបិទ​ផ្សារ និង​ទីកន្លែង​ប្រជុំជន​ផ្សេងៗ ប៉ុន្តែ​បិទ​សាលារៀន ក្លិប​កម្សាន្ត ហាង​ម៉ាស្សា ខារ៉ាអូខេ ជាដើម អាច​ស្រដៀង​គ្នា​នឹង​ការលាង​សំអាត​ដៃ​តែមួយ​ខាង​។ ប្រសិនបើ​មាន​មេរោគ វា​នឹង​ឆ្លង​ដូច​តែ​គ្នា​។​

​ក្នុងពេល​កន្លងមក និង​មកដល់ពេលនេះ កម្មករ​រោងចក្រ​កាត់ដេរ បន្ត​ជិះ​រថយន្ត​ប្រជ្រៀត​គ្នា ពី​ភូមិ​មួយ ទៅ​ភូមិ​មួយ តាម​បណ្តា​ខេត្ត ដែល​ក្នុង​មួយ​ឡាន អាចមាន​ដល់ ៥០​នាក់ ហើយ​ចូល ទៅធ្វើ​ការ នៅក្នុង​រោងចក្រ ដែលមាន​មនុស្ស​រាប់ពាន់នាក់ មកពី​តាម​បណ្តា​ភូមិ​នានា​។​

​ដូច្នេះ​អំឡុងពេល​ចាប់ពី​ខែមីនា​មក ប្រសិនបើ​មាន​មេរោគ​កូ​វិត នៅក្នុង​សហគមន៍ តាម​ភូមិ តាម​រោងចក្រ តាម​ផ្សារ គឺ​ហានិភ័យ​ចម្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ ឬ​ពី​គ្រួសារ​មួយ ទៅ​គ្រួសារ​មួយ ពី​ឃុំ​មួយ ទៅ​ឃុំ​មួយ ពី​ស្រុក​មួយ ទៅ​ស្រុក​មួយ ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ គឺ​ពិត​ជាមាន​ខ្ពស់ ដោយសារតែ​ការធ្វើដំណើរ​របស់​កម្ម​ករ និង​អ្នក​ចរាចរ​នៅ​ទូទាំងប្រទេស​។ ប៉ុន្តែ កន្លងមក រហូតដល់​ពេលនេះ គឺ​រាជរដ្ឋាភិបាល បាន​គ្រប់គ្រង​បាន​នូវ​ជំងឺ​កូ​វីដ​១៩​។​
​ ​
​និយាយ​ពី​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​កូ​វីដ​១៩ នៅតាម​សាលារៀន នោះ​ក៏​អាច​កើតមាន ព្រោះ​គេ​នៅចាំ​បាន​ថា កាលពី​ខែមីនា​នោះ គឺមាន​គ្រូបង្រៀន​បរទេស​ម្នា​ក់នៅ​សាលា ឯកជន​មួយ នៅ​កោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ក្រោយពី​វិលត្រឡប់​មក ពី​ប្រទេស​ថៃ​។ ក៏ប៉ុន្តែ​ក្រោយពី​រកឃើញ​គ្រូ​បរទេស​នោះ ឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​វិធានការ​សុខា ភិ​បាល ត្រូវបាន​អនុវត្ត ហើយក៏​មិនមាន​គ្រូ ឬ​សិស្ស​ណា​ម្នាក់ ឆ្លង​ជំងឺ​នេះឡើយ​។​
​ ​
​អ្នកជំនាញ លើកឡើងថា ក្នុងពេល​សាលារៀន​បិទទ្វារ​នេះ ការបង់​ខាត​ដោយ​សង្គម​ក្នុង ពេលបច្ចុប្បន្ន និង​អនាគត ដោយសារ​ការបិទ​សាលា​យូរ ទំនង​ជាមាន​ទំហំ​ធំ​ដែល​ពិបាក វាស់​បាន​។ សិស្សានុសិស្ស​រាប់លាន​នាក់ អាច​ត្រូវបាន​ប្តូរ​ឥរិយាបថ ទៅជា​មិនល្អ​ដោយសារ ទម្លាប់​លេង​ហ្គេម​ជ្រុល សម្រាប់​អ្នកមាន​កុំព្យូទ័រ ឬ​ស្មា​ត​ហ្វូ​ន និង​ទម្លាប់​ដើរលេង​ជ្រុល សម្រាប់​អ្នក​គ្មាន​ឧបករណ៍​ទាំងនេះ ជាពិសេស​អ្នកក្រ​។

​នៅ​សាលារៀន​បឋមសិក្សា តាម​ជនបទ​ភាគច្រើន មាន​សិស្ស​មកពី​ឃុំ​តែមួយ​ប៉ុណ្ណោះ​។ សាលារៀន​មធ្យមសិក្សា អាចមាន​សិស្ស មកពី​ស្រុក​តែមួយ​ប៉ុណ្ណោះ ដែល​អាច​ត្រូវបាន គ្រប់គ្រង ប្រសិន​ដឹងថា មាន​ឆ្លង​មេរោគ​កូ​វីដ​១៩​។ ក្រៅពីនេះ សាលារៀន​ក៏​អា​ចរក​វិធី​គ្រប់គ្រង ហានិភ័យ ដូចជា តាមរយ​:​ការបើក​ឱ្យ​រៀន នៅ​ថ្ងៃ​ឆ្លាស់គ្នា ដើម្បី​បន្ថយ​ចំនួន​សិស្ស​នៅក្នុង​ថ្ងៃ តែមួយ រួមទាំង​ការ​ស្ទង់កំដៅ និង​ការ​មាន​អាល់កុល លាងដៃ ជាដើម​។​

​ក្នុង​ថ្នាក់រៀន ដែល​ធ្លាប់​តែមាន​សិស្ស ៣០​នាក់ នៅពេល​ចូលរៀន​ឡើងវិញ​គេ​អាច​រៀបចំ​សិស្ស ត្រឹមតែ ១៥​នាក់ ក្នុង​មួយ​ថ្នាក់ ហើយ​អង្គុយ​ឃ្លាត​ពីគ្នា ដូច​ការរៀបចំ​គម្លាត​កៅអី​នៅតាម ធនាគារ នាពេល​កូ​វីដ​នេះ ជា​ឧទាហរណ៍​។​

​ទន្ទឹមនឹងនោះ នៅពេល​សាលារៀន​បើកទ្វារ​ឡើងវិញ ប្រសិនបើ​រកឃើញថា សាលា រៀន ជា​កន្លែង​ចម្លង​មេរោគ​កូ​វិត​ពិតប្រាកដ​មែន​នោះ រាជរដ្ឋាភិបាល នឹង​បិទ​សាលា​ឡើងវិញ​។ វា​ទំនងជា​មិន​បង្ក​អន្តរាយ​នោះទេ ដោយហេតុថា នៅ​ប្រទេស​កម្ពុជា អត្រា​ជាសះស្បើយ ពី​ជំងឺ​កូ​វិត មាន​ដល់​ទៅ ១០០%​។

​ពោលគឺ​ជំងឺ​កូ​វីដ​១៩ ដែល​រកឃើញ​ឆ្លង​ដំបូង នៅ​កម្ពុជា​យើង កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ គឺ​សុទ្ធតែជា​ជំងឺឆ្លង ដែល​នាំចូល​ពី​ក្រៅប្រទេស​។ ក្នុងនោះ​ជា​បន្តបន្ទាប់​វិធានការ របស់​រាជរដ្ឋាភិបាល ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​បាន​ធ្វើឡើង​ដោយមាន​ប្រសិទ្ធភាព ខ្ពស់បំផុត ព្រោះថា អ្នក​មកពី​ក្រៅប្រទេស ពេលមកដល់ ត្រូវ​ពិនិត្យ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ ទាំង​ខ្មែរ ទាំង​បរទេស ហើយ​បើ​រកឃើញ​នរណាម្នាក់ មាន​ផ្ទុកមេរោគ​កូ​វីដ​១៩ គឺ​អ្នកនោះ និង​អ្នករួមដំណើរ​ទាំងអស់ ត្រូវ​ព្យាបាល និង​ធ្វើ​ច​ត្តា​ឡី​ស័ក ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក តាមដាន​រយៈពេល ១៤​ថ្ងៃ​។ បើ​រក​មិនឃើញ​អ្នក​ផ្ទុក​វីរុស កូ​វីដ​១៩ ក៏​ដំណើរ​ទាំងអស់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ ដូចគ្នា​ដែរ​។​

​ជារួម អំឡុង​ពេលនេះ បើទោះបីជា​ពិភពលោក ហាក់ដូចជា មិនទាន់​ធូរស្បើយ​នឹង​ជំងឺ​កូ​វីដ​១៩ ក៏ប៉ុន្តែ​ឆ្លងតាម​វិធានការ​ជាក់ស្តែង​របស់​កម្ពុជា លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ និង ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង ដែល​បាន​ចូលរួម​ការពារ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​យើង​អាច​ដំណើរការ​សាលារៀន​ឡើងវិញ ដូច​កាស៊ីណូ ក្លិប​កម្សាន្ត KTV សារមន្ទីរ និង​រោង ភាពយន្ត តែ​ត្រូវ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល រួមទាំង​បង្កើន​អនាម័យ​របស់​សិស្សានុសិស្ស ដោយ​លាងដៃ​នឹង​សាប៊ូ អាល់កុល ឬ​ជេ​ល ព្រមទាំង​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​បុគ្គល ជាដើម​៕ ដោយៈ​ម៉េង​ឆៃ​