សម្តេច​តេ​ជោ ហ៊ុន សែន ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ត​ ​និង​ជា​ប្រធាន​រដ្ឋ​វៀតណាម​

252
ចែករម្លែក
សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក ង្វៀន ហ្វ៊ូ​ជុង អគ្គលេខាធិការ​នៃ​គណបក្ស​កុម្មុយនីស្ត និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​អំពី​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​កិច្ចការ​តំបន់ និង​ពិភពលោក​ដែលជា​ក្តីកង្វល់​រួម​

ដោយៈ​តារារិទ្ធ,មុនី​រ័ត្ន​/​ភ្នំពេញៈ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក ង្វៀន ហ្វ៊ូ​ជុង អគ្គលេខាធិការ​នៃ​គណបក្ស​កុម្មុយនីស្ត និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​ពិភាក្សានិង​ផ្លាស់ប្តូរ​យោបល់​អំពី​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​កិច្ចការ​តំបន់ និង​ពិភពលោក​ដែលជា​ក្តីកង្វល់​រួម​។​


​សេចក្តីប្រកាស​បាន​រំលេច​ថា​ លោក ង្វៀន ហ្វ៊ូ​ជុង បាន​សម្តែង​ការអបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​វាងវៃ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុងការទប់ស្កាត់ និង​គ្រប់គ្រង​ការរីក​រាលដាលជំងឺ​កូ​វីដ​១៩ ហើយ​កំពុង​បន្ត​ចាត់វិធានការ​យ៉ាងសកម្ម ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​ដែល​កំពុង​ជួប​ការលំបាក​ឲ្យ​បាន​ទាន់ពេលវេលា ក៏ដូចជាស្តារ​សេដ្ឋកិច្ចសង្គម​កម្ពុជា​ដែល​រង​ផល​​ប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​។​លោក​បាន​ជូន​ព័ត៌មាន​ថា ខេត្ត​តៃ​នី​ញ​ត្រៀម​ទទួល​និស្សិត​-​សិក្ខាកាមកម្ពុជា​ចំនួន​៥១២​នាក់ ចូលទៅ​បន្ត​ការសិក្សា​ក្នុងប្រទេស​វៀតណាម​វិញ ចាប់ពី​ពាក់កណ្តាល​ខែកក្កដា​នេះ​។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា


​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្តែង​ការអបអរសាទរ​ចំពោះ​វៀតណាម​ដែល​រៀបចំ​ដោយ​ជោគជ័យ​តាម​ប្រព័ន្ធ​វីដេអូ​នូវ​កិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី​៣៦ និង​បាន​កោតសរសើរ​រដ្ឋាភិបាល​វៀតណាម ក្រោម​ការដឹកនាំ​របស់​គណបក្ស​កុម្មុយនីស្ត​វៀតណាម ដែល​បាន​ចាត់វិធានការ​យ៉ាង​មាន​​ប្រសិទ្ធភាព ដើម្បី​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ ហើយ​ទន្ទឹមនេះក៏​នៅ​រក្សាបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាងគេ​
​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ សម្តេច​តេ​ជោ បាន​ឆ្លៀតឱកាស​នោះ អរគុណ​វៀតណាម​ដែល​បានផ្តល់​បរិក្ខារ​ពេទ្យ​ដល់​កម្ពុជា​ក្នុងការ​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ និង​បាន​ឯកភាព​សម្រួល​ឲ្យ​និស្សិត​-​សិក្ខាកាម​កម្ពុជា​ចូលទៅ​បន្ត​ការសិក្សា​នៅតាម​គ្រឹះស្ថានសិក្សា​ក្នុងប្រទេស​វៀតណាម​វិញ​។


​ថ្នាក់ដឹកនាំ​កំពូល​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​ក្នុង​ភាពជា​អ្នកជិតខាង​ល្អ​រវាង​កម្ពុជា​វៀតណាម ដែល​ត្រូវបាន​ពង្រឹង​និង​ពង្រីក​ឱ្យមាន​ការរីកចម្រើន​ជា​​ផ្លែផ្កា​លើ​គ្រប់​វិស័យ និង​ផ្តល់នូវ​ផលប្រយោជន៍​ជាក់ស្តែង​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

លោក ង្វៀន ហ្វ៊ូ​ជុង អគ្គលេខាធិការ​នៃ​គណបក្ស​កុម្មុយនីស្ត និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម


​សម្តេច​តេ​ជោ បានស្នើ​ឲ្យ​ប្រទេស​ទាំងពីរ​បង្កើន​ការផ្លាស់ប្តូរ​ព័ត៌មាន គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុងការ​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​ជំងឺ​រាតត្បាត​ផ្សេងទៀត ព្រមទាំង​បន្ត​សហការ​សម្រួលការដឹកជញ្ជូន​ទំនិញ និង​ការធ្វើដំណើរ​ឆ្លងដែន​ទៅមក​ឲ្យ​បាន​កាន់តែ​ងាយស្រួល ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ដល់​៧​ពាន់​លាន​ដុល្លារ​អាម៉េរិក​តាម​ផែនការ ក៏ដូចជា​ទំនាក់ទំនង​សេដ្ឋកិច្ច និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​។​
​ថ្នាក់ដឹកនាំ​កំពូល​ទាំងពីរ ក៏បាន​បញ្ជាក់​អះអាង​ជាថ្មី​ថា នឹង​បន្ត​សហការគ្នា​យ៉ាង​ស្អិតរ​មួ​ត ដើម្បី​​ពូន​ជ្រំ​ទំនាក់ទំនង​ក្នុង​ភាព​អ្នកជិតខាង​ល្អប្រសើរ មិត្ត​ភាពជា​ប្រពៃណី សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជានិង​វៀតណាម ឲ្យ​កាន់តែ​រឹងមាំ​ឡើង​ថែមទៀត ដោយ​ខិតខំ​អនុវត្ត​ឱ្យបាន​កាន់តែ​ល្អ​នូវ​បណ្តា​សេចក្តីថ្លែងការណ៍​រួម និង កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ និង​រៀបចំ​កិច្ចប្រជុំ​គណកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​លើក​ទី​១៨ កិច្ចប្រជុំ​ស្តីពី​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍ​ក្នុង​ខេត្ត​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម​លើក​ទី​១១ នៅពេល​វេលា​សមស្រប​។​


​ថ្នាក់ដឹកនាំ​កំពូល​ទាំងពីរ បាន​សម្តែង​នូវ​ការអបអរ​ដ៏​ខ្លាំងក្លា​ចំពោះ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទទួលស្គាល់​សមិទ្ធផល​នៃ​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេសទាំងពីរ ដែល​សម្រេចបាន ៨៤% ព្រមទាំង​ឯកភាព​ព​ន្លឿ​ន​ការដោះស្រាយ​បញ្ហា​ព្រំដែន​១៦% ដែល​នៅ​សេសសល់ ដើម្បី​កសាង​ព្រំដែន​កម្ពុជា​-​វៀតណាម ជា​ព្រំដែនសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។​
​ថ្នាក់ដឹកនាំ​កំពូល​ទាំងពីរ សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ដ៏​ជិតស្និទ្ធ​រវាង​កម្ពុជានិង​វៀតណាម​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ និង​ការបន្ត​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ក្របខ័ណ្ឌ​ពហុភាគី​ ដូចជា​មហា​អនុតំបន់​មេគង្គ អាស៊ាន កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប និង​អង្គការសហប្រជាជាតិ ៕​សរន​/Ha