រូបចម្លាក់​ជំទាវ​ទី​១ អាម៉េរិក ម៉េ​ឡា​នៀ ត្រាំ ត្រូវគេ​ដុត

308
ចែករម្លែក

​រូបចម្លាក់​ឈើ​នៃ​ជំទាវ​ទី​១ អាម៉េរិក ម៉េ​ឡា​នៀ ត្រាំ (Melania Trump) ត្រូវបាន​គេ​លួច​ដុត បំផ្លាញ​នៅ​ជិត​សេវ​នី​កា (Sevnica) ទីក្រុង​តូច​មួយ​ស្ថិតក្នុង​ប្រទេស​ស្លូ​វ៉េ​នី ដែលជា​ទឹកដី កំណើត​របស់​លោកស្រី​កាលពី​ថ្ងៃទី​៤ ខែកក្កដា ខណៈ​ពលរដ្ឋ​អាម៉េរិក​កំពុង​អបអរ​ទិវា​ឯករាជ្យ របស់​ប្រទេស​ខ្លួន នេះ​បើ​យោងតាម​វិចិត្រករ​ដែលជា​អ្នក​ឆ្លាក់​រូបចម្លាក់​នេះ​។​
​ ​
​លោក ប្រ៊ែ​ដ ដូ​វ​នី (Brad Downey) វិចិត្រករ​ជនជាតិ​អាម៉េរិក ដែល​រស់នៅក្នុង​ក្រុង​ក្រុង​បែរ​ឡាំង ប្រទេស​អាល្លឺម៉ង់ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា ក្រោយ​ទទួលបាន​ដំណឹង​អំពី ហេតុការណ៍​ខាងលើ​កាលពី​ថ្ងៃទី​៥ ខែកក្កដា លោក​បាន​ប្រាប់​ឱ្យគេ​យក​រូបចម្លាក់​ជំទាវ​ទី​១ ដែល​ភ្លើង​ឆេះ​នោះ​ចេញ​។ ទន្ទឹមនេះ វិចិត្រករ​ដដែល​បាន​លើក​ជា​ចម្ងល់​ថា “​ខ្ញុំ​ចង់ដឹង​ណាស់​ថា ហេតុអ្វី​បានជា​គេ​ធ្វើបែបនេះ​”​។​

​ដោយឡែក​នៅឯ​រដ្ឋធានី​វ៉ាស៊ីនតោន ឯណោះ​វិញ ការិយាល័យ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិនបាន​ឆ្លើយតប​ការសុំ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះឡើយ​។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ប្ដេជ្ញា​ចាត់វិធានការ​ក្ដៅ​លើ​ជន​ណា​ដែល​បំផ្លាញ ឬ​ធ្វើឱ្យ​ខូចខាត​ស្ដូប​ប្រវត្តិសាស្ត្រ របស់​សហរដ្ឋ​អាម៉េរិក​៕ ប្រែ​សម្រួលៈ ខុម