ទិវា​ជាតិ ម៉ុង​ហ្គោល​

145
ចែករម្លែក

​ភ្នំពេញៈ ម៉ុង​ហ្គោល គឺជា​អាណាចក្រ​មួយ ដែល​ធ្លាប់​មានអំណាច និង​ផ្ទៃដី​ធំជាងគេ​បំផុត​របស់ ប្រវត្តិសាស្ត្រ​ពិភពលោក ធ្លាប់​ធ្វើឱ្យ​ពិភពលោក ភ័យ​លស់​ព្រលឹង បាន​បង្កើត​រាជវង្ស យាន នៅលើ​ប្រទេស​ចិន មាន​អាយុកាល​ជា ១០០ ឆ្នាំ ប៉ុន្តែ​ចាប់ពី​ដើម​សតវត្សរ៍​ទី​១៣ មក បាន​បែក បាក់​គ្នា ហើយ​ថយឥទ្ធិពល​ជា​បន្តបន្ទាប់ រហូត​ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់ ចិន​ហើយ​ត្រូវ បាន​រុស្ស៊ី ដណ្តើមយក​ពី​ចិន ទៅ​ត្រួតត្រា និង​បានប្រកាស​ជា​ឯករាជ្យភាព​របស់ខ្លួន នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​១៩២១ ប៉ុន្តែ​ស្ថិតនៅក្រោម​ឥទ្ធិពល​សូ​វៀត រហូតដល់​សូ​វៀត ដួលរលំ ទើប​ម៉ុង​ហ្គោល ផ្តូ​រ​ទៅជា​ប្រទេស កាន់​លទ្ធិប្រជាធិបតេយ្យ​រហូតមក ។ ថ្ងៃទី​១១ កក្កដា នោះឯង​ហើយ ដែល​បាន​ក្លាយជា ទិវា​ឯករាជ្យ​ជាតិ​របស់​ម៉ុង​ហ្គោល នាពេល​បច្ចុប្បន្ន ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ អាស្រ័យ​សភា ម៉ុង​ហ្គោល ស្ថិតនៅ​តំបន់​អាស៊ី មជ្ឈិមបូព៌ា មាន​ផ្ទៃដី ១.៥៦៤.១១៦ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ពី​ចន្លោះ​ប្រទេស​ចិន និង​ប្រទេស​រុស្ស៊ី​។ នៅ​ឆ្នាំ ២០២០ មាន​ប្រជាជន​ជាង ៣ លាន ២ សែន​នាក់ ភាគច្រើន ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ភាសាផ្លូវការ គឺ​ភាសា​ម៉ុង​ហ្គោ​លី រដ្ឋធានី គឺ​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ ។​

ប្រវត្តិសាស្ត្រ​
​នៅ​ឆ្នាំ​២០៩ មុន​គ្រិស្តសករាជ ជនជាតិ​សុង​នូ (Xiongnu) បាន​បង្កើត​អាណាចក្រ​ដ៏​ធំ​មហិមា​មួយ ក្រោម​ការដឹកនាំ​របស់​ស្តេច ម៉ូ​ឌូ ហ្សា​ន​យូ (ModuShanyu) ។ មិនយូរប៉ុន្មាន​អាណាចក្រ សុង​នូ ក្លាយជា​អាណាចក្រ​ដ៏​ខ្លាំងក្លា​បំផុត នៅ​អាស៊ី​មជ្ឈិមបូព៌ា ហើយ​បាន​សាយភាយ​អំណាច របស់ខ្លួន ទៅដល់​តំបន់​មួយចំនួន នៃ​ប្រទេស​រុស្ស៊ី និង​ប្រទេស​អ៊ុយ​ក្រែ​ន​បច្ចុប្បន្ន នេះ​ផង ។ នៅ​សតវត្សរ៍​ទី​២ មុន​គ្រិស្តសករាជ កងទ័ព​សុង​នូ បាន​ច្បាំង​ឈ្នះ​កម្លាំង​នានា​នៅ​តំបន់​មួយ ចំនួន ដែល​បច្ចុប្បន្ន ជា​ខេត្ត​ស៊ីន​ជាំ​ង និង គ័ង​ស៊ូ នៃ​ប្រទេស​ចិន ដែល​ជាការ​គំរាម​ដល់​រជ្ជកាល ឈី​ន (​ឬ​ឈិន​) នៃ​ប្រទេស​ចិន រហូត​ចិន​បង្ខំចិត្ត​កសាង​មហា​កំផែង​ដែល​នៅសល់​រហូត មកដល់​សព្វថ្ងៃ ហើយ​អំណាច និង​ទឹកដី​ដ៏​ធំធេង​របស់ សុង​នូ ត្រូវបាន​បន្ត​ជំនួស​ដោយ អាណាចក្រ​នានា បើទោះជា​មាន​ភាពច្របូកច្របល់​ដោយ​ការដណ្តើម​អំណាច​គ្នា​ជា​ហូរហែ ក៏ដោយ​។​

​ក្នុងពេល​មាន​ភាពច្របូកច្របល់ នៅក្នុង​សតវត្សរ៍​ទី​១៣ មេដឹកនាំ​ម្នាក់ ឈ្មោះ​ធាន​មុ​ជិន (Temüjin) បាន​ជោគជ័យ ក្នុងការ​បង្រួបបង្រួម​កុលសម្ព័ន្ធ​នានា​របស់​ជនជាតិ ម៉ុង​ហ្គោល រវាង ម៉ាន់​ជូ និង​កុលសម្ព័ន្ធ​ភ្នំ អាល់​តា​យ ។ នៅ​ឆ្នាំ​១២០៦ ធាន​មុ​ជិន បានទទួល​យក​ងារ​ជា ជេន​គីស ខាន់ (​ហ្ស​ង់​ហ្គី​ស ខាន់​, Genghis Khan= ព្រះ​ចៅ​អ​ធិ​រាជ្យ​, ព្រះរាជា​ធិ​រាជ្យ​, ស្តេច​ធំ​លើ​ស្តេច​) ហើយ​រៀបចំ​ប្រតិបត្តិការ​យោធា​ជា​បន្តបន្ទាប់ ធ្វើឱ្យមាន​ភាព​រន្ទឺ​ឮ​ខ្ទរខ្ទារ​ពង្រីក​ទឹកដី​ភាគច្រើន បំផុត នៃ​តំបន់​អាស៊ី ហើយ​បង្កើតបានជា​អាណាចក្រ​ម៉ុង​ហ្គោល ដែល​បាន​ពង្រីក​អំណាច​ទឹកដី ស្ទើរ​ពាសពេញ​អាស៊ី ដោយ​ខាងលិច ទៅទល់​អ៊ុយ​ក្រែ​ន បច្ចុប្បន្ន ខាងកើត​ទល់​ប្រទេស​កូរ៉េ ខាងជើង ទល់​តំបន់​ស៊ី​បេ​រី ខាងត្បូង​ទល់​ឈូងសមុទ្ទ​អូ​ម៉​ង់ និង​វៀតណាម ដោយមាន​ផ្ទៃដី សរុប ៣៣.០០០.០០០ ស្មើនឹង ២២ ភាគរយ នៃ​ផ្ទៃដី​របស់​ពិភពលោក​ទាំងមូល ហើយ​មាន​ប្រជា ជន​ជាង ១០០ លាន​នាក់ ឬ​ប្រហែល​ជាមួយ​ភាគ​បួន នៃ​ចំនួន​ប្រជាជន​ពិភពលោក​នា​សម័យ កាលនោះ ។​

​មាន​នគរ​មួយ​ឈ្មោះ នគរ​តា​លី គឺជា​នគរ​ដ៏​ស្រស់ស្អាត ស្ថិត​ភាគខាងត្បូង នៃ​ប្រទេស ចិន ដែល​តំបន់​នោះ គឺជា​ខេត្ត​យួន​ណាន បច្ចុប្បន្ននេះ ស្ថិតក្រោម​អធិរាជ​ភាព​របស់​ចិន ។ ក្នុងអំឡុង ពេល​យុទ្ធនាការ​លុកលុយ រាតត្បាត​ទៅលើ​ប្រទេស​ចិន នាពេលនោះ ម៉ុង​ហ្គោល​បាន​វាយ​នគរ តា​លី បែកបាក់​ខ្ចាត់ខ្ចាយ ហើយ​មាន​ក្រុម​ជនតា​លី ដែល​មិន​ព្រម​ចំណុះ​ពួក ម៉ុង​ហ្គោល ក៏បាន​នាំ​គ្នីគ្នា​ភៀសខ្លួន រត់គេច​ចុះមក​ទិស​ខាងត្បូង និង និរតី​រៀងៗ​ដរាប​រហូតមក​រស់​លើ ទឹកដី ដែលជា​ផ្នែក​ខ្លះ នៃ​មហា​អាណាចក្រ​ខ្មែរ ហើយ​ក្រោយមក​បង្កើតបាន​ជានគ​រ​សៀម គឺ​ប្រទេស​ថៃ នាពេល​បច្ចុប្បន្ននេះ ឬ​និយាយ​ម្យ៉ាង​ទៀតថា ជនជាតិ​ថៃ បច្ចុប្បន្ននេះ គឺជា​ពួក​រត់ គេច​ចេញពី​នគរ​តា​លី នាពេល​នោះឯង ។​

អាណាចក្រ​ម៉ុង​ហ្គោល បែកបាក់​
​ព្រះ​ចៅ​អធិរាជ ជេន​គីស ខាន់ បាន​សោយ​ទិវង្គត នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​១២២៧ ធ្វើឱ្យ អាណាចក្រ​ម៉ុង​ហ្គោល បែកបាក់​ទៅជា ៤ អាណាចក្រ ដែល​ភាសា​ម៉ុង​ហ្គោល ហៅថា Khanates ហើយ Khanates នីមួយៗ ស្ទើរតែ​ក្លាយជា​អាណាចក្រ​ឯករាជ្យ​រៀងៗ​ខ្លួន​បន្ទាប់ពី មាន​សង្គ្រាម រវាង​អាណាចក្រ​ទាំងឡាយ​នោះ ឆ្នាំ ១២៦០-១២៦៤ ។​

khanates មួយ ក្នុងចំណោម khanates ទាំង​បួន ឈ្មោះ Great Khaanate ដែលមាន​ទឹកដី ផ្នែក​ខ្លះ ជា​ទឹកដី​ម៉ុង​ហ្គោល និង​ផ្នែក​ខ្លះ ជា​ចិន​នោះ បាន​ក្លាយជា​រាជវង្ស យាន (​យ័ន ឬ យួន ហើយ​ឈ្មោះ​រាជវង្ស​នេះហើយ ដែល​ខ្មែរ ហៅ អាណ្ណា​ម ឬ វៀតណាម ថា យួន ព្រោះ កាលណោះ អាណ្ណា​ម ស្ថិតក្រោម​អធិរាជ​ភាព​របស់​រាជវង្ស យាន ឬ យ័ន ឬ យួន នោះឯង ដែល​តាមពិតទៅ ក្នុង​ប្រវត្តិសាស្ត្រ​វៀតណាម មិនដែល​ធ្លាប់មាន​ឈ្មោះថា យួន ទេ​) ចាប់ពី​ឆ្នាំ​១២៧៩ (១៣៣០?) ក្រោម​ការដឹកនាំ​របស់ គូ​ប៊ី​ឡៃ ខាន់ ( Kublai Khan ) ដែលជា ចៅ​របស់​អតីត​ព្រះ​ចៅ​អ​ធិ​រាជ្យ​ជេន​គីស ខាន់ ហើយ​រាជធានី​របស់​រាជវង្ស យាន នៅ​ក្រុង ណាន​គីន ដែល​ក្រោយមក ហៅថា ប៉េកាំង នា​ប្រទេស​ចិន សព្វថ្ងៃនេះ ឬ​និយាយ​ម្យ៉ាង​ទៀតថា រាជវង្ស​យាន ដែល​បង្កើតឡើង និង​គ្រប់គ្រង​ដឹកនាំ​ប្រទេស​ចិន ជិត ២០០ ឆ្នាំ​នោះ គឺជា សន្តតិវង្ស ម៉ុង​ហ្គោល ។​

​នៅ​ឆ្នាំ​១៣៦៨ រាជវង្ស​យាន ត្រូវបាន​ជំនួស​ដោយ​រាជវង្ស មី​ញ ឬ ម៉េង ហើយ​បង្ខំ​ឱ្យ​រាជ​វង្សា នុ​វង្ស​ម៉ុង​ហ្គោល ភៀសខ្លួន​ទៅ​ទិស​ខាងជើង​។ កងទ័ព​រាជវង្ស​មី​ញ ឬ ម៉េង បាន​ដេញតាម រាជវង្ស​យាន ហើយ​បាន​បំផ្លិចបំផ្លាញ​ទីក្រុង​ជាច្រើន របស់​ម៉ុង​ហ្គោល ហើយ​ការ​លុកលុយ ពី​សំណាក់​កងទ័ព​ចិន ទៅលើ​ទឹកដី​ម៉ុង​ហ្គោល ចេះតែមាន​ជា​បន្តបន្ទាប់ រហូតដល់​ឆ្នាំ ១៤៤៩ ទើប​ជនជាតិ​ម៉ុង​ហ្គោល មានជ័យ​ជម្នះ​លើ​រាជវង្ស​មី​ញ ឬ ម៉េង វិញ ហើយ​បាន​រួបរួម​ជាតិ ម៉ុង​ហ្គោល​ឡើងវិញ នៅ​ដើម​សតវត្សរ៍​ទី​១៦​។​

​ប៉ុន្តែ​នៅ​សតវត្សរ៍​ទី​១៧ ក្រោម​កិច្ចដឹកនាំ​របស់ Ligden Khan ដែលជា​សន្តតិវង្ស Khan ចុងក្រោយ​បំផុត​របស់​ម៉ុង​ហ្គោល នៅ​ឆ្នាំ​១៦៩១ ទឹកដី​ម៉ុង​ហ្គោល ភាគ​ខាងក្នុង​ទាំងស្រុង ត្រូវបាន​ដាក់​ទៅ​ក្រោម​ការត្រួតត្រា​របស់​រាជ​វង្ស​ឈី​ង ឬ ឆេង របស់ ជនជាតិ​ម៉ាន់​ជូ ចិន ។ ប៉ុន្តែ​ទឹកដី ភាគ​ខាងក្រៅ​របស់​ម៉ុង​ហ្គោល ត្រូវបាន​ប្រគល់​សិទ្ធិ​ស្វ័យភាព ។​

ប្រកាស​ឯករាជ្យ​ម៉ុង​ហ្គោល​
​បន្ទាប់ពី​ការ​ព្រួត​គ្នា​ឈ្លានពាន ពី​ពួក​ហុ​ល្លង់ អង់គ្លេស បារាំង រុស្ស៊ី ជប៉ុន និង អាមេរិក ជា​បន្ត បន្ទាប់មក នៅ​ឆ្នាំ​១៩១១ រាជវង្ស​ឈី​ង ឬ ឆេង នៃ​ប្រទេស​ចិន បាន​ដួលរលំ ហើយ​ត្រូវបាន ជំនួស​ដោយ​របប​សាធារណរដ្ឋ​ចិន ដោយមាន​លោក​សេនាប្រមុខ យាន ស៊ឺ​ខៃ ជា​ប្រធានាធិបតី ហើយ យាន ស៊ី​ខៃ បានចាត់ទុក​ប្រទេស​ម៉ុង​ហ្គោល ថា​ជា​ផ្នែក​មួយ នៃ​ទឹកដី​របស់ ចិន ពោលគឺ​គាត់​ចង់​រំលាយ ម៉ុង​ហ្គោល ឱ្យទៅជា​ចិន ជា​ស្ថាពរ ។​

​ប៉ុន្តែ​មេដឹកនាំ​ម៉ុង​ហ្គោល ឈ្មោះ BogyKhaan បាន​បដិសេធ​មហិច្ឆតា​របស់ យាន ស៊ឺ​ខៃ ហើយ​បែរជា​ប្រាថ្នា​ចង់​បង្កើត​ឯករាជ្យភាព​ម៉ុង​ហ្គោល​ទៅវិញ​។ ហេតុ​នោះ នៅ​ឆ្នាំ​១៩១៩ កងទ័ព​ចិន បាន​ចូល​កាន់កាប់​ប្រទេស​ម៉ុង​ហ្គោល ។​

​ឥទ្ធិពល នៃ​សង្គ្រាមស៊ីវិល រុស្ស៊ី ឩ​ត្ត​ម​សេនីយ៍​រុស្ស៊ី​ម្នាក់ បាន​ដឹកនាំ​ទ័ព​របស់ខ្លួន ចូលទៅ ប្រទេស​ម៉ុង​ហ្គោល នៅ​ខែតុលា ឆ្នាំ​១៩២០ ហើយ​ដោយមាន​សហការ​ពី​ជនជាតិ ម៉ុង​ហ្គោល​ផង កងទ័ព​រុស្ស៊ី បាន​បណ្តេញ​កងទ័ព​ចិន ចេញពី​ទឹកដី​ម៉ុង​ហ្គោល នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​១៩២១ ។​

​ដោយសារ​រុស្ស៊ី (​ដែលជា​សត្រូវ​សួរ​ពូជ​) បារម្ភ​ខ្លាច​កងទ័ព​ចិន ចូលលុកលុយ ម៉ុង​ហ្គោល​ម្តង ទៀត ដែល​នឹង​ធ្វើឱ្យ​ខ្សោយ ដល់​ឥទ្ធិពល​របស់ខ្លួន (​រុស្ស៊ី​) ពួក​បុល​សេ​វិក រុស្ស៊ី ក៏បាន​សម្រេច ចិត្ត​គាំទ្រ បង្កើត​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត និង​កងទ័ព​ម៉ុង​ហ្គោល ។

​កងទ័ព​ម៉ុង​ហ្គោល​ទាំងនោះ បាន​ទៅ​ដណ្តើមយក​តំបន់ Kyakhta ដែលជា​ផ្នែក​មួយ នៃ ទឹកដី​ម៉ុង​ហ្គោល ពី​កងទ័ព​ចិន នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩២១ ហើយ​នៅ​ថ្ងៃទី​៦ ខែកក្កដា កងទ័ព​រុស្ស៊ី និង​ម៉ុង​ហ្គោល បាន​រុលទៅមុខ ដណ្តើម​ទឹកដី​អតីត​របស់​ម៉ុង​ហ្គោល ពី​កងទ័ព​ចិន វិញ ចូលដល់​តំបន់ Khüree ហើយ​ជនជាតិ​ម៉ុង​ហ្គោល បានប្រកាស​ឯករាជ្យភាព​របស់ខ្លួន នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​១៩២១ នោះឯង ហើយ ម៉ុង​ហ្គោល ក៏​ចាប់ផ្តើម​មាន​ឯករាជ្យភាព របស់ខ្លួន តាំងពី​ពេលនោះ​មក ។

​ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ ធ្វើឱ្យ​រុស្ស៊ី មិន​សប្បាយចិត្ត​ទាល់តែសោះ ព្រោះ​រុស្ស៊ី យល់ថា ម៉ុង​ហ្គោល ក្រោម​ការដឹកនាំ​របស់ BogyKhaan មិន​ស្តាប់បង្គាប់​រុស្ស៊ី ទើប​រុស្ស៊ី ជា​ញឹកញាប់​តែងតែ​ប៉ង​ដក BogyKhaan ចេញពី​អំណាច ហើយ​ដាក់ជំនួស ដោយ​អ្នកផ្សេង​ដែល​ស្តាប់បង្គាប់​វិញ ។

Bogy Khaan បាន​ស្លាប់ នៅ​ឆ្នាំ​១៩២៤ ដែល​គេ​សង្ស័យថា អាច​ត្រូវ​សម្លាប់​ដោយ​ពួក​ចារកម្ម រុស្ស៊ី នោះ​ប្រព័ន្ធ​នយោបាយ ត្រូវបាន​ផ្លាស់ប្តូរ គឺ​ចេញពី​ក​ម្មុយ​និ​ស្ត​ម៉ុង​ហ្គោល ទៅ ជា​សាធារណរដ្ឋ ប្រជាមានិត ម៉ុង​ហ្កោ​ល​វិញ ។​

​ពួក​អ្នកដឹកនាំ របស់​សាធារណរដ្ឋ ប្រជាមានិត ម៉ុង​ហ្គោល ភាគច្រើន គឺជា​អ្នក​ជាតិនិយម មិនសូវ​ស្តាប់​ឱវាទ​រុស្ស៊ី​ខ្លាំង​ឡើងៗ ដែល​ពួក​អ្នក​ទាំងនោះ គេ​ហៅថា Pan-Mongolists​។ ដោយហេតុនេះ សហភាពសូវៀត បានសម្រេច​ចិត្ត​បង្កើត​របប​កុ​ម្មុយ​និ​ស្ត យ៉ាង​ពេញលេញ នៅ​ម៉ុង​ហ្គោល នា​អំឡុង​ទសវត្សរ៍ ឆ្នាំ​១៩៦០ ហើយ​ក្រោយមក បាន​លុបបំបាត់​ចលនា ពួក​អ្នក Pan-Mongolists ចោល​។​

​មេដឹកនាំ​ទាំងឡាយណា មិន​ស្តាប់​បញ្ជា​រុស្ស៊ី ដែល​ពេលខ្លះ បញ្ជា​ឱ្យធ្វើ​អំពើ​យង់ឃ្នង​ប្រឆាំង ជនជាតិ​ម៉ុង​ហ្គោល នោះ​នឹងត្រូវ​រុស្ស៊ី​កាត់​ឱ្យមាន​ទោស ។​

​នៅ​ឆ្នាំ​១៩៣១ ចក្រពត្តិនិយម បាន​ចូលលុកលុយ​ទឹកដី ជនជាតិ​ម៉ាន់​ជូ គឺ​ផ្នែក​ខ្លះ នៃ ប្រទេស​ចិន ហើយ​ធ្វើឱ្យ​កិត្តិនាម​ជប៉ុន កាន់តែ​រន្ទឺ​ឮ​ខ្ទរខ្ទា​ឡើងៗ ហើយក៏​បាន​បន្ត​គំនិត​វាទី​និយម​របស់ខ្លួន ចូលទៅ​ប្រទេស​ម៉ុង​ហ្គោល​ទៀត ។ ប៉ុន្តែ​សង្គ្រាម​ដណ្តើម​ព្រំដែន រ​វា​ជប៉ុន​-​សូ​វៀត បាន​ផ្ទុះឡើង នៅ​ឆ្នាំ​១៩៣៩ ហើយ​តាមរយៈ​សង្គ្រាម​នេះ បាន​ការពារ​ទឹកដី ម៉ុង​ហ្គោល ពី​ការឈ្លានពាន របស់​ជប៉ុន ដោយ​ជោគជ័យ ។​

​នៅ​ឆ្នាំ​១៩៣៩ នោះ យុទ្ធជន​ម៉ុង​ហ្គោល បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​ពួកវា​ទី​និយម​ជប៉ុន ហើយ​ដណ្តើមបាន​ទឹកដី​ម៉ុង​ហ្គោល ភាគខាងត្បូង ពី​ជប៉ុន និង ចិន មកវិញ ។​

​នៅ​ខែកុម្ភៈ ឆ្នាំ​១៩៤៥ សន្និសីទ​យ៉ា​ល់តា ( Yalta Conference​ជួនកាល​ហៅថា Crimea Conference ជា​ឈ្មោះ​របស់​ក្រុម​មួយ ដែល​សមាជិក​សុទ្ធតែជា​ប្រមុខរដ្ឋ នៃ​សម្ព័ន្ធមិត្ត នៅក្នុង សង្គ្រាមលោកលើកទី​២ ដឹកនាំ​ដោយ​អាមេរិក​) បានផ្តល់​ឱកាស​ឱ្យ​សហភាពសូវៀត​ចូលរួម ប្រយុទ្ធ នៅ​មហាសាគរ​ប៉ាស៊ីហ្វិក​។ ជា​ថ្នូរ​នឹង​ការចូល​ជួយ ក្នុង​សង្គ្រាម​នោះ សហភាពសូវៀត បានដាក់​លក្ខន្តិកៈ​មួយ​ចំនួន ក្នុងនោះ ក៏មាន​លក្ខន្តិកៈ​មួ​យស​ហ​ភាព​សូ​វៀត ទាមទារ​ថា បន្ទាប់ពី​សង្គ្រាម​នេះ​ចប់ ដែនដី​ម៉ុង​ហ្គោល ផ្នែក​ខាងក្រៅ នឹង​នៅតែ​រក្សា​ឯករាជ្យភាព​របស់ខ្លួន ។​

​នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​១៩៤៩ សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវបាន​បង្កើតឡើង​ហើយ​ម៉ុង ហ្គោល និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានប្រកាស​ទទួលស្គាល់​ឯករាជ្យភាព របស់​គ្នា ទៅវិញទៅមក នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​១៩៤៩ ។ ប៉ុន្តែ​លទ្ធិ​កុ​ម្មុយ​និ​ស្ត​របស់​សហភាពសូវៀត នៅតែមាន​ឥទ្ធិពល លើ​ប្រទេស​ម៉ុង​ហ្គោល យ៉ាងខ្លាំង​ក្លា​នៅឡើយ ។​

​ឆ្នាំ​១៩៩១ សហភាពសូវៀត ដែលជា​បិតា​លទ្ធិ​កុ​ម្មុយ​និ​ស្ត​ក្នុង​លោក បាន​ដួលរលំ ក៏បាន បណ្តាលឱ្យមាន​បដិវត្ត​ន៍​ពី​កុ​ម្មុយ​និ​ស្ត ទៅជា​ប្រជាធិបតេយ្យ ត្រូវបានធ្វើ​ដោយ​ជោគជ័យ និង​ដោយ​សន្តិភាព នៅ​ម៉ុង​ហ្គោល​ដែរ ។ រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ នៅ​ឆ្នាំ ១៩៩២ ហើយ​សាធារណរដ្ឋ​ប្រជាមានិត ម៉ុង​ហ្គោល ត្រូវបាន​ទម្លាក់​ឈ្មោះ របស់​ប្រទេស​នេះ ។ ការបោះឆ្នោត ឆ្នាំ​១៩៩៣ គឺជា​ការបោះឆ្នោត​មួយ ដែល​បក្សកុម្មុយនិស្ត ពុំបាន​ឈ្នះ​កៅអី នៅ​រដ្ឋសភា​សោះ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

​រូបសំណាក​ព្រះ​ចៅ​អ​ធិ​រាជ្យ ជេន​គីស ខាន់ ដែលជា​អ្នកបង្កើត​អាណាចក្រ ម៉ុង​ហ្គោល មុនដំបូង​បំ​ផុត
ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ​នៃ ប្រទេស ម៉ុង​ហ្គោល