ខេត្ត​ព្រះសីហនុ​៖ វិស័យ​វិនិយោគ​និង​ទេសចរណ៍​កម្រើក​ឡើងវិញ​

357
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ ឱ្យ​បណ្តាញ​ផ្សព្វផ្សាយ​ដឹងថា គិត​មក​ត្រឹម​ចុង​ដើម​សប្តាហ៍​ទី​២ ខែកក្កដា​២០២០​នេះ មាន​អ្នកដំណើរ​ជា​ជន​ជាតិចិន ប្រមាណ​ជិត​២០០០​នាក់ បាន​ចូលមក​ខេត្ត​ព្រះសីហនុ ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​(​ព្រលាន​កងកេង​) ជា​បន្តបន្ទាប់​។

​វត្តមាន​អ្នកដំណើរ​ជនជាតិ​ចិន​ដែល​ចូលមក​ខេត្ត​ព្រះសីហនុ បានចាប់ផ្តើម​តាំងពី​ចុង ខែឧសភា ឆ្នាំ​២០២០​មក ដែល​ភាគច្រើន​គឺជា​អ្នកវិនិយោគទុន​និង​ទេសចរណ៍​។

​លោក ឃាង ភារ​ម្យ បាន​បញ្ជាក់ថា រាល់​អ្នកដំណើរ​ទាំងអស់ ដែល​ចូល​មកដល់​ខេត្ត​ព្រះសីហនុ ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័​ក្ត ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក បញ្ជាក់ថា​ពិតជា​គ្មាន​ចម្លងជំងឺ​កូ​វីដ​១៩ ទើប​អជ្ញាធរ​អនុញ្ញាតឱ្យ​ធ្វើដំណើរ នៅ​ទីតាំង​អាជីវកម្ម​នានា​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ថ្លែង​នៅតាម​វេទិកា​ជួបជុំ​នានា ក៏បាន​បញ្ជាក់ដែរថា ការមកដល់​នៃ​អ្នកវិនិយោគទុន និង​អ្នក​ទេសចរណ៍​ជា​បន្តបន្ទាប់​នេះ ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ មាន​មនុស្ស​ចេញចូល​ច្រើនជាង​មុន ហើយ​ចរន្ត​នៃ​ការ​ចរាចរណ៍​រូបី​យ៍​ប​ណ្ណ័​លើ​ទីផ្សារ ក៏មាន​សកម្ម​ភាពល្អ​ច្រើន​ដែរ ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ ល្អប្រសើរ​មួយកម្រិត​ឡើងវិញ ក្រោយ​ជួប​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​

​មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​ខេត្ត​បញ្ជាក់​បន្ថែមថា លើ​វិស័យ​សំណង់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ បាននិងកំពុង​ធ្វើការ​អភិវឌ្ឍន៍​ជា​បណ្តើរៗ​ឡើងវិញ ក្រោយ​ទទួលរង​នូវ​ផលប៉ះពាល់ ជាមួយនឹង​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ច្រើន​ខែ​កន្លងមក និង​ថា បច្ចុប្បន្ន​ខេត្ត​មាត់សមុទ្រ​មួយ​នេះ ចាប់ផ្តើម​មានសង្ឃឹម​ឡើងវិញ​ហើយ​៕