រដ្ឋកាលីហ្វ័រនឹងប្តឹងត្រាំ ដែលគំរាមដកហូតទិដ្ឋាការរបស់និស្សិតបរទេស

164
ចែករម្លែក

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៩កក្កដាថារដ្ឋកាលីហ្វ័រញ៉ានឹងប្តឹងរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំជុំវិញគោលនយោបាយរបស់ខ្លួនដែលគំរាមដកហូតទិដ្ឋាការរបស់និស្សិតបរទេស ដែលវគ្គសិក្សារបស់ពួកគេបានប្តូរមករៀនតាមអនឡាញ ដោយសារតែជំងឺកូវីដ១៩។

បណ្តឹងដែលនឹងប្តឹងដោយអគ្គរដ្ឋអាជ្ញា បានកើតឡើង នៅពេលដែលលោកត្រាំជំរុញឱ្យគ្រឹះស្ថានអប់រំរបស់ប្រទេសនេះបើកដំណើរការឡើងវិញ សូម្បីជំងឺរាតត្បាតនៅតែបន្តកើនឡើងជាពិសេសនៅភាគខាងត្បូងនិងខាងលិចប្រទេស។

សេចក្តីថ្លែងការណ៍មួយដែលប្រកាសពីការប្តឹងនោះបានឱ្យដឹងថា “គោលនយោបាយមិនស្របច្បាប់របស់រដ្ឋបាលត្រាំ…គំរាមកំហែងដល់ការធ្វើឱ្យរីករាលដាលនៃជំងឺកូវីដ១៩ និងនិរទេសនិស្សិតមហាវិទ្យាល័យរាប់សែននាក់ដែលកំពុងសិក្សានៅសហរដ្ឋអាម៉េរិក”។

កាលពីថ្ងៃចន្ទ ទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយអាម៉េរិក (ICE) បាននិយាយថា និស្សិតបរទេសដែលចុះឈ្មោះចូលរៀនតាមអនឡាញទាំងស្រុងសម្រាប់ឆមាសទី ១ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសនោះឡើយ។

វិធានការនេះត្រូវបានគេមើលឃើញថាជាវិធានការរបស់សេតវិមានក្នុងការដាក់សម្ពាធលើស្ថាប័នអប់រំ ដែលកំពុងប្រកាន់យកនូវវិធីសាស្រ្តប្រុងប្រយ័ត្នក្នុងការបើកដំណើរការឡើងវិញក្នុងពេលកំពុងមានជំងឺរាតត្បាត (កូវីដ១៩)។

ប៉ុន្តែសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា ដែលជាដើមបណ្តឹង បានស្ថិតក្នុងចំណោមសាកលវិទ្យាល័យ ដែលមានគម្រោងផ្តល់ការអប់រំតាមអនឡាញដល់និស្សិតបរទេសជាង ១ ម៉ឺននាក់ក៏ដូចជានិស្សិតអាម៉េរិកនៅរដូវស្លឹកឈើជ្រុះនេះ។

អគ្គរដ្ឋអាជ្ញា ឈ្មោះ បេសេរ៉ា និយាយថា “ពិតជាអាម៉ាស់ណាស់ចំពោះរដ្ឋបាលត្រាំដែលប្រថុយមិនត្រឹមតែឱកាសអប់រំសម្រាប់និស្សិតដែលទទួលបានឱកាសទៅរៀននៅមហាវិទ្យាល័យប៉ុណ្ណោះទេតែថែមទាំងសុខភាពនិងសុខុមាលភាពរបស់ពួកគេឥឡូវនេះទៀត”។

លោកបេសេរ៉ានិយាយថាការបង្ខំឱ្យសាកលវិទ្យាល័យនិងមហាវិទ្យាល័យក្នុងរដ្ឋកាលីហ្វ័រនីញ៉ាបើកថ្នាក់រៀនជួបគ្នាផ្ទាល់អាចនឹងគំរាមកំហែងដល់ហិរញ្ញវត្ថុរបស់ពួកគេនិងអាចប្រែក្លាយពួកគេទៅជា “អ្នកដើរចម្លងរោគ”៕ ដោយ៖ កញ្ញាដាលីស

សាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា ជាដើមបណ្តឹងប្តឹងលើលោកត្រាំ