គម្រោងសាងសង់ផ្លូវក្រវាត់ក្រុង​ទី៣ប្រវែងជាង៥២គីឡូម៉ែត្រសម្រេចបានជិត៤០ភាគរយ

1612
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួង​សាធារណការនិងដឹកជញ្ជូន កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំក្រុមការងារជំនាញរបស់ក្រសួង ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤និង ផ្លូវជាតិលេខ១)ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ និងតំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសផងដែរ។

ការចុះត្រួតពិនិត្យនេះធ្វើឡើងដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាមដានវឌ្ឍនភាពការងារសាងសង់ និងពិនិត្យថាតើក្រុមហ៊ុនសាងសង់កំពុងអនុវត្តការងារ​នីមួយៗត្រឹមត្រូវតាមសៀវភៅបន្ទុក ឬកិច្ចសន្យាដែរ ឬទេ ដើម្បីធានាគុណភាព​ផ្លូវថ្នល់រឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣ (ផ្លូវជាតិលេ៤-ផ្លូវជាតិលេខ១) នេះមានប្រវែង សរុប៥២ គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែជាង​៤៧គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង ស៊ីម៉ងត៍សរសៃដែក ទទឹង២២ម៉ែត្រ និកម្រាស់២២សង់ទីម៉ែត្រ និងផ្លូវខ្នែងប្រវែងជាង៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាល​បេតុងកៅស៊ូ(AC)។គិតត្រឹមដំណាច់ខែមិថុនា ២០២០គម្រោងសាងសង់ផ្លូវ​ក្រវាត់ក្រុងខ្សែទី ៣ សម្រេចបានជាង៣៩ភាគរយហើយ។

កំណាត់ផ្លូវក្រវាត់ក្រុងនេះចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ត្រង់គីឡូម៉ែត្រ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិ លេខ២១ ផ្លូវជាតិលេខ២១A និងផ្លូវលេខ១១០ ឆ្ពោះទៅផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+១៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល តភ្ជាប់ទៅ​កាន់ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វ័យតភ្នំពេញឋិតនៅស្រុកកៀនស្វាយខេត្តកណ្ដាល ជាពិសេសកំណាត់ផ្លូវនេះតភ្ជាប់ផ្លូវ អាស៊ានហាយវេ AH1និងAH11 និងផ្លូវដែលជាច្រករបៀងសេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀត។

លោកដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ ការសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ធ្វើឡើងតាមផែនការមេ និងចក្ខុវិស័យរបស់ក្រសួង ក៏ដូចជារាជរដ្ឋា ភិបាល​ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ដឹកជញ្ជូនផលិតផលនានារបស់បងប្អូនប្រជាពលរដ្ឋប្រកប ដោយសក្ដានុពល ជាពិសេសរួមចំណែកដល់ការរំដោះការកកស្ទះ​ចរាចរណ៍នៃយានយន្តដឹកជញ្ជូនទំនិញធំៗចេញ-ចូលរាជធានីភ្នំពេញផងដែរ។

ជាមួយគ្នានោះផងដែរ លោករដ្ឋលេខាធិការ បានលើកឡើងអំពីការសិក្សាលទ្ធភាពលើ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៤ ដែលជាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥១ និង លេខ៤១ អាចសម្រួលដល់ ការធ្វើដំណើរឱ្យកាន់តែងាយស្រួល រហ័សទាន់ចិត្ត ចំណេញពេលវេលា និងចំណាយតិចផងដែរ។

ជាលទ្ធផលនៃការចុះពិនិត្យនេះ លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា ក្រុមហ៊ុន​បានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យា ឬសៀវភៅបន្ទុក ពោលគឺគុណភាពនៃការ​សាងសង់អាចទទួលយកបាន ហើយគិតត្រឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ កំណាត់ផ្លូវនេះសម្រេចការសាងសង់បានចំនួន៣៩,៧៦ភាគរយនិងគ្រោងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០២១ ខាងមុខ៕/B/សរន/Ha