ជាង ១០ ម៉ឺន ៩ ពាន់ នាក់​កំពុង​ទទួលផល​ពី កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ

375
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលជា​អ្នកដឹកនាំ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​ក្រោម​អាយុ ២ ឆ្នាំ ក្នុង​គ្រួសារ​ក្រីក្រ បាន​ឱ្យដឹងពី​សម្ទុះ នៃ កម្មវិធី​នេះ​ថា “ ជំងឺ​កូ​វីដ ១៩ ដោយ​រួមទាំង​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ផង មិនបាន​ធ្វើឱ្យ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​ក្រោម​អាយុ ២ ឆ្នាំ ក្នុង​គ្រួសារ​ក្រីក្រ មាន​ភាពរអាក់រអួល ឬ ថមថយ​ឡើយ ថែមទាំង​បានរួម​ចំណែក​ធ្វើ​មាន​សម្ទុះ​យ៉ាងខ្លាំង​ក្លា​ទៀតផង គឺ​ដោយសារ ពេល​ប្រជាពលរដ្ឋ​ទៅ​ទំនាក់ទំនង​នឹង​កម្មវិធី ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ធ្វើឱ្យ​ពួកគាត់ ទទួលបាន​ព័ត៌មាន និង យល់​កាន់តែច្បាស់ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​ក្រោម​អាយុ ២ ឆ្នាំ ក្នុង​គ្រួសារ​ក្រីក្រ “ ។​

លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម ដែលជា​អ្នកដឹកនាំ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ទាំង ២ របស់​រាជរដ្ឋាភិបាល ( រូបៈ មេសា )


​លោក ឈួ​រ សុ​បញ្ញា លើកឡើង​ប្រកបដោយ​វេជ្ជ​មាន​បែបនេះ ក្នុងពេល​ផ្តល់​បទសម្ភាសន៍ តាម​ទូរស័ព្ទ ដល់ រស្មី​កម្ពុជា នា​ព្រឹក​ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២០ នេះ ។​


​ទិន្នន័យ​ដែល​ផ្តល់​ដោយ​លោក ឈួ​រ សុ​បញ្ញា នៅ​ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២០ នេះដែរ គឺ មាន​អ្នក​ចុះឈ្មោះ អនុវត្ត​លក្ខន្តិកៈ និង កំពុង​ទទួលផល​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​ក្រោម​អាយុ ២ ឆ្នាំ ក្នុង​គ្រួសារ​ក្រីក្រ នេះ សរុប​ចំនួន ១០៩ ០៩៣ នាក់ ក្នុងនោះ ស្ត្រី ៨៤ ៩៧២ នាក់ និង កុមារ ២៤ ១២១ នាក់ ដោយ​រាជរដ្ឋាភិបាល​ចំណាយ​ថវិកា​គិត​ជា​មធ្យម ក្នុង ១ ថ្ងៃ ប្រមាណ​ជា ២៧ លាន​រៀល សរុប​ថវិកា​ដែល​បាន​ចំណាយ ( តាំងពី​ពេល​ចាប់ផ្តើម កាលពីដើមឆ្នាំ ២០២០ ) ជាង ២៣ ពាន់ និង ៥៥ លាន​រៀល ឬ ប្រមាណ​ជាជាង ០៥ លាន និង ០៦ សែន ដុល្លារ អាមេរិក ។


​បន្ថែម​ពីនេះ​ទៅ លោក ឈួ​រ សុ​បញ្ញា បាន​អំពាវនាវ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​ប័ណ្ណ​សមធម៌ ហើយ​មិនទាន់បាន​ចុះឈ្មោះ​ក្នុង កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​ក្រោម​អាយុ ២ ឆ្នាំ ក្នុង​គ្រួសារ​ក្រីក្រ សូម​ទៅ​ចុះឈ្មោះ ដើម្បី ទទួលបាន​អត្ថប្រយោជន៍​នានា​ពី​កម្មវិធី​នេះ ដូចជា​ការ ទទួលបាន​ថវិកា ការពិនិត្យ​ផ្ទៃពោះ និង សម្រាលកូន​ដោយ​ឥតគិតថ្លៃ នៅ​មណ្ឌល​សុខភាព​របស់​រដ្ឋ ដែលមាន​ជំនាញ​ត្រឹមត្រូវ​ជាដើម ។​


​លោក ឈួ​រ សុ​បញ្ញា ដែល​ក៏​ជា​អ្នកដឹកនាំ​អនុវត្ត​ផ្ទាល់​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ផង បានឱ្យដឹងថា បន្ទាប់ពី​បាន​អនុវត្ត​ប្រមាណ​ជា ២ សប្តាហ៍​មក គិត​ត្រឹម​ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២០ នេះ គឺ កម្មវិធី​នេះ​បាន​បើកប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​ពី​ជំងឺ​កូ​វីដ ១៩ ជិត ៥២ ម៉ឺន​គ្រួសារ ឬ ប្រមាន​ជា ៩៣ ភាគរយ​ហើយ ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាង ៥៦ ម៉ឺន​គ្រួសារ ដោយ​ចំណាយ​ថវិកា​របស់​រាជរដ្ឋាភិបាល​ប្រមាណ​ជា ៩២ ពាន់​លាន​រៀល ឬ ប្រមាណ​ជា ២២ លាន និង ០៥ សែន ដុល្លារ អាមេរិក ។


​តាម​នីតិវិធី ការ​បើ​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​សម្រាប់​ខែ មិថុនា ក្នុង​កម្មវិធី​នេះ នឹងត្រូវ​បិទ​បញ្ចប់​ត្រឹម​ថ្ងៃទី ២៤ ខែ កក្កដា ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ហេតុនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​កាលពី​ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២០ នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច បានស្នើ​អ្នកពាក់ព័ន្ធ​ទាំងឡាយ ជំរុញ​ប្រជាពលរដ្ឋ​ដែល​មិនទាន់បាន​បើក​ថវិកា​ពី​កម្មវិធី​នេះ ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​ទៅ​បើក​ថវិកា​នេះ​ឱ្យបាន​មុន​ថ្ងៃទី ២៤ ខែ កក្កដា ពុំ​នោះទេ ពួកគាត់ នឹងត្រូវ​បាត់បង់​ថវិកា​សម្រាប់​ខែ មិថុនា ព្រោះ​ចាប់ពី​ថ្ងៃទី ២៥ ខែ កក្កដា នេះ​ទៅ នឹងត្រូវ​អនុវត្ត​បើក​ថវិកា​សម្រាប់​ខែ កក្កដា តែប៉ុណ្ណោះ ។​


​គប្បី​រំឭកថា ជា​ផ្នែក​មួយ នៃ កសាង​មូលធន​មនុស្ស តាមរយៈ​ការលើកកម្ពស់​អាហារូបត្ថម្ភ រាជរដ្ឋាភិបាល កម្ពុជា បានដាក់​ចេញ​ឱ្យ​អនុវត្ត​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​ក្រោម​អាយុ ២ ឆ្នាំ ក្នុង​គ្រួសារ​ក្រីក្រ ដែល​បានចាប់ផ្តើម​អនុវត្ត​កាលពី​ពាក់កណ្តាល​ឆ្នាំ ២០១៩ ដោយមាន​ក្រសួងសុខាភិបាល ជា​សាមីក្រសួង ហើយក៏​ត្រូវបាន​ផ្ទេរ​មកឱ្យ​ក្រសួង​សង្គមកិច្ច ដោយមាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម ជា​អ្នកដឹកនាំ​អនុវត្ត​វិញ ចាប់ពី​ដើមឆ្នាំ ២០២០ នេះ ៕ Kh

​ប្រជាពលរដ្ឋ​ទៅ​ទទួលយក​សេវា​ឧបត្ថម្ភ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល ក្នុងពេល​កូ​វីដ ១៩ ធ្វើឱ្យ​ពួកគាត់​ទទួលបាន​ព័ត៌មាន​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ( រូបៈ មេសា )