នាយសេនាធិការកងទ័ពជើងគោកអាម៉េរិកចុះហេត្ថលេខាលើកិច្ចព្រមព្រៀង “ចក្ខុវិស័យយុទ្ធសាស្ត្រ” ជាមួយថៃ

331
ចែករម្លែក

នាយសេនាធិការកងទ័ពជើងគោកអាម៉េរិក​ លោកឧត្តមសេនីយ៍ ជែម ម៉ាកខុនវីល បានជួបជាមួយនាយករដ្ឋមន្រ្តីថៃនិងមេបញ្ជាការកងទ័ពថៃនៅថ្ងៃសុក្រទី ១០ កក្កដានេះក្នុងដំណើរទស្សនកិច្ចជាន់ខ្ពស់របស់គណៈប្រតិភូបរទេសទៅកាន់ប្រទេសថៃចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ បានរំខានដល់ការធ្វើដំណើរអន្តរជាតិ។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាម៉េរិកបានឱ្យដឹងថា លោកម៉ាកខុនវីលបានជួបជាមួយនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចានិងមេបញ្ជាការកងទ័ពជើងគោកថៃលោក អាពីរ៉ាត់ គង់សំពង់ និង ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ចក្ខុវិស័យយុទ្ធសាស្រ្តមួយផងដែរ ខណៈរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមធានាដល់សម្ព័ន្ធមិត្តអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតំបន់នេះ។

ខ្លឹមសារនៃសេចក្តីថ្លែងការណ៍នោះមិនត្រូវបានចេញផ្សាយនោះទេ ប៉ុន្តែស្ថានទូតបាននិយាយថា លោកម៉ាកខុនវីលនិងលោកអាពីរ៉ាត់ “បានពិភាក្សាអំពីការធ្វើទំនើបកម្មអន្តរប្រតិបត្តិការ ការបណ្តុះបណ្តាលរួមគ្នា និង គោលការណ៍យុទ្ធសាស្ត្រ”។

សហរដ្ឋអាម៉េរិកបានស្វះស្វែងទប់ទល់នឹងឥទ្ធិពលរបស់ចិននៅតំបន់អាស៊ីអាគ្នេយ៍ថ្មីៗនេះដោយបញ្ជូននាវាផ្ទុកយន្តហោះចំនួន២ គ្រឿងទៅកាន់សមុទ្រចិនខាងត្បូង ខណៈយោធាចិនបានធ្វើសមយុទ្ធនៅជិតកោះ ដែលទាមទារដោយប្រទេសវៀតណាម។

ថៃគឺជាសម្ព័ន្ធមិត្តចំណាស់ជាងគេបំផុតរបស់អាម៉េរិកនៅអាស៊ីប៉ុន្តែទំនាក់ទំនងបានថមថយដោយសាររដ្ឋប្រហារយោធាឆ្នាំ ២០១៤ ដែលដឹកនាំដោយមេបញ្ជាការកងទ័ពជើងគោកប្រាយុទ្ធ ចាន់អូចា ដែលបានបណ្តេញរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត។

សហរដ្ឋអាម៉េរិកបានកាត់បន្ថយការផ្លាស់ប្តូរផ្នែកយោធាមួយចំនួនជាមួយថៃហើយរដ្ឋាភិបាលក្រុងបាងកកបានឆ្លើយតបវិញ ដោយបង្កើតឱ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយចិន។

ប៉ុន្តែចំណងទាក់ទងបានប្រសើរឡើង បន្ទាប់ពីការបោះឆ្នោតទូទៅកាលពីឆ្នាំមុន ដែលបានស្តារច្បាប់ស៊ីវិលឡើងវិញជាផ្លូវការ ខណៈរក្សាទុកលោកប្រាយុទ្ធជាមេដឹកនាំស៊ីវិល ជាហេតុនាំឱ្យមានកិច្ចព្រមព្រៀងទិញអាវុធពីអាម៉េរិកមានដូចជារថពាសដែកនិងឧទ្ធម្ភាគចក្រប្រយុទ្ធធុនស្រាលកាលពីឆ្នាំមុន៕ ដោយ៖ កញ្ញាដាលីស

លោកឧត្តមសេនីយ៍ ជែម ម៉ាកខូនវីល និងនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា