ប្រេសិត​អាម៉េរិក​បញ្ជាក់​ជា​ថ្មី​អំពី​សម្ព័ន្ធភាព​ចំពោះ​ជប៉ុន​បន្ទាប់ពី​ទស្សនកិច្ច​នៅ​ទីក្រុង​សេ​អ៊ូ​ល​

147
ចែករម្លែក

​ប្រេសិត​អាមេរិក​នៅ​ថ្ងៃ​សុក្រ​ទី​១០​ខែ​កក្កដា​បាន​ធានា​ដល់​មន្ត្រី​ជាន់ខ្ពស់​ជ​ប៉ុន​អំពី​សារៈសំខាន់​នៃ​សម្ព័ន្ធភាព​របស់​ពួកគេ​ក្នុងការ​ទប់ទល់​និង​ដោះស្រាយ​ការគំរាមកំហែង​សន្តិសុខ​ក្នុង​តំបន់ ។ ការបញ្ជាក់​​ជា​ថ្មី​នេះ​ត្រូវបាន​ធ្វើឡើង​ចំ​ពេល​ដែល​បងប្អូន​ស្រីរ​បស់​មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​បង្ហាញ​ការរំពឹង​ទុក​តិចតួច​អំពី​កិច្ច​ជំនួប​កំពូល​រវាង​បង​ប្អូនប្រុស​របស់​លោក​ស្រី គឺ លោក គីម ជុន អ៊ុន និង​ប្រ​​ធានា​ធិបតី​អាម៉េរិក លោក ដូ​ណា​ល់​ត្រាំ​នៅ​ឆ្នាំ​នេះ​។​

​លោក Stephen Biegun អនុ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​នេះ កំពុងស្ថិត​នៅ​ទីក្រុង​តូ​ក្យូ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទីក្រុង​សេ​អ៊ូ​ល​ជា​កន្លែង​ដែល​លោក​បាន​ពិភាក្សា​អំពី​ការ​​ទូត​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង​ដែល​បាន​បដិសេធ​មិន​បន្ត​ជំនួប​ចរចា​ឡើង​វិញ​ដោយសារតែ​អ្វី​ដែល​ខ្លួន​ហៅថា​ជា​គោលនយោបាយ​អរិភាពរ​បស់​អាម៉េរិក​។​

​នៅក្នុង​ជំនួប​ដោយឡែក លោក Stephen Biegun បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន លោក​Toshimitsu Motegi និង​ជួប​ជាមួយ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក Taro Kono​។​​លោក​បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​សម្ព័ន្ធភាព​របស់​ពួកគេ​ក្នុង​ការថែរក្សា​និង​ពង្រឹង​ការពារ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​អោយមាន​សេរីភាព​និង​បើក​ចំហ​និង​ដោះស្រាយ​ទុក្ខ​កង្វល់​ក្នុង​តំបន់ ដោយ​រួម​​ទាំង​បញ្ហា​កូរ៉េ​ខាងជើង​និង​ចិន​។​

​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោកស្រី Kim Yo Jong បង​ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង​នេះ បាន​និយាយថា​បង​ប្អូនប្រុស​របស់​លោកស្រី​នឹងមិន​ជួប​លោក​ដូណាល់​ត្រាំ​ទេ​ពីព្រោះ​មិន​ចាំបាច់​សម្រាប់​​កូរ៉េខាងជើង​ក្នុងការ​ធ្វើ​ជំនួប​ជាមួយ លោក ដូ​ណា​ល់​ត្រាំ​នៅពេល​ដែល​ខ្លួន​មិន​បាន​ទទួល​រង្វាន់​ណាមួយ​ត្រឡប់​មក​វិញ​នោះ​។

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​លោកស្រី​ដែល​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​កូរ៉េ​KCNA​នោះ លោកស្រី​បាន​អំពាវនាវ​ឱ្យ​មាន​សម្បទាន​សំខាន់ៗ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​រក្សា​ការទូត​នុយក្លេអ៊ែរ​​ឱ្យ​នៅ​រស់​តទៅទៀត​នោះ​៕

​លោក Stephen Biegun និង លោក Toshimitsu Motegi ស្ថិត​នៅក្នុង​ជំនួប​ពិភាក្សា​នៅ​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃទី​១០​ខែ​កក្កដា​ឆ្នាំ​២០២០