​ផ្សព្វផ្សាយ​ការបង្ការ​និង​លុបបំបាត់​ជំងឺគ្រុនចាញ់​នៅតាម​សហគមន៍​

102
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ក្រសួងបរិស្ថាន​សហកា​រ​ជាមួយ​ក្រសួងសុខាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ កាលពី​ព្រឹក​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០២០​នេះ​បានរៀបចំ​ពិធី​សំណេះសំណាល​និង​ផ្សព្វផ្សាយ​កម្មវិធី​បង្ការ ។​លុបបំបាត់​ជំងឺគ្រុនចាញ់​ជូន​ដល់​សហគមន៍​តំបន់ការពារធម្មជាតិ​និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅតាម​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​នៅ​កម្ពុជា​។​

​ពិធី​នេះ​ក្រោម​អធិបតីភាព​លោកស្រី​ម៉ុម​ថា​នី​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​អមដំណើរ​ដោយ​លោក​ខៀវ​បូ​រិ​ន​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​ប្រតិភូ​ក្រសួងបរិស្ថាន​ក្រសួងសុខាភិបាល​តំណាង​អភិបាលខេត្ត​ព្រះវិហារ មន្ទីរ​បរិស្ថាន​ខេត្ត តំណាង​អង្គការ​ព្រៃ​ឡង់​បៃតង​។​

​លោក​គោ​ស៊ុ​ប៊ុន​សឿត​អភិបាលខេត្ត​ស្តីទី​តំណាង​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​លើកឡើងថា​វេទិកា​នា​ថ្ងៃនេះ​ពិត​ជាមាន​សារៈសំខាន់​ចូលរួម​កាត់បន្ថយ​ការលំបាក​និង​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​នៅតាម​មូលដ្ឋាន​។​

​លោក​វេជ្ជបណ្ឌិត ឡឹ​ក ឌី​សូឡី អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​បាន​លើកឡើងថា ការបង្ការ​ខ្លួន​ពី​ជំងឺគ្រុនចាញ់ គ្រុនឈាម និង​ដង្កូវ​ព្រូន ចាំបាច់​ត្រូវការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ធ្វើ​អនាម័យ និង​ការយល់ដឹង​ពី​វិធី​ការពារ​។​លោក​វេជ្ជបណ្ឌិត​បន្តថា​ត្រូវ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ជាពិសេស​ប្រជា​សហគមន៍ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មានការ​សម្រាក​ក្នុង​មុង​សុវត្ថិភាព ការសម្អាត​អនាម័យ​តាម​ភូមិដ្ឋាន បំបាត់​ជម្រក​មូស ការបរិភោគ​ស្អាត និង​រស់នៅ​ស្អាត​។​

​លោកស្រី​ម៉ុម​ថា​នី​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានលើកឡើង​ពី​ការយក​ចិ​ត្ដ​ទុកដាក់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន​ចំពោះ​សុខភាព​និង​សុខុមាលភាព​របស់​ប្រជា​សហគមន៍​ក្នុង​តំបន់ការពារធម្មជាតិ​។​ព្រឹ​ត្ដិ​ការណ៍​នា​ថ្ងៃនេះ​បានបង្ហាញ​ពី​ការ​បេ្ដ​ជ្ញា​ចិ​ត្ដ​ខ្ពស់​របស់​ក្រសួងបរិស្ថាន​ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ជាពិសេស​ក្រសួងសុខាភិបាល​ដើម្បី​លុបបំបាត់​ជំងឺគ្រុនចាញ់​ទាំងស្រុង​ពី​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០២៥​ស្របតាម​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ​២០១១-២០២៥​។​

​សូមបញ្ជាក់ថា​៖ ក្នុង​ពិធី​សំណេះសំណាល និង​ផ្សព្វផ្សាយ​ការបង្ការ​ជំងឺគ្រុនចាញ់ គ្រុនឈាម និង​ដង្កូវ​ព្រូន​នាពេលនេះ លោកស្រី​ម៉ុម ថា​នី និង​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល និង​អាជ្ញាធរ​ខេត្តព្រះវិហារ បានផ្តល់​គណៈកម្មការ​សហគមន៍​តំបន់ការពារធម្មជាតិ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៅតាម​តំបន់ការពារធម្មជាតិ​នៅក្នុង​ខេត្តព្រះវិហារ រួមមាន​៖ មុង​ចំនួន​៤០០​មុង​, ថ្នាំព្រូន​ចំនួន​១០​កំប៉ុង និង​ថ្នាំ​អា​ប៊ែ​ត​ចំនួន​១០​គីឡូក្រាម​។​

​ជាមួយគ្នានេះ អង្គការ​ព្រៃ​ឡង់​បៃតង​ផ្តល់ជូន​ដល់​មន្ត្រី​ល្បាត រួមមាន​៖ មួកសុវត្ថិភាព​, ដប​ទឹក​, អង្រឹង​, អាវ​ភ្លៀង​, ពិល និង​សម្ភារៈ​មួយចំនួនទៀត​ផងដែរ​៕S/​