មន្ត្រីជាន់ខ្ពស់មហាផ្ទៃៈ វៀតណាមសន្យារុះរើតង់ចេញពីតំបន់មិនទាន់ឯកភាពគ្នាក្រោយកូវីដ១៩ចប់

212
ចែករម្លែក

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា បានធ្វើការបញ្ជាក់អំពីករណីការបោះតង់របស់ភាគីវៀតណាមចូលមកតំបន់ព្រំដែននៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងខេត្តកណ្តាល របស់ប្រទេសកម្ពុជា និងខេត្តអាងយ៉ាង របស់ប្រទេសវៀតណាម កាលពីអំឡុងខែមីនា ឆ្នាំ២០២០ ដែលមកដល់ពេលនេះ ភាគីវៀតណាមបានរុះរើចេញវិញចំនួន០៨កន្លែង ។ចំណែកតង់ដែលនៅសេសសល់មួយចំនួន ទៀត ភាគីវៀតណាមសន្យាថានឹងរើចេញឲ្យអស់ក្រោយពីជំងឺកូវីដ១៩ចប់។

  តង់ដែលភាគីវៀតណាមបានបោះនៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនសរុបចំនួន៤២តង់។

លោក សក់ សេដ្ឋា (រូបឯកសារ)

  លោក សក់ សេដ្ឋា បានបញ្ជាក់ប្រាប់រស្មីកម្ពុជាកាលពីរសៀលថ្ងៃទី១០ ខែកក្កដា ថា រហូតមកដល់ពេលនេះ ភាគីវៀតណាមបានរើតង់ចេញពីតំបន់មិនទាន់ឯកភាពគ្នាមានចំនួន ៨តង់ហើយ ក្រៅពីនេះបានរំកិលថយក្រោយបីបួនតង់ទៀត។ ចំណែកតង់ ដែលនៅសេសសល់ភាគីវៀតណាមបានបញ្ជាក់ថា តង់ដែលនៅសល់គឺនឹងធ្វើការ រុះរើក្រោយពីជំងឺកូវីដ១៩ចប់ ហើយមូលហេតុដែលបោះតង់នេះ គឺដើម្បីត្រួតពិនិត្យអ្នកធ្វើដំណើរចេញចូលខុសច្បាប់។ 

  រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានបន្តថា ជាគោលការណ៍គឺខិតខំក្តាប់សភាពនៅតាមព្រំដែន ជាពិសេសតំបន់ដែលភាគីទាំងពីរមិនទាន់ឯកភាពគ្នាតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ គឺរក្សាស្ថានភាពនៅដដែល ដោយភាគីម្ខាងៗ មិនត្រូវធ្វើអ្វីជាឯកតោភាគីដែលធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពដើមនៅតាមព្រំដែន ហើយការដែលបោះតង់នេះ ចាត់ទុកថា ភាគីវៀតណាមរំលោភទៅលើអ្វីដែលបានព្រមព្រៀងគ្នាកន្លងមក ហេតុនេះហើយបានជាកម្ពុជាទាមទារឲ្យវៀតណាមរក្សាស្ថានភាពនៅដដែល ជាពិសេសនៅតំបន់ដែលមិនទាន់បានបោះបង្គោលព្រំដែន ដើម្បីខណ្ឌសីមា។ 

លោកសក់ សេដ្ឋា បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ចំនួនតង់ដែលភាគីវៀតណាមបានរុះរើចេញវិញចំនួន០៨កន្លែង ក្នុងនោះ តង់ដែលបានបោះនៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនសរុបចំនួន៤២តង់។ ការបោះតង់របស់ភាគីវៀតណាមចូលមកតំបន់ព្រំដែនកើតឡើងនៅអំឡុងខែមីនា ឆ្នាំ២០២០។

ក្រសួងមហាផ្ទៃបានទទួលព័ត៌មានពីកម្លាំងនគរបាលការពារព្រំដែន យោធាព្រំដែន និងរដ្ឋបាលខេត្ត ករណីភាគីវៀតណាមបានបិទច្រកទ្វារព្រំដែនដោយឯកតោភាគី ព្រមទាំងសង់រោងប្រក់តង់និងដាក់ពង្រាយកងទ័ពការពារព្រំដែននៅតាមបណ្តោយព្រំដែនគោកកម្ពុជា-វៀតណាម ក្រោមរូបភាពទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩(COVID-19) ដោយលើកទង់ជាតិវៀតណាមនិងបដាសរសេរជាភាសាវៀតណាមថា«ប៉ុស្តិ៍ទប់ស្កាត់ជំងឺកូវីដ១៩»។

លោកបានបញ្ជាក់ថា ក្រសួងមហាផ្ទៃក៏មានវិធានការស្នើភាគីវៀតណាមគោរពឱ្យបានម៉ឺងម៉ាត់ស្របតាមមាត្រា១០ នៃលក្ខន្តិកៈព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៨៣, ចំណុច៨ នៃសេចក្តីប្រកាសព័ត៌មានរួមឆ្នាំ១៩៩៥ និងកថាខណ្ឌ៥ មាត្រា៣ នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធរវាងរដ្ឋាភិបាលទាំងពីរ ដោយត្រូវរក្សាស្ថានភាពដដែលនៅតំបន់ពុំទាន់ឯកភាព ជៀសវាងធ្វើសកម្មភាពឯកតោភាគីណាមួយដែលអាចប៉ះពាល់កិច្ចការដ៏សំខាន់នេះរហូតដល់វេលាដែលគណៈកម្មការចម្រុះព្រំដែនទាំងពីរឯកភាពខណ្ឌសីមានិងបោះបង្គោលក្នុងតំបន់នោះរួចរាល់ជាស្ថាពរ។ ទន្ទឹមនេះ ក្នុងដំណាក់កាលដ៏ស្មុគស្មាញដែលសុខុមាលភាពប្រជាពលរដ្ឋជាអាទិភាពដ៏ចាំបាច់សម្រាប់ប្រទេសទាំងពីរ, ស្នើរដ្ឋបាលខេត្តនិងកម្លាំងមានសមត្ថកិច្ចកម្ពុជាបន្ត​កិច្ចសហការជាមួយភាគីវៀតណាមក្នុងការរាំងខ្ទប់សកម្មភាពចេញ-ចូលខុសច្បាប់នៅតាមបណ្តោយព្រំដែន សំដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ឱ្យមានប្រសិទ្ធភាពខ្ពស់។ ស្នើរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធជាប់ព្រំដែនកម្ពុជា-វៀតណាមបន្ត​តាមដានសកម្មភាពរបស់ភាគីវៀតណាមឱ្យបានខ្ជាប់ខ្ជួន។ ក្នុងករណីភាគីវៀតណាមធ្វើសកម្មភាពមិនប្រក្រតី, ត្រូវហាមឃាត់ជាបន្ទាន់ និងធ្វើសេចក្តីរាយការណ៍​មកក្រសួង-ស្ថាប័នពាក់ព័ន្ធដោះស្រាយតាមនីតិវិធីច្បាប់។រដ្ឋបាលខេត្តត្រូវ​ប្រើប្រាស់ឱ្យអស់លទ្ធភាពនូវយន្តការដែលមានស្រាប់ក្នុងក្របខ័ណ្ឌច្បាប់អនុញ្ញាតដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោះស្រាយបញ្ហាអសកម្មទាំងឡាយប្រកបដោយស្មារតី មិត្តភាពនិងភាពជាអ្នកជិតខាងល្អ៕សរន/Ha

តង់ដែលភាគីវៀតណាមបោះនៅតំបន់មិនទាន់ឯកភាព(រូបឯកសារ)