អាម៉េរិកបង្ហាញផែនការយកពន្ធធ្ងន់ធ្ងរលើបារាំងដើម្បីសងសឹក

399
ចែករម្លែក

សហរដ្ឋអាម៉េរិកកាលពីថ្ងៃសុក្រទី១០កក្កដា បានបង្ហាញការយកពន្ធនាំចូល ដ៏ច្រើនសម្បើមលើប្រទេសបារាំងក្នុងការសងសឹកចំពោះការយកពន្ធរបស់ប្រទេសនេះមកលើក្រុមហ៊ុនបច្ចេកវិជ្ជាអាម៉េរិក ប៉ុន្តែនឹងពន្យារការប្រមូលថ្លៃពន្ធដើម្បីទុកពេល ដោះស្រាយជម្លោះនេះ។

ការិយាល័យរបស់អ្នកតំណាងពាណិជ្ជកម្មអាម៉េរិក រ៉ូបឺត​ ឡៃធីសហ្ស័រ យល់ឃើញថា ពន្ធលើសេវាកម្មឌីជីថលរបស់បារាំងមានលក្ខណៈរើសអើងនិង “ផ្តោតការវាយប្រហារមកលើ ក្រុមហ៊ុនបច្ចេកវិជ្ជាឌីជីថលរបស់សហរដ្ឋអាម៉េរិក ដោយអយុត្តិធម៌” ហើយនឹងវាយពន្ធពិន័យ ២៥ ភាគរយលើផលិតផលបារាំងតម្លៃ ១,៣ ពាន់លានដុល្លារ។

ទោះយ៉ាងណា អាម៉េរិកនឹងព្យួរពន្ធគយនេះរហូតដល់ថ្ងៃទី ៦ ខែមករាឆ្នាំ ២០២១ ខណៈការពិភាក្សានៅតែបន្តជុំវិញការខ្វែងគំនិតគ្នា។

បារាំងបានអនុម័តពន្ធលើក្រុមហ៊ុនបច្ចេកវិជ្ជាកាលពីរដូវក្តៅឆ្នាំមុនលើក្រុមហ៊ុនបច្ចេកវិជ្ជាដូចជា Facebook, Amazon, Apple និង Google ដែលរងការចោទប្រកាន់ថា បានបង្វែរប្រាក់ចំណេញរបស់ពួកគេទៅឯនាយសមុទ្រដើម្បីគេចពន្ធ។

ប៉ុន្តែកាលពីខែមករា របបក្រុងប៉ារីសបានផ្អាកការប្រមូលពន្ធរហូតដល់ ដំណាច់ឆ្នាំ២០២០។

ក្រុមហ៊ុនគ្រឿងសម្អាងនិងកាបូបដៃរបស់បារាំងនឹងត្រូវជាប់ក្នុងការវាយពន្ធពីសហរដ្ឋអាម៉េរិក ប៉ុន្តែស្រាសំប៉ាញ ឈីស Camembert និងឈីស Roquefort ត្រូវបានលើកលែង នេះយោងតាមបញ្ជីផលិតផលចុងក្រោយបន្ទាប់ពី USTR បានប្រមូលមតិយោបល់រាប់ពាន់លើផែនការសងសឹក៕ ដោយ៖ កញ្ញាដាលីស/Ha

អ្នកតំណាងពាណិជ្ជកម្មអាម៉េរិករ៉ូបឺត​ ឡៃធីសហ្ស័រ