កម្ពុជាៈវិធានការ​ប្រឆាំងនឹង​ការ​ក្លែង​ព័ត៌មាន ពុំមែន​ជាការ​រិត​ត្បិត​សេរីភាព​ទេ​

134
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ហ្សឺ​ណែវ មានការ​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​សេចក្តី​ស​ន្និដ្ឋា​ន​មិន​ត្រឹមត្រូវ​និង​បង្ក​ឲ្យ​មានការ​ភាន់​ច្រ​ទ្បំ របស់លោក David Kaye អ្នករាយការណ៍​ពិសេស ស្តីពី​សេរីភាព​នៃ​ការបញ្ចេញមតិ (​ហៅ​កាត់​ថា អ្នករាយការណ៍​ពិសេស​) ពាក់ព័ន្ធ​នឹង​ការឆ្លើយតប​ចំពោះ​មេរោគ​កូ​វីដ​១៩ របស់​កម្ពុជា ដែល​បានដាក់​បញ្ចូល​នូវ​គោលការណ៍​សិទ្ធិមនុស្ស​។​


កម្ពុជា​បាន​និយាយថា​ អ្នករាយការណ៍​ពិសេស​ហាក់​មិន​ត្រឹមតែ​ពុំបាន​ថ្កោលទោស​ការ​ក្លែង​ព័ត៌មាន និង​ព័ត៌មាន​ក្លែងក្លាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​លើកទឹកចិត្ត​ឱ្យ​បន្ត​មាន “​លំហូរ​ព័ត៌មាន​ដោយ​សេរី​” ដែល​រួមទាំង​ព័ត៌មាន​គ្រោះថ្នាក់​ឬ​អន្តរាយ​ទៀតផង​។ វិធីសាស្ត្រ​បែបនេះ​គឺ​ងាក​ចេញពី​គន្លង​នៃ​វិធីសាស្ត្រ​របស់​ឯកឧត្តម António Guterres​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដែល​បាន​ព្រមាន​អំពី​គ្រោះថ្នាក់​នៃ​ព័ត៌មាន​ក្លែងក្លាយ និង​ការប្រើប្រាស់​សារ​ស្អប់ខ្ពើម​។ ស្ថាន​បេសកកម្ម​របស់​កម្ពុជា​បាន​ហៅ​ទង្វើ​ទាំងអស់នេះ​គឺជា​ការវាយប្រហារ​ទៅលើ​ខ្លឹមសារ​នៃ​បទដ្ឋាន​និង​គោលការណ៍​សិទ្ធិមនុស្ស​។ ហេតុ​ដូចនេះហើយ ក្រុម​ការងារ​អង្គការសហប្រជាជាតិ កំពុង​បង្កើន​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​សាយ​នៃ​ព័ត៌មាន​ក្លែងក្លាយ​។ មហាសន្និបាត​សុខភាព ពិភពលោក​លើក​ទី​៧៣ កាលពី​ខែឧសភា ឆ្នាំ​២០២០ បានអនុម័ត​ដោយ​កុងសង់ស៊ីស​នូវ​សេចក្តីសម្រេចចិត្ត​ស្តីពី​ការឆ្លើយតប​នឹង​មេរោគ​កូ​វីដ​១៩ ដោយ​អំពាវនាវ​ដល់​រដ្ឋ​ជា​សមាជិក​ទាំងអស់ ចាត់វិធានការ​ប្រឆាំង​នឹង​ការ​ក្លែង​ព័ត៌មាន និង​ព័ត៌មាន​មិន​ពិត​។​

​ការឆ្លើយតប​របស់​ប្រទេស​កម្ពុជា​ចំពោះ​វិបត្តិ​សុខភាព​នេះ​មាន​គោលបំណង​ធានាថា ជីវិត​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ជាពិសេស​ក្រុម​ងាយ​រងគ្រោះ​បំផុត នឹងមិន​ត្រូវបាន​បាត់បង់​ដោយសារ​មេរោគ​កូ​វីដ ១៩​នោះ​ទ្បើ​យ​។ រាល់​វិធាន​ការដែល​បាន​ដាក់ចេញ​កន្លងមក បាន​គោរព​តាម​នីតិវិធី​ត្រឹមត្រូវ និង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នីត្យានុកូលភាព ភាពចាំបាច់ ភាព​សមាមាត្រ និង​ពុំមាន​ការរើសអើង​៕​សរន​/Ha