កូ​វីដ ១៩ នៅ​កម្ពុជាៈ ថ្ងៃទី១១ កក្កដា ជាសះស្បើយ២ នាក់ គ្មាន​អ្នក​ឆ្លង​ថ្មី

116
ចែករម្លែក

ដោយៈ មេសា​ /​ភ្នំពេញៈ សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២០ ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជាមាន​ដូចតទៅ ៖


១. ករណី​ឆ្លង​ថ្មី ៖ គ្មាន​

២. អ្នក​ឆ្លង​សរុប ( រួមទាំង​អ្នក​ព្យាបាល​ឱ្យ​ជាសះស្បើយ​ផង ) ៖ ១៤១ នាក់ ក្នុងនោះ​ស្ត្រី ៤០ នាក់ និង បុរស ១០១ នាក់ ។​


៣. អ្នកជា​សះស្បើយ​ថ្មី ៖ ២ នាក់ គឺជា​បុរស​ជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ អំពិល ស្រុកក្រូ​ចឆ្មារ ខេត្ត ត្បូងឃ្មុំ និង យុវជន​ជនជាតិខ្មែរ​អាយុ ១៥ ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ស្រុកព្រៃកប្បាស ខេត្តតាកែវ គឺជា​អ្នកដំណើរ​មកពី​ប្រទេសម៉ាឡេស៊ី ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មណ្ឌល​សុខភាពចាក់អង្រែ រាជធានី​ភ្នំពេញ បន្ទាប់ពី​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​ស​កូ​វីដ ១៩ ចំនួន ២ លើក ។​


៤. អ្នក​ព្យាបាល​ឱ្យ​សះ​ស្បើ​សរុបៈ ១៣៣ នាក់


៥. អ្នក​កំពុង​សម្រាក​ព្យាបាល ៖ ៨ នាក់ ក្នុងនោះ​បុរស​ជនជាតិ ខ្មែរ ៧ នាក់ និង ស្ត្រី​ជនជាតិ ខ្មែរ ១ នាក់ គឺជា​អ្នក​បាន​វិល​ត្រលប់​មកពី​ប្រទេស ឥណ្ឌូណេស៊ី បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។​


​តាមរយៈ​សេចក្តីប្រកាស​នេះ ក្រសួងសុខាភិបាល បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​សុខាភិបាល ក្រុមគ្រូពេទ្យ​នៅ​ទូទាំងប្រទេស ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង និង បង្ការ​ជំងឺឆ្លង​អាមេរិក និង វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​បាន​បំពេញ​កាតព្វកិច្ច​បាន​យ៉ាង​ល្អ​បំផុត ។​


​សូមជម្រាបថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងសុខាភិបាល និង អង្គការ​សុខភាព​ពិភពលោក តែងតែបាន​ក្រើនរំឭក​ដល់​សាធារណជន​នៅ​កម្ពុជា ឱ្យ​រក្សា​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ការអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ដែល​ហៅថា “ ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី “ ដូចជា​លាង​សម្អាត​ដៃ ពាក់​ម៉ាស់ ( ក្នុងករណី​ចាំបាច់ ) នៅ​ឱ្យ​ឃ្លាត​គ្នា​ពី ១ ទៅ ២ ម៉ែត្រ ជាដើម ព្រោះ កម្ពុជាមិនទាន់មាន​សុវត្ថិភាព​ពី​ជំងឺ​កូ​វីដ ១៩ នៅឡើយ​ទេ ហើយ​ថា កម្ពុជាអាច​នឹងរង​ការវាយប្រហារ​ដោយ​រលក​ទី ២ ដែល​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​នេះ ប្រសិនបើកម្ពុជាធ្វេសប្រហែស ៕ Kh/Ha