ចិន​ថា​បង្គា​ជា​អ្នក​ផ្ទុក​វីរុស​ឆ្លង​បន្ទាប់​ពី​បញ្ហា​ត្រី​សាល់​ម៉ុន​

237
ចែករម្លែក

​ចិន​បាន​និយាយ​ថា​ សំណាក​គំរូ​នៃ​បង្គា​នាំចូល​ត្រូវបាន​ធ្វើតេស្តវិជ្ជមាន​វីរុស​កូរ៉ូណា​(​កូវី​ដ​១៩)​ដែល​នាំឱ្យ​ចោទ​ជា​សំណួរ​ជា​ថ្មី​ថា​តើ​មេរោគ​នេះ​អាច​ឆ្លង​តាមរយៈ​អាហារ​ឬ​ផលិតផល​កក​ក្លាសេ្ស​ដែរឬទេ​។​

​រដ្ឋបាល​គយ​របស់​ចិន​បាន​និយាយថា ​វីរុស​នេះ​ត្រូវបាន​ធ្វើតេស្តវិជ្ជមាន​ទាំង​ក្នុងនិង​ក្រៅ​នៃ​កញ្ចប់​បង្គា និង​ថា​សំណាក​វិភាគ​ទាំងនោះ មកពី​រោងចក្រ​៣​នៅ​ប្រទេស​អេក្វាទ័រ​ហើយ​ការ​នាំចូល​ពី​ក្រុម​​ហ៊ុន​កែច្នៃ​ទាំងនោះ​នឹង​ត្រូវ​បញ្ឈប់​។​

​លោក Bi Kexin ប្រធានការិយាល័យ​សុវត្ថិភាព​នាំចូល​និង​នាំចេញ​ចំណីអាហារ​នៃ​នាយកដ្ឋាន​គយ​នេះ​បាន​និយាយថា​”​លទ្ធផល​នៃ​ការធ្វើ​តេស្តមិនមែន​មានន័យថា​វីរុស​នេះ​ឆ្លង​រាលដាល​នោះ​ទេ ​ប៉ុន្តែ​​បង្ហាញឱ្យឃើញ​ភាព​ចន្លោះប្រហោង​នៃ​បទដ្ឋាន​សុវត្ថិភាព​ចំណីអាហារ​របស់​ក្រុមហ៊ុន​ទាំងនោះ​។​គយ​ចិន​នឹង​ពង្រឹង​ការគ្រប់គ្រង​លើ​ប្រភពដើម​នៃ​អាហា​រកកក្លាសេ្ស​ដែល​នាំចូល​”។

​កាលពី​ខែ​មុន ​ចិន​បាន​លើកឡើង​អំពី​ការនាំ​ចូល​ត្រី​សាល់​ម៉ុន​ដែល​អាច​ជា​ការចម្លង​វីរុស​កូវី​ដ​១៩​នៅ​ទីក្រុង​ប៉េកាំង​ ដោយ​ធ្វើឱ្យ​មាន​ការ​ធ្វើ​ពហិការ​ដោយ​មិន​ទិញ​ត្រី​នេះ​នៅពេល​ដែល​ផ្សារ​ទំនើប​​បាន​យក​ផលិតផល​ធ្វើ​ពី​ត្រី​ប្រភេទ​នេះចេញពី​កន្លែង​លក់​របស់​ពួកគេ​។​

​ចិន​ក៏​បាន​ចាប់ផ្តើម​ធ្វើតេស្តយ៉ាង​ច្រើន​លើ​ការនាំចូល​អាហារ​ក្លាសេ្ស​នៅតាម​កំពង់ផែ​នានា​និង​បាន​បិទ​ការដឹកជញ្ជូន​ពី​រោងចក្រ​ផលិត​សាច់​នៅ​បរទេស​ដែល​បាន​រាយការណ៍​ថា​មាន​ការឆ្លង​វីរុស​​នៅក្នុង​ចំណោម​កម្មករ​។​

​ទោះយ៉ាងណា ក្រុមមន្ត្រី​ចិន​ក៏​បាន​យល់ព្រម​ជា​មួយ​ក្រុម​អ្នកជំនាញ​ពិភពលោក​ផងដែរ​ចំពោះ​ការ​នាំចូល​ចំណី​អាហារ​ដែល​មាន​ហានិភ័យ​ទាប​ក្នុង​ការចម្លង​វីរុស​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn/hA

ផលិតផល​អាហា​សមុទ្រ​ក្លាសេ្ស​ដែល​ធ្វើ​អំពី​បង្គានាំចូល​នៅ​ផ្សារ​ទំនើប​មួយ​នៅ​ទីក្រុង​ប៉េកាំង​