គ្រោង​នឹង​កែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៅ​ភ្លើងស្តុប​ច្រមុះជ្រូក​ក្បាលថ្នល់​និង​ភ្លើងស្តុប​វត្ត​នាគ​វ័ន​

289
ចែករម្លែក
កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​និង​ប៉ូលីស​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​

ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងធ្វើ​ការកែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៅ​ចំណុច​ភ្លើងស្តុប​ចំនួន​ពីរ គឺ​ភ្លើងស្តុប​ច្រមុះជ្រូក​ក្បាលថ្នល់​និង​ភ្លើងស្តុប​វត្ត​នាគ​វ័ន​ដើម្បី​ឲ្យ​ចរាចរណ៍​មាន​ភាពល្អប្រសើរ​ជាង​បច្ចុប្បន្ន​។​


គម្រោងការប្ដូរ​ប្រព័ន្ធ​ចរាចរណ៍​នៅ​ភ្លើងស្តុប​ទាំងពីរ​ខាងលើនេះ​ បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​មួយជាមួយ​មន្ត្រី​ជំនាញ​និង​ប៉ូលិស​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​


លោក​សាំ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ប្រព័ន្ធ​ចរាចរណ៍​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់​មានការ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​។ ដោយ​មើលឃើញ​ពី​បញ្ហា​ខាងលើនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​​ ក្រោម​ការដឹកនាំ​របស់លោក​ឃួ​ង ស្រេង បាន​សុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល ដើម្បី​សូម​យក​ស្ថានីយ​ប្រេង​ចេញពី​ច្រមុះជ្រូក​ក្បាលថ្នល់ ដោយ​ប្តូ​ទៅកាន់​ទីតាំង​ផ្សេង ដើម្បី​សម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៅ​តំបន់​នេះ​។​ដោយឡែក​នៅ​ភ្លើងស្តុប​វត្ត​នាគ​វ័ន​វិញ ក៏មាន​ការកែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​ដែរ ដោយ​នឹងធ្វើ​ការបើកផ្លូវ​២២១ ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ​ដែល​បច្ចុប្បន្ននេះ​បិទ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​ឡើងមក​លើផ្លូវ​សហព័ន្ធរុស្ស៊ី​និង​កាត់​ផ្លូវ​ហ​ព័ន្ធ​រុស្ស៊ី​ចូលទៅ​វត្ត​នាគ​វ័ន​ឲ្យ​ដំណើរការ​ចរាចរណ៍ តែ​មិន​អនុញ្ញាតឲ្យ​បត់​ឆ្វេង បត់​ស្ដាំ​ចុះ​ពី​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទៅលើ​កំណាត់​ផ្លូវ​លេខ​២២១​នេះឡើយ​។​


លោក​ឃួ​ង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ បាន​ឯកភាព​ទៅនឹង​ការកែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​នៅ​ភ្លើងស្តុប​ទាំងពីរ​ខាងលើ​។ ប៉ុន្តែ​មុន​នៃ​ការបើក​ឲ្យ​ធ្វើ​ចរាចរណ៍​នៅ​ស្តុប​ទាំង​២​នេះ​ត្រូវតែធ្វើ​បទ​បង្ហាញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​អំពី​ការកែសម្រួល​នៅ​ភ្លើងស្តុប​ទាំងពីរ​ខាងលើនេះ ៕សរន/Ha