ការផ្លាស់ប្តូរលំនៅពីកន្លែងប្រភព​បំផ្លាញធនធានធម្មជាតិធ្វើឱ្យ​អ្នកភូមិសុវណ្ណាបៃតងប្រែមុខ​មាត់ថ្មីជាមួយមុខរបរ កសិកម្ម

342
ចែករម្លែក

ដោយ៖ដេប៉ូ/កោះកុង៖អ្នកភូមិសុវណ្ណាបៃតង ពីដើមឡើយធ្លាប់តែជាអ្នករស់នៅតាម​តំបន់អភិរក្សសត្វព្រៃ ,តំបន់អភិរក្សធនធានធម្មជាតិ ដូចជា តំបន់ព្រៃភ្នំ រស់តាម​ដងព្រែក​​ស្ទឹងព្រាត់ឬក៏រស់នៅ តាមជ្រលងព្រែកជីហាតក្នុងទឹកដីខេត្តកោះកុង ដែលប្រកាន់នូវមុខរបរកាប់ព្រៃឈើ បរបាញ់សត្វនិងតែងបំផ្លាញធនធាន​ធម្មជាតិពេលនេះ​បានមករស់នៅតំបន់អភិវឌ្ឍន៍ថ្មីធ្វើឱ្យជោគជ័យ​ទាំងមុខរបរ​និងជីវិតរស់នៅ។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងមន្រ្តីនាំពាក្យក្រសួងបរិស្ថាន

          សូមបញ្ជាក់ថាអ្នកភូមិសុវណ្ណាបៃតងនេះ ស្ថិតនៅ ឃុំកណ្តោល ស្រុក បូទុមសាគរ ខេត្ត កោះកុង។ពួកគាត់ បច្ចុប្បន្នរស់នៅក្នុង សហគមន៍សុវណ្ណាបៃតង​ដែលមានសមាជិកជាង២០០គ្រួសារ ដោយប្រកាន់នូវមុខរបរកសិកម្មជាបង្អែក។

លោក គង់ ប៊ុនឈាន និង ភរិយាកសិកររស់នៅ ភូមិសុវណ្ណា

          លោក នេត្រ ភក្រា្ត រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានដែល​បានដឹកនាំប្រតិភូបំពេញទស្សនកិច្ចខេត្តកោះកុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៩-១០ខែកក្កដា ឆ្នាំ ២០២០កន្លងមកបានឱ្យដឹងថាក្រុមប្រជាពលរដ្ឋដែល បានផ្លាស់​មកតាំងលំនៅក្នុងភូមិសុវណ្ណានេះគឺធ្វើឡើងចាប់តាំងតែឆ្នាំ២០០៤រហូតមកដល់ឆ្នាំ២០២០នេះមានចំនួនជាង២០០គ្រួសារហើយ។ជាមួយនឹងការមកតាំង​លំនៅ​ឋាន​ថ្មីនេះដែរធ្វើឡើងបន្ទាប់ពីមានការគាំទ្រពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ មន្រ្តីពាក់ព័ន្ធ ក្នុងទិសដៅដ៏សំខាន់មួយគឺដើម្បីឱ្យពួកគាត់កាត់ផ្តាច់ពីការ​ប្រកបរបរប្រពៃណី​បុរាណដោយចូលព្រៃកាប់ឈើ បរបាញ់សត្វ និងការប្រមូលនូវអនុផលព្រៃឈើ ដោយក្នុងនេះគេបានស្នើសុំឱ្យពួកគាត់ស្ម័គ្រចិត្តមករស់នៅតំបន់កន្លែងថ្មីនេះវិញ ក៏ដូចជាជំនួសការប្រកបរបរថ្មីសម្រាប់ចិញ្ចឹមជីវិត។ក្នុងការមករស់នៅតំបន់​ថ្មី​នេះគបានធ្វើការរៀបចំគម្រោងបែបថ្មី ដោយធ្វើការចែកដីម្នាក់មួយគ្រួសារដែល​មានទំហំដី ២៥ម៉ែត្រគុណនឹង៦០០ម៉ែត្រ ក្នុងនេះគេធ្វើការបែងចែកដីភូមិ ដីចម្ការ សម្រាប់ដាំដំណាំហូបផ្លែផ្សេងៗដែលអាចផ្គត់ផ្គង់គ្រួសារនិងផ្គត់ផ្គង់ទីផ្សារក្នុងតំបន់និងខេត្តដទៃទៀត។

          តាមរយៈការផ្លាស់ប្តូរទីតាំងរស់នៅនេះត្រូវបាន លោក នេត្រ ភក្ត្រា បញ្ជាក់​ថាជាការផ្លាស់ប្តូរដល់មុខរបររបស់ពួកគាត់បែបថ្មីដោយបញ្ឈប់ការធ្លាប់តែកាប់ព្រៃឈើ បរបាញ់សត្វ ជំនួសមកវិញការដាំដំណាំកសិកម្មបែបថ្មីទំនើបដែល​អាចទ្រទ្រង់​ជីវភាពល្អប្រសើរជាងមុន។

          លោកបានបញ្ជាក់ជុំវិញបញ្ហានេះថា “ការដែលឱ្យពួកគាត់មករស់នៅ​កន្លែង​ថ្មីនេះគឺបានធ្វើឱ្យពួកគាត់មានលំនឹងក្នុងជីវិតច្បាស់លាស់ក្នុងនេះដូចជាទី ១.ឱ្យពួក​គាត់មានកម្មសិទ្ធដីធ្លី, ទី២គឺមានមុខរបរ,ទី ៣គឺមានចំណូល ហើយទី៤គឺឱ្យមានសុវត្ថិភាព ក្នុងការរស់នៅរបស់ពួកគាត់”។

          ទាក់ទិនទៅនឹងការមករស់នៅតំបន់កន្លែងថ្មីរបស់ប្រជាពលរដ្ឋនេះដែរ លោក រដ្ឋលេខាធិការបានឱ្យដឹងផងថាបានធ្វើឱ្យតំបន់កន្លែងចាស់គាត់ធ្លាប់រស់នៅប្រែក្លាយជាកន្លែងសត្វរស់នៅតំបន់អភិរក្សធនធានធម្មជាតិដែលធ្វើឱ្យក្លាយជាតំបន់អេកូរទេសចរណ៍ទាក់ទាញឱ្យភ្ញៀវទេសចរចូលទៅកម្សាន្តតរៀងរាល់ថ្ងៃរហូតមកដល់ពេលបច្ចុប្បន្ន។

          លោកបានលើកឡើងថា “មិនត្រឹមតែបងប្អូនដែលស្ម័គ្រចិត្តមក​រស់នៅទីនេះ​ទេសូម្បីតែបងប្អូនដែលរស់នៅតំបន់អភិរក្សទាំងនោះ នាពេលបច្ចុប្បន្នយើង​ក៏បានជំរុញឱ្យពួកគាត់រួមគ្នាការពារនិងអភិរក្សតំបន់ទាំងនេះដើម្បីប្រែក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរដែលជាប្រភពចំណូលប្រចាំថ្ងៃរបស់ពួកគាត់ដូចគ្នា”។

          លោកនេត្រភក្រ្តាបានថ្លែងដែរថាគិតរហូតមកទល់បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,៣ លាន ហិកតាដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៩ កន្លែង និងមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០ នាក់ដោយសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូនានាបាននិងកំពុងឈរជើងការពារ។

          លោកបានបញ្ជាក់ជុំវិញបញ្ហានេះថា “សហគមន៍ទាំងអស់នេះទី១យើង​ចាំបាច់​ត្រូវពង្រឹងតួនាទីរបស់គាត់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិពីព្រោះ​ធនធានធម្មជាតិដែលនៅក្នុងតំបន់របស់ខ្លួនគឺជាទ្រព្យសម្បតិ្តរបស់ពួកគាត់ ទី២ យើតកាត់ផ្តាច់ពីមុខរបរកាលពីមុនរបស់គាត់ដែលពឺងផ្អែកលើធនធានធម្មជាតិមកជាការបង្កើតចំណួលថ្មី ។ដូចជាករណីប្រជាសហគមន៍នៅក្នុងភូមិសុវណ្ណានេះ​យើងឃើញថាជីវភាពរបស់គាត់មានការរីកចម្រើនដូច្នេះវាជាគំរូមួយសម្រាប់ ការអភិវឌ្ឍន៍ដល់សហគមន៍ផ្សេងទៀត”។

          ព្រមជាមួយគ្នានេះលោកអាណុច ដែលជាប្រធានសហគមន៍អភិវឌ្ឍន៍​កសិកម្មភូមិសុវណ្ណាបៃតងបានឱ្យដឹងថា ក្រោមការជួយជ្រោមជ្រែងនៃគម្រោង​របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃដែលមានរយៈពេលពីឆ្នាំ២០០៤រហូតមកដល់ពេលនេះមានរយៈពេលជាង១៦ឆ្នាំហើយឃើញថា ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នេះ​មានការសប្បាយចិត្តដោយសារគាត់មានលំនៅដ្ឋានជាកម្មសិទ្ធ គាត់មានចំណេះ​ដឹងជាមូលដ្ឋាននៃបច្ចេកទេសកសិកម្ម ដែលគាត់អាចដាំដុះដំណាំកសិកម្មជា​យុទ្ឌសាស្រ្តនេះទទួលបានផ្លែផ្កាយ៉ាងល្អដែលធ្វើឱ្យពួកគាត់អាចទ្រទ្រង់ជីវភាពរស់នៅកាន់តែល្អប្រសើរបន្តបន្ទាប់។បើយើងក្រឡេកមើលជីវភាពរបស់ពួកគាត់ដែរឃើញថា ល្អប្រសើរជាង រស់នៅតាមតំបន់ដែលពួកគាត់រស់នៅកាលពីមុនមក។ពួកគាត់អាចដំាំដំណាំគ្រប់មុខប្រកបដោយមានមូលដ្ខានចំណេះដឹងច្បាស់លាស់និងមានការបង្រៀនត្រឹមត្រូវ។

          លោកបានបញ្ជាក់ដែរថា “ ពួកគាត់មករស់នៅកន្លែងថ្មីនេះមានហេដ្ឋារចនា​សម្ព័ន្ធគ្រប់គ្រាន់ក្នុងនេះដូចជាមានសាលារៀន មន្ទីរពេទ្យ និងទីផ្សារនៅក្បែរខ្លួន ។ក្រៅពីនេះកូនៗពួកគាត់ខ្លះអាចរៀនដល់សាកលវិទ្យាល័យនិងអាចមានការងារធ្វើមិនចាញ់កូនៗអ្នករស់នៅទីប្រជុំជនឡើយ”។

          លោកបានឱ្យដឹងបន្ថែមថាដើម្បីឱ្យសហគមន៍មាននិរន្តភាពយូរអង្វែង សហគមន៍បានបង្កើតចំការរួមធំមួយដែលមានផ្ទៃដី ២០ហិកតា ហើយបាន​ដំាដំណាំហូបផ្លែមានចំនួន៣មុខ មានធុរេនចំនួន ១៦៨៧ដើម សាម៉ាវ ៣៥០ដើម និងតាង៉ែន១៤៩២ដើម។ចំពោះទិន្នផលដែលបានពីចម្ការរូមនេះគេនឹងយកមដោះស្រាយចំពោះហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសហគមន៍ទាំងមូលដូចជាជួសជុលផ្លូវ ជួសជុលម៉ាស៊ីនបូមទឹកជាដើម។ជាមួយគ្នានៅថ្ងៃខាងមុខគេនឹងមានគម្រោងជួយដល់ចាស់ជរា និងកុមារកំពា្រ​ដែលគ្មានទីពឹងពាក់ទៀតផង។

          ជាមួយគ្នានេះលោកគង់ប៊ុនឈានដែលមានវ័យ៦២ឆ្នាំជាអ្នកចំណាកស្រុកដែលធ្លាប់រស់នៅតំបន់ធនធានធម្មជាតិមួយរូបបានលើកឡើងថាក្រុមគ្រួសារគាត់ពិតជាទទួលបានមុខរបរថ្មីដែលកាលពីមុនធ្លាប់តែកាប់ឈើ បរបាញ់សត្វ ជំនួសមមកធ្វើដំណាំ​កសិកម្មវិញ។ពេលនេះគាត់មិនចាំបាច់ប្រថុយប្រថានចូលព្រៃកាប់ឈើ ចាប់សត្វ​ព្រៃដែលជាប្រការមួយប្រឈមជាមួយផ្លូវច្បាប់ទៀតឡើយ។

          លោកបានបញ្ជាក់ថា “ពេលនេះអង្គការសម្ព័ន្ធមិត្តសត្វព្រៃនិងមន្រ្តីពាក់ព័ន្ធ​បានណែនាំឱ្យស្ម័គ្រចិត្តមករស់នៅតំបន់អភិវឌ្ឍន៍ភូមិសុវណ្ណាបៃតងនេះឃើញថាល្អប្រសើរណាស់។គ្រួសារខ្ញុំដាំដំណាំកសិកម្មគ្រប់មុខធ្វើឱ្យអាចរកចំណូល​បានយ៉ាងធូរ​និងកូនចៅអាចចូលរៀនគ្រប់គ្នាផង”។

គួរបញ្ជាក់ថាបើតាមលោក អេដាដ លេហ្ទឺរ (Eduard Lefter)មន្ត្រីគ្រប់គ្រងផ្នែកច្បាប់នៃ​អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបង្ហាញជំហរជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងបរិស្ថានក្នុងកិច្ចគាំពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជាកុំឱ្យមាន ការបាត់បង់បន្តទៀត។

មន្ត្រីគ្រប់គ្រងផ្នែកច្បាប់នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ជាក់ថា អង្គការ​របស់លោកបាននិងកំពុងធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ២០០១មក ដោយបានផ្ដល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងតំបន់ការពារធម្មជាតិ កែលម្អ​ជីវភាពរស់នៅដែលអាស្រ័យលើព្រៃឈើ សង្គ្រោះសត្វ ព្រៃពីព្រាននិងពីការជួញដូរ និងការពារតំបន់ជួរភ្នំក្រវាញ ដែលជាព្រៃឈើទីជម្រាលប្រភពទឹកប្រភពជីវចម្រុះ និងជាទ្រព្យធនសេដ្ឋកិច្ចធំជាងគេរបស់ប្រទេសកម្ពុជា៕dp/សរន