៦ ទៅ ៧ ប្រទេស យល់ស្រប​ជួយ​ល្បុក្កតោ​កម្ពុជា នៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣

143
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ យ៉ាងហោចណាស់ មាន ៦ ទៅ ៧ ប្រទេស នៅក្នុង​តំបន់​អាស៊ាន ដែល​បាន​យល់ស្រប ចូលរួម​ជួយ​រៀបចំ កីឡា​គុន​ល្បុក្កតោ​កម្ពុជា សម្រាប់​ដំណើរការ ការប្រកួត នៅក្នុង​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​។​

លោក វ៉ា​ត់ ចំរើន

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា (NOCC) និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ហើយក៏​ជា​អនុប្រធាន​សហព័ន្ធ​កីឡា គុន​ខ្មែរ​ល្បុក្កតោ​កម្ពុជា បាន​ពន្យល់ នៅក្នុង​ឱកាស​ចូលរួម កិច្ចប្រជុំ​បូកសរុប​លទ្ធផល និង​ទិសដៅ​ការងារ​បន្ត កាលពី​ល្ងាច ថ្ងៃទី​៩ កក្កដា កន្លងទៅនេះ នៅ​ស្នាក់ការ NOCC ឲ្យ​ដឹងថា​៖ ” ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ស៊ី​ហ្គេម ២០២៣ របស់​សហព័ន្ធ​កីឡា​ល្បុក្កតោ របស់​កម្ពុជា បច្ចុប្បន្ននេះ គឺ​កំពុងមាន​ភាពលំបាក​ស្មុគស្មាញ និង​រដិបរដុប ហើយ​ដែល​យើង​ត្រូវ​រួមគ្នា ពុះពារ​ដោះស្រាយ និង​រួម​អនុវត្ត​ធ្វើ​ទាំងអស់គ្នា ទើប​អាច​សម្រេច​ទៅបាន ជាពិសេស គឺ​ក្នុង​ការពន្យល់​ណែនាំ ពិសេស​គឺ​បញ្ចុះបញ្ចូល (Lobby) និង​បង្ហាត់ បង្ហាញ បណ្ដា​ប្រទេស នៅក្នុង​តំបន់​មួយចំនួន ដែលថា គេ​នឹងចូលរួម​នោះ ឱ្យគេ​ហាត់គុន​ល្បុក្កតោ របស់​កម្ពុជា​យើង ទើប​យើង​អាច​រៀបចំ ការប្រកួត​បាន ។ ក្នុងនោះ ត្រូវ​ទៅ​បង្រៀន​គេ អំពី​ច្បាប់ និង​បទបញ្ជា នៃ​ការប្រកួត ទៅ​បង្ហាត់​គេ ឲ្យ​គេ​ចេះ​របៀប​បច្ចេកទេស ក្នុងការ​ប្រកួតប្រជែង ជាមួយ​យើង “​។​

​លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​ទៀតថា​៖ ” ចាប់ពី​ឥឡូវនេះ​ទៅ យើង​ត្រូវ​ត្រៀម​រៀបចំ បទបញ្ជា​នៃ​ការប្រកួត ជា​កម្រិត​អន្តរជាតិ ។ ជាមួយគ្នានេះ នៅ​ឆ្នាំក្រោយ តាម​ការ​បង្ហើប​ឲ្យ​ដឹង ពី​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​ថា នឹង​ស្នើសុំ​ថវិកា​ឧបត្ថម្ភ ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​រៀបចំ​ការប្រកួត​មួយ ជា​លក្ខណៈ​ហ្គេម កម្រិត​អាស៊ីអាគ្នេយ៍ ដើម្បីឱ្យ​បណ្ដា​ប្រទេស​មួយចំនួន មកជួប​ជុំគ្នា នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​រៀន​ផង ធ្វើការ​ប្រកួត​ផង ដើម្បី​យើង​បាន​ផ្សព្វ ផ្សាយ នូវ​កីឡា​គុន​ល្បុក្កតោ របស់​យើង ទៅ​បណ្ដា​ប្រទេស​អាស៊ាន​មួយចំនួន ដែល​បាន​យល់ស្រប ចូលរួម​ជួយ​រៀបចំ ល្បុក្កតោ នៅក្នុង​ការប្រកួត​ស៊ី​ហ្គេម ២០២៣ ខាងមុខ នៅ​កម្ពុជា​នេះ ដូចជា វៀតណាម ឡាវ ហ្វីលីពីន ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា​.. គឺ​យើង​មិនមែន​ធ្វើ​តែម្នាក់ឯង​ទេ យើង​មាន ៦-៧ ប្រទេស ហើយ​ដែល​ចូលរួម​គាំទ្រ​ជួយ ដល់​គុន​ល្បុក្កតោ​របស់​កម្ពុជា ក្នុង​ស៊ី​ហ្គេម ២០២៣ នោះ ” ៕​