ចាដា និង វីលស្មីត លាតត្រដាងបញ្ហាក្នុងអាពាហ៍ពិពាហ៍នៅលើកម្មវិធី Facebook

170
ចែករម្លែក

ទន្ទឹមអាពាហ៍ពិពាហ៍របស់តារាទាំងពីរស្ថិតក្រោមការពិនិត្យពិច័យតាមបណ្តាញសង្គម នាងចាដា ពីនកេត ស្មីត និងលោក វីល ស្មីត បានបញ្ជាក់ពីការប្តេជ្ញាចិត្តម្តងទៀតរបស់ពួកគេចំពោះគ្នាទៅវិញទៅមក ខណៈនាងពីនកេត ស្មីត បានសារភាពថាមានទំនាក់ទំនងស្នេហាជាមួយតន្រ្តីករឈ្មោះ អូហ្គឺស អាល់ស៊ីណា​ នៅពេលនាង និងស្មីត នៅបែកគ្នា។

នៅក្នុងការសន្ទនាមួយទល់នឹងមួយកាលពីថ្ងៃសុក្រទី១០កក្កដានៅលើកម្មវិធីរបស់នាងពីនកេត ស្មីត ចំណងជើងថា “Red Table Talk” នាងបាននិយាយថានាងស្ទាក់ស្ទើរក្នុងការនិយាយអំពីលោកអាល់ស៊ីណា ដោយសារតែពាក្យចចាមអារ៉ាមបង្កឡើងជាសាធារណៈ។

នាងពីនកេតនិយាយថា អ្វីដែលបានចាប់ផ្តើមក្នុងនាមជាមិត្តភាពនិងការខិតខំលក្ខណៈគ្រួសារដើម្បីជួយលោកអាល់ស៊ីណាដោះស្រាយជាមួយនឹងសុខភាពរបស់គាត់ប្រហែលជា ៤ ឆ្នាំមុនបានក្លាយជា “ការយល់ច្រឡំផ្សេងទៅវិញ” នៅពេលដែលនាងនិងស្មីតយល់ថា អាពាហ៍ពិពាហ៍របស់ពួកគេបានឈានដល់ទីបញ្ចប់។

លោកស្មីតបានសួរសង្ខុញទៅប្រពន្ធរបស់ខ្លួនឱ្យបញ្ជាក់ច្បាស់យ៉ាងដូច្នេះថា “ជាការយល់ច្រឡំ ឬ ជាទំនាក់ទំនងស្នេហ៍?”។

នាងឆ្លើយថា “ត្រូវហើយវាជាទំនាក់ទំនងស្នេហ៍។ វាជាការពិត។ ខ្ញុំឈឺចាប់ខ្លាំងណាស់។ ខ្ញុំខូចចិត្តណាស់។ ឥឡូវនៅក្នុងដំណើរការនៃទំនាក់ទំនងនោះ ខ្ញុំដឹងច្បាស់ថាអ្នកមិនអាចស្វែងរកសុភមង្គលនៅខាងក្រៅខ្លួនអ្នកបានទេ…ខ្ញុំសូមនិយាយថា យើងបានធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីបែកពីគ្នា។ តែវាមិនអាចទៅរួចទេ”។

នៅចំណុចមួយនៅក្នុងការសន្ទនា អ្នកទាំងពីរបានបន្ទរតាមគ្នា ថា “យើងជិះទូកជាមួយគ្នា។ យើងស្លាប់ជាមួយគ្នា។ អាពាហ៍ពិពាហ៍មិនល្អអស់មួយជីវិត” ដែលជាការនិយាយសំដៅដល់ឃ្លាខ្លីមួយក្នុងរឿង Bad Boys របស់ស្មីត។

អ្នកទាំងពីរបានរៀបការតាំងពីឆ្នាំ១៩៩៧ និងមានកូន២នាក់ ឈ្មោះ ចាដិន និងវីលឡូ។ អ្នកទាំងពីរហាក់មិនស្រួលចិត្តនឹងនិយាយទល់មុខគ្នាទេអំឡុងកម្មវិធីលើ Facebook កាលពីថ្ងៃសុក្រ៕ ដោយ៖ កញ្ញាដាលីស

ចាដានិងស្មីតលាតត្រដាងអំពីបញ្ហាក្នុងអាពាហ៍ពិពាហ៍ពួកគេកាលពីថ្ងៃសុក្រនៅលើកម្មវិធី “Red Table Talk” ក្នុងបណ្តាញសង្គម Facebook