WHO ជំរុញប្រទេសទាំងអស់ឱ្យចាត់វិធានការខ្លាំងក្លាដើម្បីបង្ក្រាបកូវីដ១៩

143
ចែករម្លែក

អង្គការសុខភាពពិភពលោក (WHO) បានទទូចដល់ប្រទេសនានាដែលកំពុងប្រឈមខ្លាំងនឹងជំងឺកូវីដ១៩ឱ្យបង្កើនវិធានការគ្រប់គ្រងជំងឺ ដោយនិយាយថា វានៅតែអាចទៅរួចដើម្បីផ្តួលជំងឺមួយនេះបាន ខណៈប្រទេសមួយចំនួនបានដាក់ចេញការរឹតបន្តឹងសាជាថ្មីលើពលរដ្ឋ។

ទន្ទឹមចំនួនករណីឆ្លងនៅទូទាំងពិភពលោកកើនឡើងទ្វេដងក្នុងរយៈពេល៦សប្តាហ៍កន្លងមកនេះ ប្រទេសអ៊ូសបេគីស្ថានកាលពីថ្ងៃសុក្រទី១០កក្កដាបានបិទម្តងទៀតនិងទីក្រុងហុងកុងនិយាយថាសាលារៀននឹងបិទទ្វារចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយ បន្ទាប់ពីទីក្រុងនេះកត់សម្គាល់ឃើញ “កំណើនជាថ្មី” ក្នុងការឆ្លងរាលដាលក្នុងស្រុក។

ប្រធាន WHO លោក តេត្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បានអំពាវនាវឱ្យប្រទេសនានាប្រកាន់យកនូវវិធីសាស្រ្តឈ្មុសឈ្មុលខ្លាំងក្លា ដោយលើកយកគំរូប្រទេសអ៊ីតាលីអេស្ប៉ាញកូរ៉េខាងត្បូងនិងឥណ្ឌាដែលថយចុះករណីឆ្លងច្រើនបំផុតដើម្បីបង្ហាញថាវាអាចទៅរួចក្នុងការបញ្ឈប់ការរាលដាល មិនថាការរីករាលដាលនោះអាក្រក់យ៉ាងណានោះទេ។

ការអត្ថាធិប្បាយរបស់ទីភ្នាក់ងារសុខភាពមួយនេះកើតឡើងខណៈដែលប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំបានបង្ខំចិត្តលុបចោលការជួបជុំអ្នកបោះឆ្នោតនៅរដ្ឋញូវហេមសាយអឺ ដោយលើកឡើងពីព្យុះដែលជិតមកដល់។

លោកត្រាំបានជំរុញឱ្យរៀបចំការជួបជុំធំៗផ្គើននឹងដំបូន្មានសុខភាពខណៈអ្នកជំនាញខាងរោគរាតត្បាតព្រមានពីគ្រោះថ្នាក់ដែលបង្កឡើងដោយវីរុសកូរ៉ូណា ដែលអណ្តែតលើខ្យល់ក្នុងទីកន្លែងដែលមានមនុស្សកកកុញនិងច្របូកច្របល់៕ ដោយ៖ កញ្ញាដាលីស

WHO និយាយថាវិធីសាស្ត្រខ្លាំងក្លាអាចបង្ក្រាបកូវីដ១៩បាន