នាយកក្រុមហ៊ុនមួយ៖ធនធាន មនុស្សគឺជាទ្រព្យដ៏មានតម្លៃបំផុតនៃក្រុមហ៊ុន

157
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ ក្រុមហ៊ុន QHR Solutions បានប្រារព្ធកម្មវិធីពិសារ តែ ពេលរសៀល High​ Tea លើកដំបូងបង្អស់ដោយមានវត្តមាននៃអ្នកសារព័ត៌មាន នៅ ទូទាំងព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានលំដាប់ខ្ពស់បែបបារាំងមួយគឺជាភោជនីយដ្ឋានTopaz។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយលោក Victor La នាយកប្រចាំប្រទេសនៃ ក្រុមហ៊ុន QHR Solutions ដោយមានគោលបំណងផ្តល់នូវការយល់ដឹងឱ្យ បានស៊ី ជម្រៅលើការគ្រប់គ្រងទ្រព្យដ៏មានតម្លៃបំផុតនៃក្រុមហ៊ុននោះគឺជា ធនធានមនុស្ស។ អ្នកសារ ព័ត៌មានត្រូវបានផ្តល់ឱកាសឱ្យលើកឡើងនូវសំណួរដែលពាក់ព័ន្ធ និង ត្រូវ​បានផ្តល់នូវការពន្យល់យ៉ាងក្បោះក្បាយដោយ លោក Victor La ។

ក្នុងកិច្ចពិភាក្សាជាមួយអ្នកសារពត៌មាននាពេលថ្មីៗនេះលោក Victor La បានចែក រម្លែក បទពិសោធន៍ទាក់ទងនឹងការគ្រប់គ្រងធនធានមនុស្សនិង បានឆ្លើយតបចំពោះ​សំណួរអ្នកសារពត៌មាន ដែលមានខ្លឹមសារដូចខាងក្រោម៖

តើអ្វីជាភាពខុសគ្នារវាងការគ្រប់គ្រងបុគ្គលដែលមានទេពកោសល្យ និងការគ្រប់​គ្រង​ធនធានមនុស្ស?

Victor La៖ ធនធានមនុស្សត្រូវបានផ្អែកលើនិយមន័យនៃកម្លាំងពលកម្មបែបបុរាណ ដែលបច្ចុប្បន្ននេះ មនុស្សគ្រប់គ្នាបានប្រើប្រាស់ពាក្យ«ទេពកោសល្យ»ជំនួសវិញ។ ការ​គ្រប់គ្រងមូលធនមនុស្សគឺជាចំណុចចាប់ផ្តើមនៃទេពកោសល្យ ។ វាមិនសំដៅត្រឹមតែ​លើ​​កម្លាំងពលកម្មតែមួយមុខប៉ុណ្ណោះទេហើយវាមានអត្ថន័យលើសពីការទៅ​ធ្វើការ​ធម្មតា។បុគ្គលិកដែលមានទេពកោសល្យចង់ឲ្យ​និយោជករបស់ខ្លួន​មានការអភិវឌ្ឍ​ជំនាញ​របស់ពួកគេ ដែលមិនមែនត្រឹមតែជាជំនាញគោលនោះទេប៉ុន្តែសំដៅ​ជាពិសេស​លើជំនាញបន្ទាប់បន្សំផងដែរ។ ទាំងនេះគឺជាអ្វីដែលយើងរកឃើញនៅពេល​ដែលបាន​ធ្វើបទសម្ភាសន៍ជាមួយនឹងយុវជនវ័យក្មេងនៅពេលដែលយើងកំពុងស្វែងរកអ្នកមានទេពកោសល្យ។ ហើយនេះវាក៏ដើរទន្ទឹមគ្នាជាមួយនឹងគំនិតរបស់ក្រុមហ៊ុន QHR Solutions ដែលកំពុងមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការបង្កើត​នូវ​ឥទ្ធិពលផ្សេងៗ ជាពិសេសទៅដល់អ្នកជំនាញវ័យក្មេង។យើងដឹងហើយថា​ប្រាក់ជា​កត្តា​​ជំរុញទឹកចិត្តធំ ជាងគេសម្រាប់និស្សិតដែលទើបបញ្ចប់ការសិក្សាថ្មីៗ​ក្នុងការ​ចូល​រួមក្នុងកម្លាំងពលកម្ម ប៉ុន្តែវាមិនមែនជាកត្តាចំបងនោះទេ។ នៅពេលដែលខ្ញុំទៅជួប​ជាមួយ ក្រុមហ៊ុនណាមួយខ្ញុំឃើញយុវជនក្មេងៗជាច្រើនដែលពុំបានបង្ហាញនូវ​ចំណាប់​អារម្មណ៍ធ្វើការនៅក្នុងការិយាល័យនោះទេ ពីព្រោះអ្វីដែលពួកគេចង់បានគឺត្រូវបាន​ក្រុមហ៊ុន​មើលរំលង។ ចំណុចមួយចំនួនដែលមិនត្រូវបានចោទសួរឡើងដូចជា៖ តើ​បុគ្គលិកមានឥរិយាបថការងារសំខាន់ៗ កត្តាជំរុញសំខាន់ៗ និងទេពកោសល្យ​អ្វីខ្លះ រ​បស់ពួកគេដែលមិនបានបង្ហាញចេញមក? ថ្វីបើចំណុចទាំងនេះមិនត្រូវ​បានរកឃើញ​ភ្លាមៗតាមរយៈបទសម្ភាសន៍ បច្ចេកវិទ្យា និង ទិន្នន័យ ដែលអាចទទួលបាន នឹងជួយ​ដល់បណ្តាក្រុមហ៊ុនក្នុងស្វែងរកនូវព័ត៌មានសំខាន់ៗទាំងនោះ។

កម្ពុជាអាចទទួលបានប្រយោជន៍ពីបច្ចេកវិទ្យាទាំងនេះដើម្បីពន្លឿនដល់ការអភិវឌ្ឍ និង​ ការរីកលូតលាស់នៃនិយោជិតក្មេងៗទាំងនោះ។នេះគឺជាគន្លឹះក្នុងការគ្រប់គ្រង​ទេពកោ​សល្យ ពីព្រោះជំនាញគោលតែងតែអាចនឹងបង្រៀនបានប៉ុន្តែការស្វែងរក​បាន​នូវតួនាទី​ដ៏ត្រឹមត្រូវការជំរុញលើកទឹកចិត្តដ៏ត្រឹមត្រូវ ឥរិយាបថដ៏ត្រឹមត្រូវដើម្បី​ទទួល​បាន​ប្រសិទ្​ធភាពការងារ១០០%ហើយការស្រឡាញ់នូវអ្វីដែលពួកគេកំពុងធ្វើគឺជាកត្តាសំខាន់ ហើយក៏ជាកត្តាប្រឈមដ៏ខ្លាំងមួយផងដែរ។ បច្ចេកវិទ្យានិងទិន្នន័យអាច​ព្យាករ​ណ៍នូវ​ឥរិយាបថការងារដែលមានទេពកោសល្យឱ្យបាន ត្រឹមត្រូវរហូតដល់ ៩៨%។

តើអ្វីជាគុណសម្បត្តិ និង គុណវិបត្តិនៃការប្រើប្រាស់ប្រព័ន្ធ​គ្រប់គ្រងធនធាន​មនុស្ស​បែប ឌីជីថល?

Victor La៖ នៅរៀងរាល់ពេលដែលអ្នកតស៊ូពុះពារនូវអ្វីមួយថ្មី អ្នកនឹងយល់ថា​មាន​បញ្ហាប្រឈមជាច្រើន។ បុគ្គលដែល ប្រើប្រាស់ និង ចូលរួមក្នុងការប្រើប្រាស់ប្រព័ន្ធ​នឹងប្រឈមនឹងបញ្ហាទាំងនោះដូចគ្នា។ យើងព្យាយាមធ្វើឱ្យដំណោះ ស្រាយយើង​មាន​លក្ខណៈបែបផែនតាមបរិបថក្នុងស្រុកតាមដែលអាចធ្វើទៅបាន។ លក្ខណៈ​បែបផែន​ក្នុងស្រុកនេះដើរតួនាទីយ៉ាងសំខាន់ដោយហេតុថាគុណសម្បត្តិសំខាន់ៗនៃកម្មវិធី​ដំណោះ​​ស្រាយរបស់យើងគឺធ្វើឱ្យជិវិតការងារមានភាពងាយស្រួល​ជាងមុនហើយ​អត្រា​នៃការសម្របខ្លួនមានកម្រិតខ្ពស់ជាងមុន។យើងផ្តល់នូវប្រព័ន្ធបែបឌីជីថលដោយ​ចាប់​ដៃគូ​ជាមួយធនាគារ និង ក្រុមហ៊ុនផ្តល់សេវាកម្មដទៃទៀត ដែលបង្កើតបាននូវប្រព័ន្ធ​អេ​​កូឡូស៊ី (Ecosystem) ដែលអាចដំណើរការមុខងារច្រំដែលឱ្យមានភាពស្វ័យ​ប្រវត្តិ​ដូចជា ការបើកប្រាក់ឈ្នួល ការរៀបចំកាលវិភាគការងារប្រចាំថ្ងៃ ការស្រង់វត្តមាន​តាម​រយៈការស្កេនផ្ទៃមុខនិងលើសពីនេះវាធ្វើឱ្យជីវិតការងារមានភាពងាយស្រួល​ជាងមុន​។ តាមរយៈការប្រើប្រាស់ប្រព័ន្ធរបស់យើង ប្រព័ន្ធក៏បានផ្តល់ជារង្វាន់ដែលនាំឲ្យមាន​ការ​ប្រកួត​ប្រជែងក្នុងចំណោមបុគ្គលិកជាច្រើនប្រកបដោយប្រសិទ្ធភាព។តាមរយៈ​ការរៀន​ពីប្រព័ន្ធនេះ បុគ្គលិកក៏អាចអភិវឌ្ឍនូវជំនាញរបស់ពួកគេ។ ចំពោះរង្វាន់នេះ មានពិន្ទុ​បន្ថែម​ដែលនឹងត្រូវបានផ្តល់ដល់បុគ្គលិកប្រសិនបើក្រុមហ៊ុនអាចត្រួតពិនិត្យលើសមិទ្ធ​ផល​នៃនាយកដ្ឋាននីមួយៗ។វាជាមូលហេតុនៃការកសាងវប្បធម៌ក្នុងក្រុមហ៊ុន​ដ៏ត្រឹម​ត្រូវ​មួយដែលផ្តល់នូវការចូលរួម និង ប្រសិទ្ធភាពការងារដ៏ល្អមួយ។ ដោយអនុញ្ញាត​ឱ្យ​បុគ្គលិកជាច្រើនអាចរីកលូតលាស់និងមានភាពសកម្មហើយក្រុមហ៊ុនជាច្រើន​នឹង​ទទួ​ល​បាននូវអត្ថប្រយោជន៍ជាច្រើនតាមរយៈការគ្រប់​គ្រងមូលធនមនុស្សប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់នេះ។

តើប្រព័ន្ធដែលអ្នកផ្តល់ជូនគឺសម្រាប់ការស្វែងរកឬ ការរក្សាទុកបុគ្គលដែល​មានទេព​កោសល្យ? ចំពោះបញ្ហាប្រឈមធំបំផុតដែលក្រុមហ៊ុននីមួយៗជួបប្រទះ គឺ ការស្វែង​រកនូវទេពកោសល្យដ៏ត្រឹមត្រូវ និង របៀបរក្សាទុកនូវទេពកោសល្យទាំងនោះឬ?

Victor La៖ នៅដំណាក់កាលដំបូងនេះ យើងពុំមានការជ្រើសរើសបុគ្គលិកទេ ថ្វីបើ​នៅប្រទេសសិង្ហបុរីគឺយើងធ្វើបែបនេះ។នេះជាមូលហេតុដែលយើងផ្តោត​សំខាន់លើការ​រៀនសូត្រនិងអភិវឌ្ឍន៍របស់ពួកគេ ពីព្រោះកត្តាទាំងនេះកំណត់ថាតើបុគ្គលិក​ដែល​មាន​ទេពកោសល្យដ៏ត្រឹមត្រូវនឹងបន្តធ្វើការជាមួយអ្នកទៀតឬទេ។ ជាមួយគ្នានេះដែរ ការ​អភិ​វឌ្ឍជំនាញដល់បុគ្គលិកម្នាក់ៗតាមរយៈវគ្គហ្វឹកហ្វឺននិងអភិវឌ្ឍដោយពុំមានការ​តាម​ដានត្រឹមត្រូវ វាអាចបង្កើតជាផលវិបាកដល់ក្រុមហ៊ុន។ វាគួរតែមានតុល្យភាពរវាង​ភាគី​ទាំងពីរ ពីព្រោះក្រុមហ៊ុនជាច្រើនក៏ចង់អភិវឌ្ឍបុគ្គលិករបស់ពួកគេ ដើម្បីជៀសវាង​ដល់​ការបាត់បង់បុគ្គលិកដែលមានទេពកោសល្យ ប៉ុន្តែ បច្ចុប្បន្នបញ្ហាប្រឈមនៅ កម្ពុជា គឺការស្វែងរកបុគ្គលដែលមានទេពកោសល្យដ៏ត្រឹមត្រូវតាមរយៈនិសិ្សតដែលទើបបញ្ចប់ការសិក្សារាប់ពាន់នាក់ដែលទើបតែចូលក្នុងវិស័យការងារ។ប្រសិនបើប្រវត្តិរូប​សង្ខេប​របស់ពួកគេ មានតែមួយទំព័រ ដែលមានតែការបញ្ចប់ការសិក្សា និង បទពិសោធន៍ស្ម័គ្រ​ចិត្តរបស់ពួកគេតើវាអាចគ្រប់គ្រាន់ដែរឬទេ? ដូច្នេះតើអ្នកអាចស្វែងរកទេពកោសល្យ​យ៉ាង​ដូចមេ្តច​នៅពេលដែលពួកគេពុំមានជំនាញ ឬ បទពិសោធន៍ក្នុងការងារ? តើ​បុគ្គលិកទាំងនេះមានលក្ខណៈល្អបែបណាខ្លះ? តើបំណងប្រាថ្នាឆ្ពោះទៅកាន់ជំនាញ របស់ពួកគេមានដល់កម្រិតណា? ដំណោះស្រាយ គឺស្ថិតនៅលើទិន្នន័យនិងបច្ចេកវិទ្យា តាមរយៈសេវាកម្មមួយទៀតដែលយើងនឹងប្រើដែលត្រូវបានហៅថាការជ្រើសរើសបុគ្គលិកដ៏ឆ្លាតវៃ (Smart Recruitment) ដែលអនុញ្ញាតឱ្យអ្នកកំណត់នូវទេពកោសល្យ​ដ៏ត្រឹមត្រូវក្នុងចំណោមនិស្សិតជាច្រើនដែលទើបនឹងបញ្ចប់ការសិក្សាថ្មីៗ។ បច្ចេកវិទ្យា​ថ្មីនេះអនុញ្ញាតឱ្យអ្នក កំណត់នូវឥរិយាបថការងារ និង ការលើកទឹកចិត្តការងារចំនួន ៤៨ ប្រភេទផ្សេងៗគ្នា​ ដែលអ្នកជានិយោជិតពុំបានដឹង។ ក្រុមហ៊ុនជាច្រើននឹង​អាច​កំណត់ថា នៅពេលដែលពួកគេជ្រើសយកបេក្ខជនដើម្បីមកបម្រើការ ក្នុងចំណោម​បេក្ខជន​ចំនួន១៥០រូប ពួកគេអាចរកបេក្ខជនដែលប្រកបដោយសក្តានុពល​ចំនួន៥រូប​បានយ៉ាងងាយស្រួល។ ការជ្រើសរើសប្រកបដោយភាពវៃឆ្លាតនេះមាន​ប្រសិទ្ធភាព​រហូតដល់ ៩៨% ហើយចំពោះផែនការទាំងនេះយើងមានគម្រោងនឹង​ប្រើប្រាស់វានៅ​ចុងឆ្នាំនេះ។ ប៉ុន្តែរឿងសំខាន់សម្រាប់យើងនាពេលនេះគឺការកំណត់ឲ្យឃើញថា តើ​យើង​អាចបង្កើតឥទ្ធិពលដ៏ធំធេងនៅកន្លែងណាហើយយើងក៏ព្យាយាម​ជួយដល់​ក្រុម​ហ៊ុន​ជាច្រើនដើម្បីធ្វើប្រតិបត្តិការក្នុងការងារឱ្យមានប្រសិទ្ធភាពជាងមុនខណៈ​ពេល​ដែលកំពុងបណ្តុះបុគ្គលិកដែលមានទេពកោសល្យនាពេលបច្ចុប្បន្នរបស់ពួកគេ៕