«​ជីវិត​ក្នុង​ភាព​នឹងថ្កល់​» ​អ៊ំ សារុន ហៅ រិ​ទ្ធិ ៖ យុទ្ធជន​ក្រសួងពាណិជ្ជកម្ម​

283
ចែករម្លែក
អ៊ំ សារុន (​រូប​ឈរ​នៅ​កណ្តាល​) នៅ​ផ្សារ​ថ្មី ក្នុង​ក្រុងភ្នំពេញ​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ​វេ​នី ខក​ហ្កៀ​ល​, ប៊ា​ង ពី​វ័​ន្ត​, ស៊ឹម សុភ័ក្ត្រ និង រ៉ា ឆៃ​រ៉ា​ន់​
​យឹម សម្បត្តិ ត្រូវជា​បងប្អូនជីដូន​មួយ និង ឈឹម ចាន់​ធី បាន​និយាយ​រៀបរាប់ថា​៖
​យឹម សម្បត្តិ ៖ រិ​ទ្ធិ ជា​អ្នក​រៀនសូត្រ​ចេះដឹង​គ្រាន់បើ​ដែរ​។ គាត់​រៀន​បាន​ប្រមាណ​៨-៩​ឆ្នាំ​ដែរ​។ រិ​ទ្ធិ ចូលរួម​បដិវត្តន៍​នៅ​ឆ្នាំ​១៩៧០ តាម​ព្រះបន្ទូល​របស់​សម្ដេចឪ ដែល​អំពាវនាវ​ឲ្យ​ប្រជាជន​ចូល​ព្រៃ​សង្គ្រោះ​ប្រទេសជាតិ​។​
​ ​ដំបូង​គាត់​ចូល​ជា​សមាជិក​ក្រុម​សិល្បៈ​ស្រុក ក្រោយមក​អង្គការ​លើក​គាត់​ឲ្យ​ធ្វើការ​ថ្នាក់​តំបន់​។ អង្គការ​ស្រឡាញ់​រាប់អាន រិ​ទ្ធិ ណាស់​ទើប​ក្រោយមក​នាំ​គាត់​ទៅធ្វើ​នីរសារ​ប្រចាំ​ភូមិភាគ និង​ឲ្យ​គាត់​ធ្វើការ​កន្លែង​សម្ដែង​សិល្បៈ​។​
​ ​ពេល រិ​ទ្ធិ មកលេង​ផ្ទះ គាត់​ជិះ​ម៉ូតូ​សេ​អិ​ល​ពណ៌​ក្រហម​។ ឪពុកម្ដាយ​និង​បងប្អូន​សាច់ញាតិ​តែងតែ​សួរនាំ​គាត់​អំពី​ការងារ​របស់គាត់​ប៉ុន្តែ​គាត់​មិនដែល​រំឭក​ទេ​។ រិ​ទ្ធិ និយាយថា ចង់​មក​មើល​កូនៗ ហើយ​ថា​អង្គការ​បានដាក់​កិច្ចការ​សំខាន់​មួយ​ឲ្យ​គាត់​តាមរក​គិញ​សម្ងាត់​។ គាត់​មាន​ម៉ាស៊ីន​ថត​ផ្ទាល់ខ្លួន​សម្រាប់​ថត និង​ផ្ដិតរូប​ដោយ​ខ្លួនឯង​។​

រូប​រាប់​ពីឆ្វេង​៖ បងប្អូន​ជីដូនមួយរ​បស់ អ៊ំ សារុន ឈ្មោះ យ៉ែម សម្បត្តិ និង ផុន ព្រមទាំង​ប្អូនស្រី​ឈ្មោះ វុទ្ធី នៅ​រោង​សម្តែង​ល្ខោន​នៅ​ភូមិ​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​រិ​ទ្ធិ និង​ខ្ញុំ​បែក​គ្នា​នៅ​ឆ្នាំ​១៩៧៤​។ ខ្ញុំ​គឺជា​សាច់ញាតិ​តែ​ម្នាក់​គត់​របស់ រិ​ទ្ធិ ដែល​បាន​ដើរលេង​ជាមួយ​គាត់​ពេលដែល​គាត់​មកលេង​ជា​លើកចុងក្រោយ​។ រិ​ទ្ធិ និយាយថា​ចាប់ពីពេលនេះ​តទៅ​យើង​លែង​បាន​ជួបគ្នា​ទៀតហើយ​»​។ ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​ពេល ខ្ញុំ​កំពុងធ្វើការ​ជាមួយ​អង្គការ​។​
​ ​ខ្ញុំ​នៅតែ​តាម​ស៊ើបសួរ​ពី​អ្នក​ដែល​ធ្លាប់​ធ្វើការ​ជាមួយ រិ​ទ្ធិ និង​រក​គ្រូទាយ​អំពី​ដំណឹង​របស់ រិ​ទ្ធិ​។ មាន​មនុស្ស​មួយចំនួន​និយាយថា រិ​ទ្ធិ នៅរស់​ទេ​។ ខ្ញុំ​ថែមទាំង​ឮសូរ​ថា​គាត់​ធ្លាប់​ជាប់គុក​ទួលស្លែង តែ​មិនដឹង​ហេតុ​ម៉េច​បានជា​អង្គការ​ធ្វើ​ដាក់​គាត់​បែបនេះ​។ បុរស​ម្នាក់​ដែល​ធ្លាប់​ធ្វើការ​ជាមួយ រិ​ទ្ធិ និយាយថា​បានឃើញ​រូបថត​របស់ រិ​ទ្ធិ នៅ​ទួលស្លែង​។ ខ្ញុំ​មិនដឹងថា​គាត់​ស្លាប់​ឬ​យ៉ា​ម៉េច​ទេ​។ ប្រហែលជា​គាត់​បាន​ថតរូប​នៅ​កន្លែង​នោះ​ក៏​មិនដឹង​។
​ ​ខ្ញុំ​បាន​ចូលរួម​ការសម្ដែង​សិល្បៈ​នៅ​ឆ្នាំ​១៩៧០ និង​រាំ​របាំ «​កសិករ​ប្រមូល​ផល​»​។ អង្គការ​និយាយថា សិល្បៈ​ជា​កត្តា​លើកកម្ពស់​វប្បធម៌​។ នៅ​ឆ្នាំ​១៩៧១ ខ្ញុំ​ត្រូវ​អង្គការ​បញ្ជូន​ទៅធ្វើ​ពេទ្យ​ទាហាន ជួយ​រុំ និង​លាង​របួស​។ ដោយសារ​កាលណោះ​មានការ​ទម្លាក់​គ្រាប់បែក​មិន​ឈប់ឈរ ធ្វើ​ឲ្យ​ខ្ញុំ​ទទួលបាន​បទពិសោធន៍​ល្អៗ​ជាច្រើន​។ អង្គការ​ចាត់​ខ្ញុំ​ឲ្យ​កាន់​ការងារ​នេះ ព្រោះ​ខ្ញុំ​អាច​អាន​អក្សរ​បារាំង​នៅលើ​សេចក្ដីណែនាំ​ប្រើប្រាស់​ថ្នាំពេទ្យ​។​

ក្រុម​កម្មាភិបាល​ខ្មែរក្រហម​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​។ រូបថត​នេះ​ទទួលបាន​ពី​ក្រុមគ្រួសារ​របស់ អ៊ំ សារុន
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​សម័យ​នោះ​យើង​ប្រើ​ទាំង​ថ្នាំបារាំង និង​ថ្នាំ​ផលិត​ក្នុងស្រុក​។ ខ្ញុំ​ជួប​ប្ដី​ខ្ញុំ​ពេល​គាត់​ធ្វើ​ពេទ្យ​ឃុំ ហើយ​ខ្ញុំ​ធ្វើការ​ជាមួយ​គាត់​។ មាន​បុរស​ជាច្រើន​នាក់​ទៀត​ដែល​ចង់បាន​ខ្ញុំ​ដែរ រួមទាំង​គណៈ​ស្រុក​ម្នាក់​ដែលជា​បុរស​មាន​រូបរាង​ស្អាតបាត​។ ប្ដី​ខ្ញុំ​ប្រើល្បិច​។ គាត់​បាន​ឲ្យ​ពុក​ម្ដាយ​របស់គាត់​មក​ចរ​ចា​ជាមួយ​ម្ដាយ​ខ្ញុំ​មុន ហើយ​អ្នក​ទាំងអស់គ្នា​យល់ព្រម​ប្រាប់​អង្គការ​ថា​ខ្ញុំ​មាន​គូ​ដណ្ដឹង​ហើយ គឺ​បាន​ភ្ជាប់ពាក្យ​តាំងពី​សម័យមុន​មកម្ល៉េះ​។​
​ ​យើង​បាន​រៀបការ​នៅ​ឆ្នាំ​១៩៧២ ជា​ពិធី​រៀបការ​គំរូ​ដំបូង​នៅ​ស្រុក​យើង​។ មិនទាន់មាន​ពិធី​រៀបការ​ម្ដង​ដប់​គូ​នៅឡើយ​ទេ​។ កាលណោះ​ខ្ញុំ​អាយុ​២១​ឆ្នាំ​។ នៅក្នុង​ពិធី​នោះ​មាន​ម្ហូបអាហារ​ដប់​តុ ព្រមទាំង​មាន​ស្រា​ផង​។ អង្គការ​អនុញ្ញាត​ឲ្យ​ពុក​ម្ដាយ​ទាំងសងខាង​ចូលរួម​ដែរ ប៉ុន្តែ​មិនមាន​ព្រះសង្ឃ​ទេ​។ ខ្មែរក្រហម​អនុញ្ញាត​ឲ្យ​យើង​មកលេង​ផ្ទះ​បាន​ពីរ​បី​ថ្ងៃ​ដើម្បី​ទទួល​ពរជ័យ​ពី​ញាតិមិត្ត​។​
​ ​ថ្ងៃមួយ​ប្ដី​ខ្ញុំ​កំពុងតែ​បាញ់​ចាប ស្រាប់តែ​ចៃដន្យ​អាក្រក់​គាត់​បាញ់​ចំ​អ្នកភូមិ​។ ដោយសារតែ​កំហុស​អ​ចេតនា​នេះ អង្គការ​បញ្ជូន​គាត់​ទៅធ្វើ​ទាហាន និង​បញ្ជូនទៅ​សមរភូមិ​ជាច្រើន​នៅ​អំឡុង​ឆ្នាំ​១៩៧២​។ ក្រោយមកទៀត​ប្ដី​ខ្ញុំ​បាន​ក្លាយជា​ប្រធាន​កងវរសេនាធំ​។​

អ៊ំ សារុន
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​ខ្ញុំ​ឮថា​ប្ដី​ខ្ញុំ​នៅ​ច្បាំង​ជាមួយ​ទ័ព​ចេនឡា​រយៈពេល​ជាង​៨​ខែ​។ និមិត្តសញ្ញា​របស់​កង​កម្លាំង​នោះ​គឺ​រូប​ក្បាល​ខ្មោច​។ កងទ័ព​ខ្មែរក្រហម​ជាច្រើន​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​ការតស៊ូ​។ ខ្ញុំ​អស់​សង្ឃឹមថា​លែង​បាន​ជួប​ប្ដី​ខ្ញុំ​ម្ដង​ទៀតហើយ ប៉ុន្តែ​នីរសារ​ម្នាក់​បាន​យក​សំបុត្រ​ពី​ប្ដី​ខ្ញុំ​មកហើយ​ប្រាប់ថា​គាត់​នៅ​កងពល​លេខ​១​នៅ​ទីក្រុង​ភ្នំពេញ​។​
​ ​ខ្ញុំ​តប​ទៅ​នីរសារ​នោះ​ថា ខ្ញុំ​មិន​ជឿថា​ប្ដី​ខ្ញុំ​នៅរស់​ទេ លុះត្រាតែ​គាត់​មកជួប​ខ្ញុំ​ផ្ទាល់​។ ខ្ញុំ​ខឹង​នៅ​មិន​សុខ សូម្បីតែ​ដឹងថា​សំបុត្រ​នោះ​គឺ​ប្ដី​ខ្ញុំ​ជា​អ្នកសរសេរ​ដោយ​ផ្ទាល់ដៃ​ក៏ដោយ​។ ខ្ញុំ​យំ​អត់​ឈប់​។ ម្ដាយក្មេក​ខ្ញុំ​រំឭកថា ខ្ញុំ​មាន​ផ្ទៃពោះ​ចាស់ខែ ដូច្នេះ​កុំ​យំ​ច្រើនពេក​ប្រយ័ត្ន​ខ្វាក់ភ្នែក​។ បី​ថ្ងៃ​ក្រោយមក ខ្ញុំ​សម្រាល​បានកូន​ប្រុស​មួយ​។​
​ ​ប្ដី​ខ្ញុំ​មិនបាន​ដឹង​រឿង​ខ្ញុំ​សម្រាលកូន​ទេ​។ ពីរ​ថ្ងៃ​ក្រោយមក​មាន​នីរសារ​ម្នាក់ទៀត​នាំ​សំបុត្រ​ប្ដី​ខ្ញុំ​មក​។ គាត់​សរស​រថា​គាត់​នៅរស់​ទេ ហើយ​កំពុង​ប្រយុទ្ធ​តស៊ូ​នៅ​សមរភូមិ កុំ​ឲ្យ​ខ្ញុំ​រឹងរូស​ពេក​។ រឿងរ៉ាវ​ច្រើន​ពេល​ធ្លាក់​មកលើ​ខ្ញុំ ទើប​ខ្ញុំ​យំ​មិន​ឈប់​។ ចាប់ពី​កំណើត​កូនប្រុស​ខ្ញុំ​មក ខ្ញុំ​នៅ​ស្គម​មកទល់​សព្វថ្ងៃ​ព្រោះ​យំ​ច្រើនពេក​។​
​ ​កន្លះ​ខែក្រោយ​មក ប្ដី​ខ្ញុំ​មកលេង​ផ្ទះ​ដោយ​យក​ទឹកដោះគោ​ថ្នាំពេទ្យ នាឡិកា​សី​កូ​ដែល​គាត់​លួចបាន និង​កន្ទេល​កូនក្មេង​មក​ផង​។ គាត់​និយាយថា «​យើង​បែក​គ្នា​យូរហើយ អង្គការ​ចង់​ឲ្យ​យើង​នៅ​ជុំគ្នា​នៅ​ភ្នំពេញ​»​។ ខ្ញុំ​យល់ព្រម​ទៅតាម​គាត់​។ យើង​ស្នាក់​នៅក្បែរ​ធនាគារជាតិ​។ នៅ​ខែកុម្ភៈ ឆ្នាំ​១៩៧៦ អង្គការ​ផ្លាស់​ខ្ញុំ​ទៅ​ព្រែក​ព្នៅ ខេត្តកណ្ដាល​។ ប្រធាន​កងពល​ប្រាប់​ខ្ញុំ​ថា​កុំ​ឲ្យ​បារម្ភ​អ្វី ព្រោះ​ប្ដី​ខ្ញុំ​នឹង​ក្លាយជា​អ្នកបើក​យន្តហោះ​ជាមិនខាន​។ គាត់​ប្រាប់ថា​កុំ​ខ្វល់ ព្រោះ​ប៉ុន្មាន​ថ្ងៃ​ទៀត​អង្គ​ការពិតជា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជួប​ប្ដី​ខ្ញុំ​ជាមិនខាន​។

កម្មាភិបាល​ដែល​នៅ​អង្គភាព​ជាមួយ អ៊ំ សារុន​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​នៅ​ព្រែក​ក្ដាម អង្គការ​ផ្ដល់​អាហារ​ឲ្យ​ខ្ញុំ​គ្រប់គ្រាន់ មាន​គ្រែ​មាន​កម្រាលពូក និង​ភួយ​ល្អៗ​ដណ្ដប់​។ ខ្ញុំ​គ្មានអ្វី​និយាយ​ក្រៅពី​សរសើរ​អំពី​ស្ថានភាព​នៅពេលនោះ ប៉ុន្តែ​ខ្ញុំ​នៅតែ​មិន​ជឿ​រឿង​ថា ប្ដី​ខ្ញុំ​ត្រូវ​អង្គ​ការចាត់​ឲ្យ​បើក​យន្តហោះ​។ អារម្មណ៍​ខ្ញុំ​ខ្វល់ខ្វាយ​វិលវល់​អំពី​បញ្ហា​នេះ​។ ប្រហែល​ដប់​ថ្ងៃ​ក្រោយមក លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា គ្រួសារ​របស់​កម្មាភិបាល​ទាំងអស់​ត្រូវ​ចាត់​ឲ្យ​ចុះ​តាម​សហករណ៍​។ ខ្ញុំ​ប្រាប់​ខ្លួនឯង​ថា​ខ្ញុំ​មិនដែល​ខ្លាច​ស្លាប់​ម្ដងណា​ទេ ព្រោះ​ខ្ញុំ​បានទទួល​បទពិសោធន៍​ល្វីង​ជូរចត់​ឆ្អែតឆ្អន់​ហើយ​។ នៅ​ម៉ោង​៧​ល្ងាច​មាន​ឡាន​មកដល់​ប្រធាន​កង​ប្រាប់​ខ្ញុំ​ឲ្យ​រៀបចំ​អីវ៉ាន់​រួមទាំង​មុង​ទាំង​ភួយ និង​ប្រដាប់​ស្ទង់កម្ដៅ​ផង​។ ដល់​ពាក់​កណ្ដាលផ្លូវ ស្រាប់តែ​ប្រដាប់​ស្ទង់កម្ដៅ​ផ្ទុះ​បែក​ប្រាវ​។ នេះ​ជា​ប្រផ្នូល​អាក្រក់​អំពី​រឿង​ដែល​ប្ដី​ខ្ញុំ​ត្រូវ​អង្គ​ការយកទៅ​សម្លាប់ចោល​។​


​ ​ខ្ញុំ​ត្រូវ​អង្គការ​បញ្ជូន​ឲ្យ​ទៅ​រស់នៅ​ជាមួយ​ប្ដី​ប្រពន្ធ​ចំណាស់​មួយគូ​ដែល​គ្មាន​កូនចៅ​។ អ្នក​ទាំងពីរ​អាណិតអាសូ​រ​ខ្ញុំ​ណាស់​ព្រោះ​ឃើញ​ខ្ញុំ​ជា​ស្រី​មាន​កូនតូច​នៅ​ជាមួយ​។​ប្ដី​ប្រពន្ធ​នោះ​ជួយ​រែក​ទឹក​ឲ្យ​ខ្ញុំ​។​មាន​ពេល​មួយ​ខ្ញុំ​កំពុងតែ​ហូប​ជាមួយ​គ្រួសារ​គាត់​ស្រាប់តែ​ចានបាយ​ខ្ញុំ​ធ្លាក់​បែក ឲ្យ​ប្រផ្នូល​អាក្រក់​មួយទៀត​។ ក្រោយមកទៀត​ខ្ញុំ​យល់សប្តិ​ថា​មនុស្ស​យក​កាំបិត​មក​វះ​ពោះ​ខ្ញុំ​។ ខ្ញុំ​គិតថា​ប្ដី​ខ្ញុំ​ត្រូវ​ខ្មែរក្រហម​យកទៅ​សម្លាប់​ហើយ​។​
​ ​បន្ទាប់​ពីនេះ អង្គការ​បាន​បញ្ជូន​ខ្ញុំ​ទៅ​ភូមិ​មួយ​នៅ​ស្រុក​ព្រៃឈរ​។ នៅ​ទីនោះ​ខ្ញុំ​ឈឺ​មិន​លោះ​ពេល​។ ខ្ញុំ​រស់នៅ​ជាមួយ​អ៊ំស្រី​ម្នាក់​និង​កូនស្រី​គាត់​។ កូនស្រី​គាត់​ឃើញ​ខ្ញុំ​មាន​សុខភាព​ខ្សោយ​ក៏​ជួយ​ប្រក់​ដំបូល​ឲ្យ​ខ្ញុំ ចំណែក​ខ្ញុំ​គ្រាន់តែ​ឈរ​ពីក្រោម​ហុច​ស្លឹក​ដូង​តែប៉ុណ្ណោះ​។ នាង​ជា​ប្រធាន​រោង​បាយ​។ នាង​បាន​យក​អាហារ​ឲ្យ​ខ្ញុំ​និង​ជួយ​មើ​កកូន​ឲ្យ​ខ្ញុំ​នៅពេល​ខ្ញុំ​ឈឺ​។ គណៈ​ភូមិ​បានមក​ប្រាប់​ខ្ញុំ​ថា​ឲ្យ​តែ​ខ្ញុំ​ជាសៈ​ស្បើយ​ពីរ​ទៅ​បី​ថ្ងៃ​ទៀត​ឲ្យ​ទៅ​ជួប​ប្ដី​របស់ខ្ញុំ​។


​ ​ប៉ុន្តែ​ជំងឺ​របស់ខ្ញុំ​ប្រែជា​រ៉ាំរ៉ៃ​។ អង្គការ​បញ្ជូន​ខ្ញុំ​ទៅ​មន្ទីរពេទ្យ​នៅ​កំពង់ចាម​។ នៅ​ឆ្នាំ​១៩៧៦ ខ្ញុំ​ស្នាក់នៅ​ពេទ្យ​អស់​៨​ខែ​។ ខ្មែរក្រហម​ប្រើ​ថ្នាំ​ល្អៗ​ផង ថ្នាំ​ផលិត​ក្នុងស្រុក​ផង​។ អង្គ​ការចង់​សាកល្បង​មើលថា​តើ​យើង​អាច​អាន​អក្សរ​លើ​ដប​ថ្នាំ​បាន​អត់​។ បើ​យើង​ជា​អ្នក​រៀនសូត្រ​យើង​ពិតជា​ត្រូវ​អង្គ​ការយក​ទៅហើយ​ដូច្នេះ​ខ្ញុំ​ធ្វើ​ពុត​ជា​មិនចេះ​អក្សរ​។​
​ ​ខ្ញុំ​និង​ប្ដី​ខ្ញុំ​បែក​គ្នា​នៅ​ខែកុម្ភៈ ឆ្នាំ​១៩៧៦​។ បានជា​ខ្ញុំ​ចាំ​ខែ​ឆ្នាំ​ព្រោះ​កាលនោះ​កូនប្រុស​ខ្ញុំ​អាយុ​ទើបតែ​៩​ខែ​។ មុនដំបូង​អង្គការ​ចាប់គាត់​ដាក់គុក​ក្រូច​គរ ខេត្តកំពង់ចាម ដោយ​ចោទថា​គាត់​កាន់ «​សញ្ញា​ខៀវ​» នៅ​ជួរ​ខ្មែរ​សេរី ប៉ុន្តែ​ខ្ញុំ​មិនដឹង​រឿងនេះ​ទាល់តែសោះ​។ បងប្អូន​ជីដូនមួយ​ខ្ញុំ​ម្នាក់​បាន​ប្រាប់ថា​បានឃើញ​ប្ដី​ខ្ញុំ​ជាប់ច្រវាក់​ជើង​នៅទីនេះ​។ ក្រោយមក​មាន​មនុស្ស​ប្រាប់ថា​ប្ដី​ខ្ញុំ​មិនមែន​ត្រូវ​អង្គការ​សម្លាប់​ទេ ប៉ុន្តែ​គាត់​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​នៅ​ក្រូច​គរ​។ បន្ទាប់មក​ខ្ញុំ​ឮថា​អ្នកទោស​ទាំងអស់​នៅ​ក្រូច​គរ​ត្រូវ​បញ្ជូនទៅ​គុក​ទួលស្លែង​ឬក៏​ត្រូវ​បាត់​ខ្លួន​តែម្ដង​។​


​ ​ឈឹម ចាន់ទីៈ នៅ​រវាង​ឆ្នាំ​១៩៧៣-៧៤ មានការ​ទម្លាក់​គ្រាប់បែក​នៅ​ភូមិ​យើង​។ ប្រជាជន​ជាច្រើន​ត្រូវ​ពិការ​ដៃជើង​។ ឃើញ​ដូច្នេះ រិ​ទ្ធិ និង​មិត្ត​ភ្កិ​ប៉ុន្មាន​នាក់ នាំគ្នារ​ត់ទៅ​នៅក្បែរ​ប្រឡាយ​តូច​មួយ​។ ក្រោយមក រិ​ទ្ធិ បាន​ចូលរួម​បដិវត្តន៍​។ ដំបូង​គាត់​ធ្វើជា​មេក្រុម​សិល្បករ​និង​ដើរ​ថតរូប​។ ក្រោយមក​គាត់​ផ្លាស់​ធ្វើការ​នៅ​ក្រសួង​ពាណិជ្ជ​ម្ម​នៅ​ខេត្តក្រចេះ​។​


​ ​គាត់​មកលេង​ផ្ទះមួយ​ភ្លែតៗ បាន​ពីរ​បី​ដង​ដែរ​។ ជួនកាល​គាត់​ជិះ​កង់ ជួនកាល​ជិះ​ម៉ូតូ​មក​។ គាត់​មិន​និយាយ​អ្វី​ច្រើន​ទេ​។ គ្រាន់តែ​ច្រៀង​ចម្រៀង​ឲ្យ​បងប្អូន​ស្ដាប់​។ គាត់​សុំ​មេគោ​ធំ​មួយ​យកទៅ​មន្ទីរ​របស់គាត់ ប៉ុន្តែ​ខ្ញុំ​មិនដឹងថា​គាត់​យកទៅ​ធ្វើ​អ្វី​ទេ​។​
​ ​ខ្ញុំ​ឮថា រិ​ទ្ធិ ស្លាប់​ហើយ​។ អ្នកបើក​ឡាន​ឲ្យ រិ​ទ្ធិ ប្រាប់​ម្ដាយ​របស់ រិ​ទ្ធិ ថា គាត់​លែង​ធ្វើការ​ឲ្យ រិ​ទ្ធិ ទៀតហើយ ព្រោះ​អង្គ​ការយក រិ​ទ្ធិ ទៅ​ព្រៃ​។ ប្អូនស្រី​របស់ រិ​ទ្ធិ បាន​ទៅរក​គ្រូទាយ អ្នកខ្លះ​ថា​គាត់​នៅរស់ ខ្លះ​ទៀតថា​គាត់​បាន​ស្លាប់​។ ប្អូនស្រី​របស់គាត់​នៅតែ​សង្ឃឹមថា​បងប្រុស​នៅរស់​ឯ​បរទេស ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា រិ​ទ្ធិ បាន​បាត់​បងជីវិត​ហើយ​៕srn