វិបត្តិ​ចិន​-​ឥណ្ឌា កាន់តែ​ពង្រឹង​ទំនាក់ទំនង​ឥណ្ឌា​និង​អាម៉េរិក​

391
ចែករម្លែក

​ការប៉ះទង្គិច​ត្រង់​ព្រំដែន​មួយ​កាលពី​ពេល​ថ្មីៗ​បាន​រុញ​ទម្លាក់​ទំនាក់ទំនង​ឥណ្ឌា​និង​ចិន​ដល់​ចំណុច​ទាប​បំផុត​របស់​វា​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ តែ​ផល​ទទួលបាន​មួយ​ហាក់​ច្បាស់ នោះ​គឺ​ទំ​​នាក់​ទំនង​រវាង​ឥណ្ឌា​និង​អាម៉េរិក​។​

​ពួក​អ្នកជំនាញការ​និយាយថា ឥណ្ឌា​នៅ​ទី​បំផុត​អាច​បញ្ចប់​ការប្រើ​សម្តី​ពាំត្រណោត​បង្កប់ន័យ​មិន​ច្បាស់លាស់​ហើយ​ងាក​ទៅ​ចាប់​ដៃ​ជាមួយ​សហរដ្ឋ​អាម៉េរិក​ជា​ចំហ ទោះជា​នៅ​មាន​ការខ្វែងគំនិត​គ្នា​ខ្លះ​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក​ម៉ៃ ផ​ម​ផេវ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ចិន​«​ចាត់វិធានការ​គឃ្លើន​ហួស​និស្ស័យ​»​នៅក្នុង​ការប្រយុទ្ធ​ដៃទល់​ដៃ​នៅ​តំបន់​ហេមពាន្ត​ដាច់ស្រយាល​កាលពី​ថ្ងៃ​១៥​មិថុនា​​ដែល​បណ្តាល​អោយ​ទាហាន​ឥណ្ឌា​ស្លាប់​២០​នាក់​។​លោក​បាន​ចាត់ទុក​អំពើ​ហិង្សា​នេះ​ថា​ជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​ធំ​មួយ​របស់​ចិន​ប៉េកាំង​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ជិតខាង​ខ្លួន​។​

​ចេ​ហ្វ អឹម ស្មី​ត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​អង្គការ​Heritage Foundation​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​ត្រូវ​គេ​ដឹងថា​បាន​សុំ​ផ្តល់​ព័ត៌មាន​ស៊ើបការណ៍​តាម​ព្រំដែន​ដល់​ប្រទេស​ឥណ្ឌា តែ​ឥណ្ឌា​បាន​ស្នើសុំ​​អោយ​អាម៉េរិក​ប្រយ័ត្នប្រយែង​ដើម្បី​កុំអោយ​សាធារណ​ជន​ឥណ្ឌា​យល់ថា​រដ្ឋាភិបាល​ក្រុង​ញូវដេល្លី​ស្នើសុំ​ជំនួយ​។​

​បើ​តាម​លោក​ស្មី​ត ឥណ្ឌា​ក៏​មិន​ចង់អោយ​វា​ក្លាយជា​ការបន្ថែម​សាច់​រឿង​ប្រឆាំង​ឥណ្ឌា​ដ៏​វែង​អន្លាយ​ក្នុង​ប្រព័ន្ធ​ឃោសនា​ចិន និង​មិន​ចង់អោយ​គេ​យល់​ថា​ខ្លួន​ធ្វើការ​តាម​ការបង្គាប់បញ្ជា​របស់​អាម៉េរិក​។​

​ម៉ៃ​ឃើ​ល គូ​ហ្គេល​ម៉ាន់ អ្នកជំនាញ​អាស៊ី​ខាងត្បូង​នៅ​មជ្ឈមណ្ឌល​អន្តរជាតិ​Woodrow Wilson​បាន​និយាយថា ទាំង​ឥណ្ឌា​និង​ចិន​មិន​ចង់​ឃើញ​ការបែកបាក់​ទំនាក់ទំនង​ទាំង​ស្រុង​ទេ និង​ថា​ប្រទេស​​ទាំង​ពីរ​នៅ​មើលឃើញ​ប្រយោជន៍​រួម​ខ្លះ ជាពិសេស​នៅក្នុង​អង្គការ​អន្តរជាតិ​។​

​លោក​ថា «​តែ​មិន​ត្រូវ​ធ្វើអោយ​មាន​កំហុស​ឡើយ វិបត្តិ​ឥណ្ឌា​និង​ចិន​បច្ចុប្បន្ន អាច​ជា​ទី​ជម្រាល​ចុះ​មួយ​សំរាប់​ភូមិសាស្ត្រ​នយោបាយ​អាស៊ី ហើយ​ទំនាក់ទំនង​អាម៉េរិក​និង​ឥណ្ឌា​នឹង​ជា​អ្នក​ទទួលផល​ធំ​មួយ​។​​ការបារម្ភ​របស់​ឥណ្ឌា​ពីមុន​ខ្លាចក្រែង​មាន​ការប្រឆាំង​ជំទាស់​ពី​ចិន​បើសិន​ខ្លួន​ខិត​កាន់តែ​ជិត​អាម៉េរិក​នោះ ឥឡូវ​ចាប់ផ្តើម​រលាយ​ហើយ​»​។​

​តាមពិត​តាំងពី​ទសវត្សរ៍​១៩៩០ អាម៉េរិក​បាន​ខិតខំ​ស្វះស្វែង​បង្កើត​ទំនាក់ទំនង​កាន់តែ​កក់​ក្រៅ​ឡើង​ជាមួយ​ឥណ្ឌា​ដែល​ក្នុងអំឡុងពេល​សង្គ្រាមត្រជាក់​ប្រទេស​អាស៊ី​ខាងត្បូង​នេះ​នៅតែ​ចចេស​ថា​ខ្លួន​នៅ​​ជា​អព្យាក្រិត​មិន​ចូលប​ក្ខ​សម្ព​ន្ធណា​ឡើយ​លើ​ឆាក​អន្តរជាតិ​។​

​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ ហាក់​បាន​បង្កើត​ចំណង​មួយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក ណា​រេ​នដ្រា ម៉ូ​ឌី ជា​អ្នក​ជាតិនិយម​ដែល​ព្រមាន​អំពី​ការ​គំរាម​ពីស​សា​នា​អ៊ីស្លាម​និយម​ជ្រុល​។​តែ​ត្រាំ ដោយ​ក្រសែភ្នែក​ចោល​ទៅ​កាន់​ការបោះឆ្នោត​នា​ខែ​វិច្ឆិកា​ខាងមុខ បាន​ចាត់វិធានការ​ខ្លះ​ដែល​នាំអោយ​ខូចប្រយោជន៍​ឥណ្ឌា រួម​មាន​ការដក​ឋានៈ​អនុគ្រោះ​ពាណិជ្ជកម្ម​កាលពី​ឆ្នាំមុន ដែល​ប៉ះពាល់​​ការនាំ​ចេញ​តំលៃ​រាប់​ពាន់​លាន​ពី​ឥណ្ឌា​ទៅ​អាម៉េរិក​។​

​រឿង​ជំងឺ​ឆ្លងកូវី​ដ​១៩ លោក​ត្រាំ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ផ្អាក​ទិដ្ឋាការ​សំរាប់​អ្នកបច្ចេកទេស​ជាន់ខ្ពស់ និង​គំរាម​បណ្តេញ​សិស្ស​និស្សិត​អន្តរជាតិ ជា​ចំណាត់ការ​ដែល​នឹង​ប៉ះពាល់​ជនជាតិ​ឥណ្ឌា​។​

​ឥណ្ឌា​ប្រាកដ​ជា​សប្បាយចិត្ត​ដោយ​ឃើញ​លោក​ត្រាំ​ប្រកាន់​គោលជំហរ​តឹង​ត្អឹង​ឡើង​ចំពោះ​ចិន រួម​ទាំង​គូសត្រូវ​ប្រវត្តិសាស្ត្រ​ប៉ា​គី​ស្ថាន​របស់ខ្លួន តែ​ក៏​យល់​ថា​ត្រូវការ​ចិន​ផង​ដែរ ជាពិសេស​ពាណិជ្ជកម្ម នេះ​បើ​តាម​លោកស្រី អា​ប៉ា​ណា ប៉ាន់​ដា នាយក​វិទ្យាស្ថាន​គំនិត​ផ្តួចផ្តើម​ស្តី​ពី​អនាគត​ឥណ្ឌា​និង​អាស៊ី​ខាងត្បូង​។​

​លោកស្រី​បាន​និយាយថា «​វា​ជា​ទំនាក់ទំនង​ពាក់កណ្តាល​រកស៊ី វា​មិនមែន​ជា​ការទាក់ទង​បែប​យុទ្ធសាស្ត្រ ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ទេ​។​ឥណ្ឌា​និង​អាម៉េរិក​កាន់តែ​ជិតស្និទ្ធ​ជា​ង​ពេលណាៗ​ទាំងអស់ តែ​បញ្ហា​​នៅ​ត្រង់​ថា​តើ​ប្រទេស​ទាំង​ទាំងពីរ​ត្រៀម​ចាត់វិធានការ​ពិសេស​នេះ​ហើយ​ឬ​នៅ​?»​។​

​អ៊ែន​ថូ​នី ប្លីន​គិន ជំនួយការ​របស់​បេក្ខជន​ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន បាន​និយាយថា បក្ស​ប្រជាធិបតេយ្យ បើសិនជា​យក​ឈ្នះ​ត្រាំ នឹង​ស្វះស្វែង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា​៕​ប្រែ​សម្រួលៈ​​វាសនា​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក​ម៉ៃ ផ​ម​ផេវ ឆ្លៀតវាយប្រហារចិន នៅពេលទាហានឥណ្ឌានិងចិនប៉ះទង្គិចគ្នានៅព្រំដែន