​រាជរដ្ឋាភិបាល​គ្រោង​ឲ្យ​មន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាក​ការងារ​៥​ថ្ងៃ​នៅ​សប្តាហ៍​ទី​៣​នៃ​ខែសីហា​

670
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​៖​ភ្នំពេញ​៖​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ និយោជិត កម្ម ករ ឈប់សម្រាក​ការងារ​រយៈពេល៥គឺ​ចាប់ពី​(​ថ្ងៃទី​ទី​១៧​រហូតដល់​ថ្ងៃទី២១ខែសីហា ២០២០ )​ជំនួស​ឱ្យ​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​ត្រូវបាន​ពន្យារពេល​កាល​ខែមេសា ។ នេះ​បើ​យោងតាម​សេចក្តីព្រាង​អនុក្រឹត្យ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ។

​គួររំលឹកថា​នៅក្នុង​សារ​ជា​សំឡេង​ផ្ញើរ​ជូនទៅ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីត​១៩ កាលពី​ថ្ងៃអាទិត្យ​ទី ៥ ខែកក្កដា ២០២០និង​ទទួលបាន​ដោយ​កាសែត​រស្មី​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​សុំឱ្យ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​កោះប្រជុំ​និង​សម្រេច​លើ​កាលបរិ ច្ឆេទ​នៃ​ថ្ងៃ​ឈប់សម្រាក់ ៥ ថ្ងៃ​សម្រាប់​កម្មករ​និ​យោ​ជិ​ក​ដែល​មិនបាន​ឈប់សំរាក​ទៅលេង​ស្រុកកំណើត​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជា​ឲ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​សិក្សា​អំពី​លទ្ធភាព​សង​ថ្ងៃ​ឈប់សម្រាក​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​វិញ បន្ទាប់ពី​បាន​ផ្អាក​ការឈប់​សម្រាក​នេះ​កាលពី​បុណ្យចូលឆ្នាំ​ខ្មែរ​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ។

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថាកម្មករ​-​និ​យោ​ជិ​កនឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ឈប់សម្រាក​រយៈពេល ៥ ថ្ងៃ​ជំនួស​ឱ្យ​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​ត្រូវបាន​ពន្យារពេល​កាល​ខែមេសា បើទោះបីជា​កាលបរិច្ឆេទ​មិនទាន់​ត្រូវបាន​កំណត់​ក៏ដោយ​ក្តី​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖ «​ប្រទេស​ថៃ​បានផ្តល់​ថ្ងៃ​ឈប់ សម្រាក​ជំនួស​សម្រាប់​ប្រជាជន​របស់​ពួកគេ​រួចហើយ​”សម្រាប់​ការលុបចោល​នៃ​ពិធី​សង្ក្រាន្ត​របស់​ពួកគេ​” ។ ថ្ងៃ​ជំនួស​របស់​យើង​មិនត្រូវ​ជាន់គ្នា​ជាមួយ​ពួកគេ​ឡើយ »​។​

​គួរ​បញ្ជាក់ថា​គណៈរដ្ឋមន្ត្រី​ថៃ​កាលពី​ដើមខែ​នេះ​បានកំណត់​យក​ថ្ងៃទី ២៧ ខែកក្កដា​ជា​ថ្ងៃ​ឈប់សំរាក​៣​ថ្ងៃ​សម្រាប់​សង​វិញ​សម្រាប់​ពិធីបុណ្យ​សង្ក្រាន្ត​ដែល​ត្រូវបាន​ពន្យារ ។ កាលបរិច្ឆេទ​សម្រាប់​ឈប់សំរាក​ថ្ងៃ​ពិធីបុណ្យ​សង្ក្រាន្ត ២ ផ្សេងទៀត​មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ​ទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀតថា​៖«យើង​ត្រូវតែ​សង​ដល់​ប្រជាពលរដ្ឋ​ដូចដែល​បាន​សន្យា​ដោយសារតែ​ស្ថានភាព​កូ​វីដ​១៩ នៅ កម្ពុជា​ត្រូវបាន​គ្រប់គ្រង​។​ការបន្ថែម​ថ្ងៃ​ឈប់សម្រាក​ដើម្បី​ជំនួស​អាច​នឹង​ធ្លា​ក់នៅ​សប្តាហ៍​ចុងក្រោយ​នៃ​ខែកក្កដា​ឬ​ដើមខែ​សីហា​។​សម្តេច​បានស្នើ​ឲ្យ​លោក​ប៊ិន ឈិន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ធ្វើ​អនុក្រឹត្យ​មួយ​នៅពេលដែល​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​បាន​ឯកភាព​លើ​កាលបរិច្ឆេទ​ជាក់លាក់»​។​

​សូម​រំលឹកថា​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ដែល​គ្រោង​នឹងធ្វើ​ឡើង​ក្នុង​ខែមេសា ឆ្នាំ ២០២០ នេះ​ត្រូវបាន​អាក់ខាន​ដោយសារតែ​វិបត្តិ​នៃ​ការរីក​រាលដាល​វីរុស កូ​វីដ ១៩ ហើយ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​សារាចរ​ណែនាំ​មួយ​ដោយ​ផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប៉ុន្តែ​សម្តេច តេ​ជោ​ក៏បាន​ប្រកាស​ផងដែរ​ថា​នឹង​សង​ប្រជាពលរដ្ឋ​វិញ​នៅពេល​វេលា​សមស្រប​ណាមួយ ៕