​ប្រកាស​តែងតាំង​និង​ចូលកាន់​តំណែង​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប​

157
ចែករម្លែក

​ដោយគូលែន​/​សៀមរាប​:​កាលពី​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២០​នៅ​រដ្ឋបាល​ខេត្តសៀមរាប​មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​និង​ចូលកាន់​តំណែង​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប​។​ដោយមាន​ការចូលរួម​ពី​លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុង រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា​និង​លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។​

​លោក​ទៀ​សីហា​អភិបាលខេត្ត​សៀមរាប​បាន​ថ្លែងថា​ការប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប​នាពេលនេះ​គឺជា​ការប្រគល់​ភារកិច្ច​និង​ជាការ​ផ្តល់នូវ​ការទទួលខុសត្រូវ​មួយ​ថែមទៀត​ដែល​តម្រូវឱ្យ​សាមីខ្លួន​ត្រូវតែ​បញ្ចេញ​ឱ្យអស់​សមត្ថភាព​លទ្ធភាព​និង​ទេពកោសល្យ​។​

ដើម្បី​ជំនះបាន​រាល់​ការលំបាក​នានា​ដែល​កើតមានឡើង​កន្លងមក​ហើយ​ចាំបាច់​ត្រូវ​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រីក្រោមឱវាទ​ដើម្បី​ធ្វើឱ្យ​អង្គភាព​មានការ​ប្រែប្រួល​មុខមាត់​ថ្មី​សំដៅ​ធានា​ឱ្យបាន​នូវ​ភារកិច្ច​ស្នូល​ទាំងឡាយ​។​ដែល​អង្គភាព​ត្រូវបំពេញ និង​ទទួលខុស ត្រូវ​ចំពោះមុខ​ក្រសួង​អប់រំ យុវជន​និង​កីឡា​ព្រមទាំង​ភារកិច្ច​ទាំងឡាយ​ផ្សេងៗ​ទៀត​ទៅតាម​ការចាំបាច់​ដែល​រដ្ឋបាលខេត្ត​ប្រគល់ជូន​។

លោក​ក៏បាន​បន្ថែមថា​ខេត្តសៀមរាប​ជា​ប៉ូល​ទេសចរណ៍​មួយ​ដ៏​សំខាន់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ប្រាង្គ​ប្រាសាទ​និង​តំបន់​ទេសភាព​ធម្មជាតិ​អេកូ​-​ទេសចរណ៍​ច្រើន​ទៀត​សម្រាប់​ភ្ញៀវទេសចរ មក​ទស្សនា​កម្សាន្ត​។​ដោយ​ស្ថិតក្នុង​ស្ថានភាព​បច្ចុប្បន្ន​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​បានធ្វើ​ឱ្យមាន​ផលប៉ះពាល់​ជាខ្លាំង​ដល់​បងប្អូន​ប្រតិបត្តិ​ករ​និង​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​។

​ផលវិបាក​នៃ​ជំងឺ​កូ​វីដ​-១៩​បានធ្វើឱ្យ​ខេត្តសៀមរាប​ពិសេស​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​ធ្លាប់តែ​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​យ៉ាងច្រើន​កុះករ បែរជា​មាន​សភាព​ស្ងប់ស្ងាត់​។​

​លោក​បាន​បន្តថា ទោះ​ស្ថិតក្នុង​ដំណាក់កាល​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​ក៏​រដ្ឋបាលខេត្ត បាននិងកំពុង​ជម្រុញ​និង​យកចិត្តទុកដាក់​លើ​ការកែលំអ​សោ​ភណ្ឌ​ភាព​ក្រុង​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ថែមទៀត​។ ក្នុងនោះ​ខេត្ត​បាន​កសាង​ផ្លូវថ្នល់​ក្នុង​ក្រុង ឆ្នាំ​២០១ ៩-២០២០​នេះ សរុប​ចំនួន​២៧​ខ្សែ ដែលមាន​ប្រវែង​សរុប​ចំនួន ១៦,៤៥០​គីឡូម៉ែត្រ និង​បាន​ដា ក់​លូ និង​លូ​ប្រអប់​តាម​បណ្តោយ​ផ្លូវ​។

ម្យ៉ាងទៀត​ខេត្ត​ក៏បាន​រៀបចំ​កែលំអ​សោ​ភណ្ឌ​ភាព​សួនច្បារ​មាត់​ស្ទឹង​ខាងជើង​ស្ពានថ្ម​ព្រះរាជដំណាក់ ដោយបាន​បំពាក់​នូវ​ឧបករណ៍​ហាត់ប្រាណ​ហើយ​ក្រសួងព្រះបរមរាជវាំង​កំពុងដំណើរការ​រៀបចំ​សោ​ភណ្ឌ​ភាព​សួនច្បារ​មុខ​ព្រះរាជដំណាក់​ផងដែរ​៕S/

​រូបភាព​:​ប្រកាស​តែងតាំង​និង​ចូលកាន់​ដំណែង​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប​ថ្មី​៕​គូលែន​