​អភិបាល​រាជធានី​ណែនាំ​មន្ត្រី​ថ្នាក់មូលដ្ឋាន​ត្រូវ​ពិនិត្យ​ពិចារណា​ឱ្យបាន​ច្បាស់លាស់

143
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​មន្ត្រី​ថ្នាក់មូលដ្ឋាន​ទាំងអស់​ត្រូវតែ​ពិនិត្យ​ពិចារណា​ឱ្យបាន​ច្បាស់​មុននឹង​ផ្ដល់​អំណោយ​ជូនទៅ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​។ ដោយសារ​ថា ការផ្ដល់​អំណោយ​មិន​ចំ​គោលដៅ​មិន​ទៅ​ដល់ដៃ​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ វា​នឹង​ខាតបង់ បង្កើតឱ្យមាន​ការឈ្នានីស​។​

​លោក​បញ្ជាក់ថា​៖​អ្នក​ដែល​វិនិច្ឆ័យ​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ឬ​មិន​ក្រីក្រ​វា​ជាការ​សម្រេច​ច​ចិត្ត​របស់​អស់លោក​ជា​ប្រធានភូមិ​លោក​ចៅសង្កាត់​និង​ក្រុមការងារ​នៅ​ថ្នាក់មូលដ្ឋាន​នេះហើយ​។​ដូច្នេះ​ត្រូវ​ពិនិត្យមើល​បញ្ហា​នេះ​ឱ្យបាន​ច្បាស់លាស់​ចៀសវាង​ការដាក់​បងប្អូន​ឬ​សាច់ញាតិ​ខ្លួនឯង​ជា​ប្រជាពលរដ្ឋ​ក្រីក្រ ខណៈដែល​ពួកគាត់ មាន​ជីវភាព​សមរម្យ​ហើយ​នោះ​។​

​លោក​ឃួ​ង​ស្រេង​បាន​បន្តថា​វា​មិន​ចំណេញ​ប៉ុន្មាន​ទេ​បាន​លុយ​៥០០​ទៅ​៦០០​ដុល្លារ​នា​រដូវ​កូ​វីដ​-១៩​នេះ​តែ​វា​បាន​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ខ្លួនឯង​និង​ថ្នាក់លើ​ថែមទៀត​។​ពិសេស​គឺ​បាត់​ទំនុកចិត្ត​ពី​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តែម្តង​។​ការបញ្ជាក់​និង​ណែនាំ​របស់លោក​ឃួ​ង​ស្រេង​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១១​កក្កដា​២០២០​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ចុះជួយ​ខណ្ឌ​ព្រែក​ព្នៅ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ​។​

​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ​ព្រែក​ព្នៅ​បាន​ជួយ​ស្ថាបនា​ផ្លូវ​ចំនួន​១២​ខ្សែ​នៅ​សង្កាត់​ព​ន្សាំ​ង​ចំនួន​៩​ខ្សែ​មាន​ប្រវែង​៩.៩៣៤​ម៉ែត្រ​អស់​ថវិកា​ជាង​៣០​ម៉ឺន​ដុល្លារ​អាមេរិក​នៅ​សង្កាត់​ពញ្ញា​ពន់​មាន​ចំនួន​៣​ខ្សែ​ប្រវែង​២.២២៧​ម៉ែត្រ​អស់​ថវិកា​ចំនួន​ជាង​៧​ម៉ឺន​ដុល្លារ​។​


​ក្នុងនោះ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ឧបត្ថម្ភ​អង្ករ​ចំនួន​១០​តោន​ដល់​ខណ្ឌ​ព្រែក​ព្នៅ​សម្រាប់​ទុក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ជួប​ការលំបាក​នៅក្នុង​ខណ្ឌ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ​ដើម្បី​ជួយ​សាងសង់​ទីស្នាក់ការ​គណបក្ស​សង្កា​ត់​គោក​រកា​។​បាន​ឧបត្ថម្ភ​អាច​ដី​ចំនួន​១.០០០​ឡាន​ដល់​សង្កាត់​សំរោង​សម្រាប់​ចាក់​បំពេញ​ទីធ្លា​សាលាសង្កាត់​និង​ផ្លូវ​ជាប់​សាលាសង្កាត់​។​

​បាន​នាំយក​ទាន​ព្រះវស្សា​និង​ទេយ្យវត្ថុ​ព្រមទាំង​បច្ច័យ​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ទាំង​១៨​វត្ត​ក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅក្នុង​វត្ត​ជេដ្ឋា​ឧ​ត្ត​ម​ហៅ​វត្ត​គ្រួស​និង​សង្កាត់​សំរោង​ខណ្ឌ​ព្រែក​ព្នៅ​៕S/​