សម្តេចក្រឡាហោម ស ខេង ឲ្យរដ្ឋបាលរាជធានី ខេត្ត ចាត់វិធានការមន្ត្រីឃុំសង្កាត់ដែលអនុវត្តមិនប្រក្រតីក្នុងការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ

261
ចែករម្លែក
សម្តេចក្រឡាហោម ស ខេង ឲ្យរដ្ឋបាលរាជធានី ខេត្ត ចាត់វិធានការមន្ត្រីឃុំសង្កាត់ដែលអនុវត្តមិនប្រក្រតីក្នុងការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ 

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហាញពីភាពមិនប្រក្រតីពាក់ព័ន្ធមន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួន ក្នុងការអនុវត្តវិធានការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ហើយបានឲ្យរដ្ឋបាលរាជធានី ខេត្ត ចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីឃុំ សង្កាត់ណាដែលបានអនុវត្តមិនប្រក្រតីណាមួយក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ។ 

  យោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានជម្រាបជូនអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ថា ក្នុងគោលបំណងផ្តល់នូវកិច្ចគាំពារ ដើម្បីរក្សាលំនឹង ជីវភាពរស់នៅសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានដាក់ចេញនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ (ក្រកម្រិត១ ឬក្រកម្រិត២) ដោយមានរដ្ឋបាលឃុំ សង្កាត់ជាអ្នកអនុវត្តផ្ទាល់។ បន្ទាប់ពីការអនុវត្តកម្មវិធីនេះ រយៈពេលខ្លីកន្លងមក ភាពមិនប្រក្រតីមួយចំនួនបានកើតមានឡើងដូចជា ការយកកម្រៃសេវាពីប្រជាពលរដ្ឋ ដែលបានមកផ្ទៀងផ្ទាត់ឈ្មោះ ទទួលប្រាក់ឧបត្ថម្ភ និងការឃុបឃិតបន្លំដកយកថវិកាប្រជាពលរដ្ឋអ្នកទទួលផល។ ដូច្នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងសុចរិតភាពក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ រដ្ឋបាលរាជធានី ខេត្តត្រូវអនុវត្តកិច្ចការមួយចំនួនដូចខាងក្រោមៈ ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ឱ្យគោរពជាដាច់ខាតនូវគោលការណ៍ និងនីតិវិធី នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុង ពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ត្រូវអនុវត្តជាដាច់ខាត នូវបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវជៀសវាងដាច់ខាតនូវការឃុបឃិត ដាក់បញ្ចូលសាច់ញាតិ បងប្អូន កូនក្មួយ មិត្តភក្តិខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រ និងជនងាយរងគ្រោះពិតប្រាកដឱ្យទទួលបាននូវប្រាក់ឧបត្ថម្ភ មិនត្រូវគិតកម្រៃសេវាពីប្រជាពលរដ្ឋ និងមិនត្រូវដកថវិកាសម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្នុងកម្មវិធីនេះ ដោយមូលហេតុណាមួយជាដាច់ខាត។ 

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង បានឲ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវតាមដាន ត្រួតពិនិត្យ និងជំរុញដល់ រដ្ឋបាលឃុំ សង្កាត់ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រកបដោយតម្លាភាពគណនេយ្យភាព និងប្រសិទ្ធភាព។ ទន្ទឹមនេះរដ្ឋបាលរាជធានី ខេត្តត្រូវចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់ចំពោះមន្រ្តីឃុំ សង្កាត់ណាដែលបានអនុវត្តមិនប្រក្រតីណាមួយ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ៕សរម