ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត : ប្រទេសជាតិ រឹងមាំគឺផ្អែកទៅលើវិស័យការពារជាតិខ្លាំង

203
ចែករម្លែក
ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត : ប្រទេសជាតិរឹងមាំគឺផ្អែកទៅលើវិស័យការពារជាតិខ្លាំង

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងបញ្ជាក់ថា ” ប្រទេសជាតិរឹងមាំគឺផ្អែកទៅលើវិស័យការពារជាតិខ្លាំង ហើយវិស័យការពារជាតិខ្លាំង គឺដោយសារកងទ័ពយើងខ្លាំង។នាយទាហានជំនាន់មុនបានបន្សល់ទុកនូវស្នាដៃការពារជាតិ ដើម្បីបុព្វហេតុជាតិ មកដល់យើងសព្វថ្ងៃនេះ ដូច្នេះយើងត្រូវបន្តថែរក្សានូវកេរមរតកនេះទៅមុខទៀត ដោយឈរលើមូលដ្ឋាននៃស្មារតី ឆន្ទៈ បទពិសោធន៍ ហើយបូកផ្សំជាមួយនឹងសមត្ថភាពជាក់ស្តែង ” ។

ការបញ្ជាក់នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យជំនាន់ទី២ បំពេញក្របខ័ណ្ឌឲ្យសាលាពលទាហានចំណុះយោធភូមិភាគ ឆ្នាំ២០២០ (មូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែន ភ្នំធំម្រះព្រៅ ខេត្តកំពង់ស្ពឺនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត  បន្តថា ការហ្វឹកហ្វឺន ពលទាហានឱ្យមានមូលដ្ឋានគ្រឹះច្បាស់លាស់ គឺជាកត្តាសំខាន់បំផុតដែលធ្វើឱ្យកងទ័ពរបស់យើងខ្លាំងហើយអាចការពារជាតិមាតុភូមិរបស់យើងបានយូរអង្វែងទៅមុខទៀត។ ការហ្វឹកហ្វឺនត្រូវផ្អែកលើកត្តាពីរ។ ទីមួយគឺស្មារតីស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងទីពីរគឺកត្តាសមត្ថភាពដោយមានភាពម្ចាស់ការលើខ្លួនឯង។ នេះហើយជាស្មារតីជាតិនិយម ដើម្បីបង្កើននូវភាពជឿទុកចិត្តលើខ្លួនឯងនៅក្នុងការធានាម្ចាស់ការលើអនាគតរបស់យើង។

មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា យោធាចារ្យមានតួនាទីសំខាន់ណាស់។ អាជីពជាយោធាចារ្យ មានលក្ខណៈពិសេសពីរ។ ទីមួយគឺយើងបានចូលរួមដោយផ្ទាល់ក្នុងការបម្រើជាតិតាមរយៈការបង្រៀនពលទាហានរបស់យើងឱ្យមានមូលដ្ឋានក្នុងការការពារខ្លួន ក៏ដូចជាការពារអង្គភាព ធានាបាននូវជោគជ័យក្នុងការបំពេញភារកិច្ច ដែលជាមោទភាពក្នុងការចូលរួមចំណែកការពារជាតិតាមរយៈការបណ្តុះបណ្តាលនូវវីរជនឆ្នើមៗ។ ទីពីរគឺយោធាចារ្យទទួលបាននូវកិត្តិយសមហាសាលដែលដក់ជាប់ក្នុងក្រអៅបេះដូងរបស់សិស្សគ្រប់រូប ក្នុងនាមជាអ្នកមានគុណដែលបានផ្តល់នូវចំណេះដឹងដល់ពួកគេ។ 

សូមសិក្ខាកាមយោធាចារ្យយើងយល់អំពីតម្លៃនៃអាជីពមួយនេះ ហើយយកចិត្តទុកដាក់ខ្ពស់ក្នុងការហ្វឹកហ្វឺន និងចេញទៅបំពេញភារកិច្ចបង្រៀននៅតាមបណ្តាសាលា ប្រកបដោយឆន្ទៈ និងមនសិកាខ្ពស់ចេញពីបេះដូង។ ជាមួយគ្នានេះ សូមយល់ផងដែរអំពីអត្ថប្រយោជន៍នៃអាជីពមួយនេះតាមរយៈការចោទសួរថា តើយើងបានបន្សល់ទុកអ្វីខ្លះជូនកងទ័ពយើងបន្ទាប់ពីការចូលនិវត្តន៍ទៅគឺយោធាចារ្យម្នាក់អាចបន្សល់ទុកនូវយោធិនរាប់ពាន់នាក់ដែលយើងបានចូលរួមបណ្តុះបណ្តាលរួមទាំងការបន្សល់ទុកនូវប្រព័ន្ធហ្វឹកហ្វឺនបណ្តុះបណ្តាលអប់រំកងទ័ព បន្តទុកឱ្យកូនចៅយើងជំនាន់ក្រោយៗទៀត។ ដូច្នេះហើយឱកាសជាយោធាចារ្យនេះ គឺជាឱកាសពិសេសមួយដែលសិក្ខាកាមយើងអាចចូលរួមក្នុងការកសាងសមិទ្ធផលសម្រាប់កងទ័ពតាមរយៈការកសាងបណ្តុះបណ្តាលធនធានមនុស្ស៕srn