អាម៉េរិក​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ច្រើន​បំផុត​ដល់​ថ្ងៃទី​៣​ជាប់ៗ​គ្នា ចំនួន​៦៩.០០០​នាក់​

169
ចែករម្លែក

​ករណី​ឆ្លង​វីរុស​ថ្មី​បាន​កើនឡើង​ជិត ៦៩.០០០ នាក់​នៅ​ទូទាំង​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​ទី​១០​ខែកក្កដា ដែល​ជា​ចំនួន​ឆ្លង​វីរុស​ច្រើន​បំផុត​ក្នុង​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា​ខណៈ​ដែល​ក្រុមហ៊ុន​Walt Disney Co មិន​អាច​បើក​ឧទ្យាន​លេង​កម្សាន្ត​របស់ខ្លួន​នៅ​រដ្ឋ​Florida​ដែល​រងគ្រោះ​ការឆ្លង​វីរុស​ដ៏​ខ្លាំង​។​

​រដ្ឋ​ចំនួន​៩​នៅ​សហរដ្ឋ​អាម៉េរិក​គឺ​រដ្ឋ​Alaska រដ្ឋ​Georgia រដ្ឋ​Idaho រដ្ឋ​Iowa រដ្ឋ​Louisiana រដ្ឋ​Montana រដ្ឋ​Ohio រដ្ឋ​Utah និង រដ្ឋ Wisconsin ក៏​បាន​ឈាន​ដល់​កម្រិត​ឆ្លង​ជំងឺ​ដ៏​ច្រើន​បំផុត​ រយៈពេល​តែ​មួយ​ថ្ងៃ​។​នេះ​បើ​យោង​តាម​តួលេខ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​Reuters ។

​នៅ​រដ្ឋ​Texas លោក Greg Abbott អភិបាលរដ្ឋ​នេះ​បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ថា​លោក​អាច​នឹង​ដាក់​ចេញ​វិធានការ​ថ្មី​ប្រសិន​បើ​រដ្ឋ​នេះ​មិន​អាច​ទប់ស្កាត់​ការឆ្លង​រាលដាល​ហើយ​មានការ​សម្រាក​​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាន់តែច្រើន​។​

​លោក Greg Abbott បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ថា​”​ប្រសិនបើ​យើង​មិន​បាន​អនុវត្ត​ល្អ​បំផុត​នេះ​ទេ វា​អាច​នាំ​ឱ្យ​ដល់​ការបិទ​អាជីវកម្ម​។ វា​ជា​បញ្ហា​ចុងក្រោយ ដែល​យើង​ចង់​ឱ្យ​វា​សម្រេច​បាន “​។​

​រដ្ឋ​California​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា​រដ្ឋ​នេះ​នឹង​ដោះ​លែង​អ្នកទោស​រហូតដល់​ទៅ​៨.០០០ នាក់ មុន​ពេល​កំណត់​ចេញពី​ពន្ធនាគារ​ដើម្បី​បន្ថយ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ នៅតាម​ពន្ធ​នា​​គារ​ទាំងនោះ​។​

​នៅឯ​ពន្ធនាគារ San Quentin នៅ​ខាងក្រៅ​ទីក្រុង​San Francisco​អ្នកទោស​ចំនួន​ពាក់កណ្តាល​នៃ​ចំនួន​អ្នកទោស​សរុប​៣.៣០០ នាក់​នៅ​គុក​នេះ​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​។ ក្រុម​អាជ្ញាធរ​​នៅ​ក្រុង​San Francisco​បាន​ពន្យារ​ពេល​បើក​អាជីវកម្ម​ឡើងវិញ​។​

​ជាទូទៅ ករណី​ឆ្លង​វីរុស​នៅ​សហរដ្ឋ​អាម៉េរិក កំពុង​កើនឡើង​នៅ​រដ្ឋ​ចំនួន​៤៤​ហើយ​គិត​រហូត​ដល់​ពេល​នេះ មាន​ចំនួន​អ្នកស្លាប់​សរុប​ដោយសារ​វីរុស​នេះ​ជិត​១៣៤.០០០​នាក់​៕

ប្រែសម្រួល៖សុខា/sn

​រដ្ឋ​សរុប​ចំនួន​៨​នៅ​សហរដ្ឋ​អាម៉េរិក មាន​ករណី​ឆ្លង​វីរុស​កូវី​ដ​១៩​ច្រើន​បំផុត​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ