មិនអាច​ជិះសេះ​លែងដៃៈ​១២ កក្កដា កូ​វីដ ១៩ នៅ​កម្ពុជា​ឆ្លង​ថ្មី ១៥ នាក់ គ្មាន​អ្នកជា​សះស្បើយ​

222
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២០ ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា មាន​ដូចតទៅ ៖


១. ករណី​ឆ្លង​ថ្មី ៖ ១៥ នាក់ សុទ្ធតែជា​បុរស​ជនជាតិខ្មែរទាំងអស់ ដែលមាន​អាយុ​ចាប់ពី ២១ ដល់ ៣១ ឆ្នាំ មាន​អាសយដ្ឋាន នៅច្រាំង​ចំរេះ និងកំពង់ហ្លួង រាជធានី​ភ្នំពេញ ខណៈ​អ្នកខ្លះ​មាន​អាសយដ្ឋាន​នៅ​ខេត្តក្រចេះ កណ្តាល តាកែវ និងត្បូងឃ្មុំ ហើយ​បុរស​ទាំង ១៥ នាក់​នេះ គឺជា​អ្នកធ្វើដំណើរ​មកពី​ប្រទេសអា​រ៉ា​ប៊ី សា​អ៊ូ​ឌីត បន្ត​ជើងហោះហើរ​ពី​ប្រទេសម៉ាឡេស៊ី មកដល់​កម្ពុជា កាលពី​ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២០ នេះ ។ ពេលនេះ​អ្នក​ទាំង ១៥ នាក់ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​ម​ណ្ឌ​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ។​


​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ប​បញ្ជាក់ថា ក្នុង​ជើងហោះហើរ​នោះ មាន​អ្នកដំណើរ​សរុប ៩៤ នាក់ ចំណែក ៧៩ នាក់ ដែល​ត្រូវបាន​ធ្វើតេស្ត​ជាមួយគ្នា ដោយបាន​លទ្ធផល​អវិជ្ជមាន​នោះ កំពុង​ត្រូវ​បានដាក់​ឱ្យនៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ជម្ពូ​វ័ន ក្នុង​រាជធានី​ភ្នំពេញ ។​


២. អ្នក​ឆ្លង​សរុប ( រួមទាំង​អ្នក​ព្យាបាល​ឱ្យ​ជាសះស្បើយ​ផង ) ៖ ១៥៦ នាក់ ក្នុងនោះ​ស្ត្រី ៤០ នាក់ និង បុរស ១១៦ នាក់ ។​


៣. អ្នកជា​សះស្បើយ​ថ្មី ៖ គ្មាន​


៤. អ្នក​ព្យាបាល​ឱ្យ​សះ​ស្បើ​សរុបៈ ១៣៣ នាក់​


៥. អ្នក​កំពុង​សម្រាក​ព្យាបាល ៖ ២៣ នាក់


​តាមរយៈ​សេចក្តីប្រកាស​នេះ ក្រសួងសុខាភិបាល បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​សុខាភិបាល ក្រុមគ្រូពេទ្យ​នៅ​ទូទាំងប្រទេស ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង និងបង្ការ​ជំងឺឆ្លង​អាម៉េរិក និង វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​បាន​បំពេញ​កាតព្វកិច្ច​បាន​យ៉ាង​ល្អ​បំផុត ។​


​លទ្ធផល​ទាំងនេះ គេ​អាច​ប្រាកដ កម្ពុជាពិតជា​មិនទាន់មាន​សុវត្ថិភាព​ពី​ជំងឺ​កូ​វីដ ១៩ ទេ ឬ អាច​និយាយ​ម្យ៉ាង​ទៀតថា ប្រជាជនកម្ពុជា ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច ។ ទោះយ៉ាងណា អ្វីដែល​ជាកា​ប្រការ​គួរកត់សម្គាល់ គឺថា​លទ្ធផល នៃ ការរកឃើញ​ការឆ្លង​វិជ្ជមាន​កូ​វីដ ១៩ កន្លងមកនេះ គឺជា​ការឆ្លង​មកពី​ក្រៅប្រទេស គឺកម្ពុជា មិនទាន់មាន​ការឆ្លង​ជា​លក្ខណៈ​សហគមន៍​ឡើយ ហើយក៏​មិនទាន់មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ ១៩ នេះ​នៅឡើយ​ដែរ ។

​គប្បី​រំឭក​ឡើង​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងសុខាភិបាល និង អង្គការ​សុខភាព​ពិភពលោក តែងតែបាន​ក្រើនរំឭក​ដល់​សាធារណជន​នៅ​កម្ពុជា ឱ្យ​រក្សា​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ការអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ដែល​ហៅថា “ ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី “ ដូចជា​លាង​សម្អាត​ដៃ ពាក់​ម៉ាស់ ( ក្នុងករណី​ចាំបាច់ ) នៅ​ឱ្យ​ឃ្លាត​គ្នា​ពី ១ ទៅ ២ ម៉ែត្រ ជាដើម ព្រោះកម្ពុជា មិនទាន់មាន​សុវត្ថិភាព​ពី​ជំងឺ​កូ​វីដ ១៩ នៅឡើយ​ទេ ហើយ​ថា កម្ពុជាអាច​នឹងរង​ការវាយប្រហារ​ដោយ​រលក​ទី ២ ដែល​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​នេះ ប្រសិនបើកម្ពុជាធ្វេសប្រហែស ៕ Kh/Ha