សហប្រជាជាតិ​អនុម័ត​ជំនួយ​ទៅកាន់​តំបន់​ឧទ្ទាម​ស៊ី​រី តាម​ច្រក​មួយ​

220
ចែករម្លែក

​រុស្ស៊ី​ដណ្តើមបាន​ជ័យជម្នះ​សំរាប់​សម្ព័ន្ធមិត្ត​ស៊ី​រី​របស់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ដោយ​បាន​បង្ខំ​អោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កំហិត​ការដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ទៅកាន់​តំបន់​គ្រប់គ្រង​​ដោយ​ពួក​ឧទ្ទាម​ស៊ី​រី តាម​ច្រក​តែ​មួយ​ចេញ​ពី​តួ​ក​គី​ទៅ ។​វា​ជា​ចំណាត់ការ​មួយ​ដែល​បណ្តា​ប្រទេស​លោកខាងលិច​និយាយថា នឹង​កាត់ផ្តាច់​ខ្សែ​ជីវិត​របស់​មនុស្ស​ប្រមាណ​១,៣​លាន​នាក់​។​

​រុស្ស៊ី​បាន​ស្នើឡើង​ថា ជំនួយ​នេះ​គួរ​ត្រូវ​បញ្ជូន​ឆ្លងកាត់​ខ្សែត្រៀម​ជម្លោះ​តែមួយ នៅពេល​មន្ត្រី​សហប្រជាជាតិ​និង​បណ្តា​ក្រុម​ផ្តល់ជំនួយ​និយាយថា វា​ចាំបាច់​ត្រូវការ​ច្រក​២​ដើម្បី​ជួយ​អ្នក​ត្រូវការ​ជំនួយ​រាប់​​លាន​នាក់​នៅ​ស៊ី​រី​ភាគ​ពាយព្យ ។​

​ទោះជា​យ៉ាងណា​ក្រុមប្រឹក្សា​សន្តិសុខ​បាន​បោះឆ្នោត​អនុម័ត​ការបញ្ជូន​ជំនួយ​តាម​ច្រក​តែ​មួយ​ចេញ​ពី​ប្រទេស​តួ​ក​គី ក្នុង​សម្លេងគាំទ្រ​១២ ទល់​សូន្យ ដោយ​ចិន​និង​សាធារណរដ្ឋ​ដូ​មីនិ​កបោះ​អនុប្បវាទ​។​

​ការបោះឆ្នោត​នេះ​កើត​ឡើង​ក្រោយ​ការតស៊ូ​មតិ​គ្នា​អស់​មួយ​សប្តាហ៍​ដែលនាំអោយ​ចិន​និង​រុស្ស៊ី​ត្រូវ​ប្រឈម​មុខ​ជាមួយ​សមាជិក​១៣​ទៀត​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​។​សមាជិក​ភាគច្រើន​បាន​បោះឆ្នោត​​ពីរដង​ដោយ​គាំទ្រ​អោយ​ដំណើរការ​ច្រក​២​ចេញពី​តួ​ក​គី តែ​រុស្ស៊ី​និង​ចិន ប្រឆាំង​។​

​អាឡឺម៉ង់​និង​បែ​ល​ហ្សិក ដែល​គាំទ្រ​សេចក្តីសំរេចចិត្ត​សំរាប់​ច្រក​២ នៅ​ទីបំផុត​បាន​ដកថយ​ដោយសារ​ការ​គំរាម​វេតូ​ពី​រុស្ស៊ី​។​សេចក្តីសំរេចចិត្ត​ដែល​ដាក់​អោយ​ក្រុមប្រឹក្សា​សន្តិសុខ​បោះឆ្នោត​អនុម័ត​កាលពី​​ថ្ងៃ​សៅរ៍​គឺ បញ្ជូន​ជំនួយ​តាម​ច្រក​តែ​មួយ​សំរាប់​រយៈពេល​១​ឆ្នាំ​៕

​រូប​កាលពី​ថ្ងៃ​១៥​សីហា​ឆ្នាំ​២០១៨ បង្ហាញ​អ្នកស្រុក​ទទួល​ជំនួយ​មនុស្សធម៌​ពី​យោធា​រុស្ស៊ី​នៅ​ទីប្រជុំជន​អាល់​-​រ៉ា​ស្តា​ន់​