កំពូល​តារាភាពយន្ត​ឥណ្ឌា​ម្នាក់​ទៀត​ នាង អៃស៍​វ៉ា​យ៉ា រ៉ា​យ ឆ្លងកូវី​ដ​១៩

240
ចែករម្លែក

​នាង អៃស៍​វ៉ា​យ៉ា រ៉ា​យ បាច​ចាន់ និង​កូនស្រី អា​រ៉ា​តយ៉ា បាច​ចាន់ បាន​ឆ្លងកូវី​ដ​១៩​ទាំង​ពីរ​នាក់ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ក្រុង​មុំ​បៃ​។​

​ព័ត៌មាន​ស្តីពី​ការ​ឆ្លងកូវី​ដ​១៩​លើ​តារា​ស្រី​ជើងចាស់​និង​ជា​អតីត​បវរកញ្ញា​ឥណ្ឌា​រូប​នេះ​កើតឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​តារា​ភាពយន្ត​បូលីវូដ​ជើង​ចាស់​លោក អា​មី​ត​តាប បាច​ចាន់ និង​កូនប្រុស​ដែល​ក៏​ជា​​តារា​ភាពយន្ត​និង​ត្រូវជា​ស្វាមី​នាង អៃស៍​វ៉ា​យ៉ា រ៉ា​យ បានប្រកាសថា​ពួក​លោក​បាន​ឆ្លង​វីរុស​កូរ៉ូណា​និង​កំពុង​ដេកពេទ្យ​។​

​កូនស្រី​អាយុ​៨​ឆ្នាំ​របស់​រ៉ៃ ជាមួយ​លោក​អាប៊ី​សេក បាច​ចាន់ ក៏​ត្រូវបាន​ធ្វើតេស្តវិជ្ជមាន​កូវី​ដ​១៩​ផងដែរ និង​កំពុង​ព្យាបាល​ជំងឺ​នៅក្នុង​ផ្ទះ​នៅក្នុង​ក្រុង​មុំ​បៃ​។​

​អាប៊ី​សេក បាច​ចាន់ បាន​សរសេរ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ថា « អៃស៍​វ៉ា​យ៉ា និង​អា​រ៉ា​តយ៉ា ត្រូវ​បាន​ពិនិត្យឃើញ​មាន​វីរុស​កូរ៉ូណា​។​ពួកគេ​កំពុង​ដាក់ខ្លួន​ឯង​នៅ​ដាច់​ពី​គេ​នៅ​ក្នុងផ្ទះ​…​អ្នក​ផ្សេង​ទៀត​ក្នុង​​គ្រួសារ រួម​មាន​ម្តាយ​របស់​ខ្ញុំ បាន​ពិនិត្យ​ហើយ​​ តែ​មិន​មាន​វីរុស​ទេ​»​។​

​អាប៊ី​សេក បាច​ចាន់ បានឲ្យដឹង​ទៀត​ថា «​ខ្ញុំ​និង​ឪពុក កើត​កូវី​ដតែ​ស្រាល​ទេ ​និង​កំពុង​ដេក​ព្យាបាល​នៅ​ពេទ្យ​ឯកជន​មួយ​។​សូម​គ្រប់​គ្នា​មាន​ការប្រុងប្រយ័ត្ន​និង​មាន​សុវត្ថិភាព​។​សូម​អនុវត្ត​ច្បាប់​សុ​វ​​ត្ថិ​ភាព​ទាំងអស់​!»​។​

​នាង អៃស៍​វ៉ា​យ៉ា រ៉ា​យ បាច​ចាន់ និង​កូនស្រី​អាយុ​៨​ឆ្នាំ ឆ្លងកូវី​ដ​១៩ តែ​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក​ពី​គេ​នៅ​ផ្ទះ​ក្នុង​ក្រុង​មុំ​បៃ​

​អាប៊ី​សេក បាច​ចាន់ និង​ឪពុក​កំពុង​ដេកពេទ្យ​ក្រោយ​ពិនិត្យឃើញ​មាន​វីរុស​កូរ៉ូណា​

​សូមបញ្ជាក់​ថា អៃស៍​វ៉ា​យ៉ា រ៉ា​យ បាច​ចាន់ បន្ត​ល្បីល្បាញ​ក្នុង​ភាពយន្ត​បូ​វី​វូដ ទាំង​នៅ​បរទេស​និង​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​តែងតែ​មាន​មុខ​លើ​កម្រាលព្រំ​ក្រហម​ក្នុង​មហោស្រព​ភាពយន្ត​ក្រុង​កាន​។​នាង​បាន​​រៀបការ​ជាមួយ​លោក អាប៊ី​សេក បាច​ចាន់ នៅ​ឆ្នាំ​២០០៧​។​

​ចំណែក​លោក​បាច​ចាន់ អាយុ​៧៧​ឆ្នាំ ជា​ជន​គំរូ​នៅ​ឥណ្ឌា ដែល​ត្រូវ​គេ​ឲ្យរហស្សនាម​ថា Big B ក្រោយ​ពី​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​អស់​ជាង​៤​ទសវត្សរ៍​។​

​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ​ទី​១២​កក្កដា បាន​រាយការណ៍​ការឆ្លង​កូ​វីដ​ប្រចាំ​ថ្ងៃ​ជាង​២៨.៦០០​នាក់ នៅពេល​ចំនួន​ឆ្លង​សរុប​ក្នុង​ប្រទេស​នោះ​កើនឡើង​ជិត​៨៥០.០០០​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​/Ha