ប្រធានាធិបតីម៉ាលីរំលាយតុលាការធម្មនុញ្ញដើម្បីរម្ងាប់ចលាចល

189
ចែករម្លែក

ប្រធានាធិបតីម៉ាលីបានប្រកាសរំលាយតុលាការធម្មនុញ្ញក្នុងគោលបំណងដើម្បីរម្ងាប់នូវចលាចលស៊ីវិលដែលបានញាំញីប្រទេសអាហ្វ្រិកងាយរងគ្រោះមួយនេះខណៈមេដឹកនាំប្រឆាំងជាច្រើននាក់ត្រូវបានចាប់ខ្លួន។

តុលាការនេះបានស្ថិតនៅចំកណ្តាលនៃភាពចម្រូងចម្រាសចាប់តាំងពីតុលាការបានបដិសេធលទ្ធផលបណ្តោះអាសន្នសម្រាប់ការបោះឆ្នោតសភាកាលពីដើមឆ្នាំនេះដែលបង្កឱ្យមានការតវ៉ានៅក្នុងទីក្រុងជាច្រើន ដែលកាលពីថ្ងៃសុក្រទី១០កក្កដាបានឈានដល់អំពើហិង្សា។

ការប៉ះទង្គិចគ្នាបានកើតឡើងជាថ្មីម្តងទៀតនៅក្នុងរដ្ឋធានីបាម៉ាកូកាលពីថ្ងៃសៅរ៍ខណៈដែលក្រុមបាតុករដែលខឹងនឹងជម្លោះជីហាដដ៏រ៉ាំរ៉ៃ វិបត្តិសេដ្ឋកិច្ច និង អំពើពុករលួយរបស់រដ្ឋាភិបាល បានទាមទារឱ្យលោកប្រធានាធិបតីអ៊ីប្រាហ៊ីម បូបាកា ខេតា លាលែងពីតំណែង។

អាជ្ញាធរនិយាយថា មនុស្ស ៤ នាក់បានស្លាប់នៅក្នុងភាពវឹកវរនេះខណៈឥស្សរជនប្រឆាំង ៦ នាក់ត្រូវបានឃុំខ្លួនក្នុងរយៈពេល ២ ថ្ងៃស្របពេលដែលរដ្ឋាភិបាលបង្ក្រាបសម្ព័ន្ធមួយដែលគេស្គាល់ថា “ចលនា ៥ មិថុនា”។

លោកខេតាបាននិយាយថាគាត់បានដកហូតអាជ្ញាប័ណ្ណសមាជិកដែលនៅសេសសល់ទាំងអស់នៃតុលាការធម្មនុញ្ញដើម្បីឱ្យចៅក្រមថ្មីអាចត្រូវបានតែងតាំងចាប់ពីសប្តាហ៍ក្រោយ។

លោកបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “តុលាការដែលបានកែទម្រង់នេះអាចជួយយើងក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះដែលបានកើតចេញពីការបោះឆ្នោតសភា”។

បន្ទាប់ពីការបោះឆ្នោតសភាដែលត្រូវបានពន្យារពេលជាយូរនៅក្នុងខែមីនា ដែលគណបក្សរបស់លោកខេតាឈ្នះនោះ តុលាការបានលុបចោលលទ្ធផលបណ្តោះអាសន្នប្រហែល ៣០ អាសនៈដែលជាចំណាត់ការមួយធ្វើឱ្យសមាជិកជាច្រើននៃគណបក្សរបស់លោកខេតាជាប់ឆ្នោត ហើយត្រូវបានគេមើលឃើញជាទូទៅថាបានបញ្ឆេះវិបត្តិចុងក្រោយនេះ។

ប្រធានាធិបតីវ័យ ៧៥ ឆ្នាំ ដែលបានកាន់អំណាចតាំងពីឆ្នាំ ២០១៣ បានលើកឡើងរួចមកហើយកាលពីសប្តាហ៍មុនថា ចៅក្រមតុលាការធម្មនុញ្ញថ្មីអាចពិនិត្យសេចក្តីសម្រេចនោះឡើងវិញ៕ ដោយ៖ កញ្ញាដាលីស

បាតុករប៉ះទង្គិចជាមួយប៉ូលិសនៅរដ្ឋធានី​បាម៉ាកូកាលពីថ្ងៃសៅរ៍