អ្នកឯកទេសបារាំង ៖ វ៉ាក់សាំងកូវីដ១៩ពេញលេញមិនទំនងផលិតបាននៅឆ្នាំ២០២១ និងត្រូវយកចិត្តទុកដាក់ឱ្យខ្លាំងលើការរក្សាគម្លាតពីគ្នា

500
ចែករម្លែក

អ្នកឯកទេសជនជាតិបារាំងម្នាក់បានព្រមានកាលពីថ្ងៃអាទិត្យ (១២ កក្កដា) ថា មានឱកាសតិចតួចក្នុងការផលិតបានវ៉ាក់សាំងការពារកូវីដមានប្រសិទ្ធភាព ១០០ ភាគរយនៅឆ្នាំ ២០២១ ដោយជំរុញមនុស្សយកចិត្តទុកដាក់ឱ្យខ្លាំងទៅលើការ រក្សាគម្លាតពីគ្នា។

លោក អាណូ ហ្វុងតាណែត អ្នកឯកទេសផ្នែករោគវិទ្យានិងជាសមាជិកក្រុមអ្នក វិទ្យាសាស្ត្រដែលផ្តល់ដំបូន្មានដល់រដ្ឋាភិបាលអំពីវិបត្តិកូវីដ បាននិយាយប្រាប់ ទូរទស្សន៍ BFMTV ថា “វ៉ាក់សាំងត្រូវចំណាយពេលច្រើនឆ្នាំក្នុងការអភិវឌ្ឍ”។

លោកបានបន្ថែមថា “ជាការពិត មានការខិតខំប្រឹងប្រែងមិនធ្លាប់មានពីមុនមក ក្នុងការបង្កើតវ៉ាក់សាំង ប៉ុន្តែខ្ញុំពិតជាភ្ញាក់ផ្អើលប្រសិនបើយើងមានវ៉ាក់សាំង ដែលមានប្រសិទ្ធភាពនៅឆ្នាំ ២០២១”។

លោកបាននិយាយថា ខណៈដែលយើងប្រហែលជាមានវ៉ាក់សាំងប្រសិទ្ធភាព ដោយអន្លើ “យើងនៅឆ្ងាយខ្លាំងណាស់ពីការបញ្ចប់វិបត្តិ”។

លោកបាននិយាយថា នោះជាករណីដែល “យើងត្រូវតែរស់នៅជាមួយវីរុសនេះ”។ ហើយខណៈការបិទប្រទេសម្តងទៀតកំពុងស្ថិតក្នុងមន្ទិលនៅឡើយ ប្រជាជនត្រូវ ត្រឡប់ទៅរក “ទម្លាប់ប្រុងប្រយ័ត្នខ្លាំងជាងមុន”។

លោកនិយាយថា “នៅរដូវក្តៅនេះ យ៉ាងហោចណាស់ សូមគោរពការរក្សាគម្លាតពីគ្នា!” ដោយសង្កត់ធ្ងន់ថា ការជួបជុំធំៗគឺជាការគំរាមកំហែងចម្បង៕ ដោយ៖ កញ្ញាដាលីស/Ha

វ៉ាក់សាំងប្រសិទ្ធភាពពេញលេញទំនងមិនផលិតបានក្នុងឆ្នាំ២០២១ទេ