រថយន្ត​ដឹក​អេតចាយ​១​គ្រឿង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​

163
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: រថយន្ត​ដឹកទំនិញ​អេតចាយ​១​គ្រឿង ទំនង​រអិល​បុក​ទ្វារ​ចេញមកក្រៅ​ឃ្លាំង និង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​២ និង​៣០​នាទី រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ឃ្លាំង​ស្តុក​អេតចាយ​ដ៏​ធំ​មួយកន្លែង ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២១៧ ជិត​នឹង​ហ្គា​រ៉ា​ក់​សាំង​កាល់តិច សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រថយន្ត​ដែលមាន​ផ្លាកលេខ​ភ្នំពេញ 3D 5486 ស្ថិតនៅក្នុង​ឃ្លាំង​ដូច​សព្វដង លុះ​ពេល​កើតហេតុ​ខាងលើ ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ ហើយ​រថយន្ត​នោះ​ក៏​រអិល​បុក​ទ្វារចេញមក​ខាងក្រៅ​ឃ្លាំង បង្ក​ឲ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ធ្វើ​ឲ្យ​ម្នាក់ៗ​ភ័យ​ស្លន់ស្លោ​រត់​ទៅយក​បំពង់អគ្គិភ័យ​បាញ់​អស់​ជាច្រើន​បំពង់ ទើប​រលត់ទៅវិញ​។

ប្រភពពី​កន្លែងកើតហេតុ​ខាងលើ​បាន​បន្ថែមទៀតថា ហេតុការណ៍​នេះ សង្ស័យ​មកពី​ឆ្លង​ប្រព័ន្ធ​ភ្លើង​រថយន្ត និង​មិនបាន​ដោះ​ចង្កឹះ​លេខ ទើប​បណ្តាល​ឲ្យ​ឆេះ​បែបនេះ​។​

​សូមបញ្ជាក់ថា ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ​មាន​នរណាម្នាក់​រង​របួស​ទេ ហើយក៏​មិនមាន​ការ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ដែរ​។​

​ប្រជាពលរដ្ឋ​ដែល​ស្នាក់​នៅក្បែរ​ឃ្លាំង​អេតចាយ​ខាងលើ បាន​សំណូមពរ​ឲ្យ​ម្ចាស់​ទីតាំង​មេត្តា​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ត្រូវមាន​បំពង់​ពន្លត់​អគ្គិភ័យ​ការពារ​គ្រប់គ្រាន់ ដើម្បី​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ទាន់ពេលវេលា​ដូច​ករណី​ខាងលើនេះ​៕ ​/Ha