រដ្ឋ​ម​ន្ត្រីៈ ជនពិការ​ទទួលបាន​ការ​គាំពារ​កាន់តែ​ប្រសើរឡើង​ពី​រាជរដ្ឋាភិបាល​

216
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន មានប្រសាសន៍ថា ថា “ តាមរយៈ​មូលនិធិ​ជនពិការ មានផ្ទះ​ចំនួន ៦ ខ្នង​មកហើយ ត្រូវ បាន ប្រគល់ជូន​ជនពិការ​ក្រីក្រ ហើយ​ក្រសួង​សង្គមកិច្ច តាមរយៈ​មន្ទីរ​សង្គម​កិច្ច​ខេត្ត បាន និង កំពុងបើក​ផ្តល់ប្រាក់​របប​គោលនយោបាយ​ប្រចាំខែ​សម្រាប់​ជនពិការ​ជា​អតីតយុទ្ធជន​ចំនួន ១ ១៩២ នាក់ និង​បានផ្តល់​ប្រាក់​របប​គោលនយោបាយ​សម្រាប់​ជនពិការ​ក្រីក្រ​តាម​សហគមន៍ បាន​ចំនួន ២ ០០៩ នាក់ ឆ្នាំ​២០១៩ កន្លងទៅ ។ ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យអនុវត្ត កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ នឹង​ជំងឺ កូ​វីដ​១៩ ដែល​ក្នុងនោះ គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​ដែលមាន​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ មនុស្ស​ចាស់​ចាប់ពី​អាយុ ៦០​ឆ្នាំ​ឡើងទៅ សមាជិកគ្រួសារ​ដែលមាន​ជំងឺអេដស៍ និង ជាពិសេស​ជនពិការ ដែល​ងាយ​រងគ្រោះ​ទាំងអស់​នឹង​ទទួលបាន​ការឧបត្ថម្ភ​បន្ថែម​ទៅក្នុង គ្រួសារ​ក្រីក្រ ដែលជា​សរុបទៅ​ជនពិការ​ក្នុងសម័យ​សម្តេច​តេ​ជោ ទទួលបាន​ការគិតគូ​រ​យកចិត្តទុកដាក់ និង​ការ​គាំពារ​កាន់តែច្រើន និង កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ “ ។​

លោក វង សូត ថ្លែង​សំណេះសំណាល និង ប្រគល់​សោ​ផ្ទះ​ជូន​ជនពិការ​នៅ​ត្បូងឃ្មុំ (​រូបៈ ថុ​នា )


​លោក វង សូត ថ្លែង​ប្រកបដោយ​សុទិដ្ឋិនិយម​បែបនេះ នៅក្នុង​ពិធី​ប្រគល់​ផ្ទះ​ថ្មី​១​ខ្នង ទំហំ​៤ x ៦ ម៉ែត្រ ធ្វើ​អំពី​ថ្ម​ប្រក់​ស័ង្កសី ជូន​ដល់​លោក ថែ ម៉ុង អាយុ ៥៨​ឆ្នាំ ពិការ​ស្វិត​អវយវៈ​មួយ​កំណាត់​ខ្លួន លំនៅ​ក្នុងភូមិ ដឹក​ពរ ឃុំ​ក ណ្តោ​ល​ជ្រុំ ស្រុក ពញាក្រែក ខេត្ត ត្បូងឃ្មុំ កាលពី​ថ្ងៃ អាទិត្យ ទី ១២ ខែ កក្កដា ឆ្នាំ ២០២០ នេះ ដែល​ក្នុង​ពិធី​នោះ ក៏មាន​ការអញ្ជើញ​ចូលរួម​មន្ត្រី និង ប្រជាពលរដ្ឋ​ចំនួន ៣០ នាក់ ។​


​លោក ជួរ រតនៈ នាយក​មូលនិធិ​ជនពិការ បានឱ្យដឹងថា ផ្ទះមួយ​ខ្នង​នេះ​ចំណាយ​អស់​ថវិកា ជាង ១៦ លាន​រៀល ដែលជា​ថវិកា​បានមកពី​អំណោយ​សប្បុរសធម៌ ដែល​សប្បុរសជន​បាន​បរិច្ចាគ​ចូល​ហិប​ប្រាក់​វិភាគទាន​សប្បុរសធម៌​មូលនិធិ​ជនពិការ ហើយ​តាមរយៈ​ថវិកា​ដែល​ប្រមូលបាន​ពី​ហិប​នេះ សាខា មូលនិធិ​ជនពិការ ខេត្ត ត្បូងឃ្មុំ បានរៀបចំ​ជា​កញ្ចប់​អំណោយ​សប្បុរសធម៌​ផ្តល់ជូន​ដល់​ជនពិការ​ក្រីក្រ​នៅក្នុង​ខេត្ត ត្បូងឃ្មុំ បាន​ចំនួន ៣២ នាក់ រួចមកហើយ ។ មូលនិធិ​ជនពិការ បាន​សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច ខេត្ត ត្បូងឃ្មុំ បាន​ចុះ​បើក​ផ្តល់ប្រាក់​របប​គោលនយោបាយ​ពិនិត្យ និង​ថែទាំ​សុខភាព​ដល់​ជនពិការ​ក្រីក្រ​តាម​សហគមន៍​បាន​ចំនួន ២ ៧២២ នាក់ ។​


​លោក ជួរ រតនៈ បន្តថា ចំពោះ​ការផ្ដល់ជូន​ផ្ទះ​ថ្មី​មួយ​ខ្នង​ជូន​ជនពិការ​ខាងលើនេះ គឺធ្វើឡើង​បន្ទាប់ពី​មានការ​ពិនិត្យ និង វាយតម្លៃ​របស់​គណៈកម្មកា​រ​ត្រួតពិនិត្យ និង​វាយតម្លៃ​ការសាងសង់​ផ្ទះ​ជូន​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍​របស់​មូលនិធិ​ជនពិការ ដែល​ក្នុងនោះ​គណៈកម្មការ​បាន​ចុះ​ត្រួតពិនិត្យ និង វាយតម្លៃ​ផ្ទាល់ ដោយមាន​ការស្នើសុំ​ពី​សាខា​មូលនិធិ​ជនពិការ​ខេត្ត ព្រមទាំង​មានការ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន និង ប្រជាពលរដ្ឋ​ជិតខាង គឺ​ពិតជា​ជនពិការ​ក្រីក្រ​មានផ្ទះ​ខ្ទម​ចាស់​ទ្រុឌទ្រោម និង​មាន​ចំណូល​តិចតួច​ដើម្បី​ចិញ្ចឹមជីវិត​។​


​លោក​រដ្ឋមន្ត្រី វង សូត បាន​ពោល​សរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មូលនិធិ​ជនពិការ ដែល​បាន​ព្យាយាម​ស្វែងរក​ថវិកា​ពី​សប្បុរសជន​នានា​យកមក​សាងសង់​ផ្ទះ​ជូន​ជនពិការ​នៅថ្ងៃនេះ ហើយ​ក្នុងនាម​ក្រសួង​សង្គមកិច្ច លោក​ពិត​ជាមាន​មោទកភាព​ណាស់ ដែល​មូលនិធិ​ជនពិការ​បានរៀបចំ​ប​ង្កើ​ត​កម្មវិធី​សាងសង់​ផ្ទះ​នេះ​ឡើង ដែល​ពិតជា​បាន​ជួយ​សម្រាល​ដល់​ទុក​លំបាក​របស់​ជនពិកា​រ​ក្រីក្រ ហើយ​លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​នានា ដែល​បាន​បរិច្ចាគ​ថវិកា​ចូល​ហិប​ប្រាក់​វិភាគទាន​សប្បុរសធម៌​មូលនិធិ​ជនពិការ ។ សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត គណៈកម្មការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ការសាងសង់​ផ្ទះ​ជូន​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍​របស់​មូលនិធិ​ជនពិការ នឹង​បន្ត​ចុះ​វាយតម្លៃ សាងសង់ និង​ប្រគល់ជូន​ជា​បន្តបន្ទាប់ ។


​លោក​រដ្ឋមន្ត្រី វង សូត ក៏បាន​ប្រគល់ជូន​នូវ​អំណោយ​សប្បុរសធម៌​រប​ស់​មូលនិធិ​ជនពិការ សម្រាប់​ផ្តល់ជូន​ដល់​គ្រួសារ​ដែល​ទទួលបាន​ផ្ទះ​ថ្មី​ពី​មូលនិធិ​ជនពិការ និង ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុងឱកាស​នោះ រួមទាំង​ជនពិការ​ក្រីក្រ​ចំនួន ១០ នាក់​ផ្សេង​ទៀតផង នូវ​ថវិកា និង គ្រឿងឧបភោគ បរិភោគ​មួយចំនួន​ដូចជា អង្ករ មី ត្រី ខ ទឹក​ស៊ីអ៊ីវ និង​សម្លៀកបំពាក់ ១ កញ្ចប់ ៕ Kh