ចូលីអំពាវនាវឱ្យធ្វើចំណាត់ការនាំក្មេងទៅរៀនវិញ ស្របពេលរដ្ឋាភិបាលអាម៉េរិកកំពុងជំរុញឱ្យបើកសាលាពេញលេញឡើងវិញ ទោះមានហានិភ័យ

209
ចែករម្លែក

អ៊ែនជេលីណា ចូលី បានព្រមានថា កុមារនៅជុំវិញពិភពលោក ដែលចាកចេញពីសាលារៀនអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩ នឹងមិនអាចឈានជើងចូលរៀនម្តងទៀតបានទេ ដរាបណាគេចាត់វិធានការ។

តារាសម្តែងនិងជាសកម្មជនមនុស្សធម៌រូបនេះនឹងអំពាវនាវឱ្យមានជំនួយជាក់ស្តែងដើម្បីធានាបាននូវការទទួលបានការអប់រំជាបន្តសម្រាប់មនុស្សវ័យក្មេងនៅទូទាំងពិភពលោកនៅក្នុងព្រឹត្តិការណ៍តាមអ៊ីនធឺណេតស្តីពីការអប់រំជនភៀសខ្លួន។

លោកស្រីនឹងប្រាប់នៅព្រឹត្តិការណ៍តុមូលរបស់ Unesco និង UNHCR នៅថ្ងៃចន្ទទី១៣កក្កដានេះថា “សម្រាប់កុមារនិងយុវជនរាប់លាននាក់ សាលារៀនគឺជាឱកាសជីវិតក៏ដូចជាខែលផងដែរ។ ថ្នាក់រៀនផ្តល់ការការពារ យ៉ាងហោចណាស់ជួយឱ្យរួចផុតពីអំពើហិង្សាការកេងប្រវ័ញ្ចនិងកាលៈទេសៈពិបាកផ្សេងទៀត”។

លោកស្រីនិយាយថា “ប្រសិនបើគ្មានជំនួយជាក់ស្តែងបន្ទាន់ទេកុមារមួយចំនួនដែលមិនបានទៅរៀននៅទូទាំងពិភពលោកដោយសារតែជំងឺកូវីដ១៩ នឹងមិនអាចឈានជើងចូលថ្នាក់រៀនម្តងទៀតឡើយ។ យើងត្រូវតែរកវិធីដើម្បីព្យាយាមធានាបាននូវការទទួលបានការអប់រំជាបន្តសម្រាប់យុវជននៅទូទាំងពិភពលោក។ ការធានាការអប់រំសម្រាប់កុមារភៀសខ្លួនគឺជាអ្វីដែលយើងអាចសម្រេចបាន ប្រសិនបើយើងរួមគ្នា”។

ចូលីគឺជាប្រេសិតពិសេសរបស់អង្គការ UNHCR ដែលជាទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។

ទន្ទឹមនេះដែរ រដ្ឋបាលត្រាំកាលពីថ្ងៃអាទិត្យបានជំរុញម្តងទៀតឱ្យបើកសាលាឡើងវិញពេញលេញនៅរដូវស្លឹកឈើជ្រុះ ទោះបីការផ្ទុះឡើងវិញនៃកូវីដបង្កើនការរិះគន់ថា ការប្រញាប់បើកសាលាពេកអាចបង្កគ្រោះថ្នាក់ធំឡើងនៃការចម្លងកូវីដ១៩ក៏ដោយ៕ ដោយ៖ កញ្ញាដាលីស

ចូលីអំពាវនាវឱ្យមានចំណាត់ការបើកសាលាឡើងវិញ