មិន​ជឿ​កុំ​ប្រមាថ​! ម្នាក់​ទៀត​ហើយ​ដែល​មិន​ជឿ​ថា​មានកូ​វីដ​១៩ ឥឡូវ​ឆ្លង​ស្លាប់បាត់​!

274
ចែករម្លែក

​បុរស​អាម៉េរិក​ម្នាក់​នៅ​រដ្ឋ​អូ​ហៃ​យ៉ូ វ័យ​៣៧​ឆ្នាំ ដែល​បាន​អះ​អា​ថា​ការឆ្លង​វីរុស​កូរ៉ូណា​កក្រើក​អាម៉េរិក គ្រាន់តែ​ជា​ការនិយាយ​បំប៉ោង​ហើយ​បាន​បដិសេធ​មិន​ព្រម​ពាក់​ម៉ាស់​មុខ​ការពារ​វីរុស​ម្តង​ជា​ពីរ​ដង​​នោះ ឥឡូវ​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​។​

​រី​ឆាត រ៉ូ​ស អ្នកគាំទ្រ​ប្រធានាធិបតី​អាម៉េរិក​ដូណាល់ ត្រាំ យ៉ាង​ងុបងុល បាន​សរសេរ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​សប៊ុក​កាលពី​ថ្ងៃ​០១​កក្កដា​ថា រូបគេ​មាន​អារម្មណ៍​ថា​មាន​រោគសញ្ញា​ដូវីដ​១៩ និង​បាន​ទៅពិនិត្យ​សុខ​​ភាព​។​

​ទាហាន​អាម៉េរិក​ជើងចាស់ ដែល​បាន​បំពេញ​ភារកិច្ច​នៅ​អា​ហ្វ​ហ្គានី​ស្ថាននិង​អ៊ីរ៉ាក់​រូបនេះ បាន​តេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩ និង​បាន​ស្លាប់​ដោយ​វីរុស​កូរ៉ូណា​នៅផ្ទះ​របស់​ខ្លួន​នៅរ​ដ្ឋ​អូ​ហៃ​យ៉ូ កាលពី​ថ្ងៃ​០៤​កក្កដា​។​

​រី​ឆាត រ៉ូ​ស អ្នក​រដ្ឋ​អូ​ហៃ​យ៉ូ បាន​អះអាង​ថា កូវី​ដ​១៩ គ្រាន់តែ​ជា​ការនិយាយ​បំភ័យ​បំប៉ោង​ព័ត៌មាន​តែប៉ុណ្ណោះ តែ​ទម្រាំ​ដឹង​ការពិត​ពី​ភាពកាចសាហាវ​របស់​វា ហួសពេល​បាត់​។​

​កាលពី​ថ្ងៃ​២៨​មេសា គាត់​ថែមទាំង​បាន​និយាយថា «​មិន​ពាក់​ម៉ាស់​មុខ​ទេ ជំងឺឆ្លង​នេះ​គ្រាន់តែ​ជា​ការនិយាយ​បំប៉ោង​។​ខ្ញុំ​មិន​ទិញ​ម៉ា​ស់មុខ​ទេ​»​។​

​បុរស​នេះ​ថែម​ទាំង​ជួយ​បន្ទរ​និង​គាំទ្រ​គំនិត​របស់​ប្រធានាធិបតី​ត្រាំ ដែល​កាលពី​ដំបូង​មិន​អោយ​តំលៃ​លើ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវី​ដ​១៩ និង​ពេល​មួយ​ថែមទាំង​បាន​និយាយថា​«​វា​គ្រាន់តែ​ជា​កូន​ផ្តាសាយ​»​មួយ​។​

​រដ្ឋ​អូ​ហៃ​យ៉ូ មាន​អ្នក​ឆ្លង​សរុប​ជាង​៦៥.០០០​នាក់ និង​៣.០៥៨​នាក់​ស្លាប់​ដោយកូវី​ដ​១៩​។​រដ្ឋ​នេះ​កាលពី​ថ្ងៃ​សុក្រ​ទី​១០​កក្កដា​បាន​រាយការណ៍​កំណើន​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​គឺ​១.៥២៥​នាក់​បាន​ឆ្លង​។​

​កាលពី​សប្តាហ៍​មុន​នេះ​ផងដែរ បុរស​ម្នាក់​នៅ​ទីក្រុង​សាន់ អង់​តូ​ញ៉ូ រដ្ឋ​តិច​សាស់ សហរដ្ឋ​អាម៉េរិក បាន​ស្លាប់​ដោយ​វីរុស​កូរ៉ូណា​បន្ទាប់ពីបាន​ព្យាយាម​បញ្ជាក់​និង​បង្ហាញ​គេឯង​ថា វា​ជា​ការ​ឆបោក​មួយ​។​​សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយថា​បុរស​នេះ​វ័យ​ខ្ទង់​៣០​ឆ្នាំនេះ បាន​ចូលរួម​ពិធី​ជប់លៀង​មួយ​ដែល​ដាក់ឈ្មោះថា «​កូវី​ដ​» ។​ពិធីជប់លៀង​បែបនេះ​ត្រូវបាន​រៀបចំឡើង​ជា​ច្រើន​លើក​ដើម្បី​បង្ហាញ​ថា​តើ​មាន​មនុស្ស​ឆ្លង​វីរុស​កូរ៉ូណា​ពិត​ដែរ​ឬទេ​នៅ​ពេលម​នុស្ស​ជាច្រើន​ក្នុង​លោក​នៅតែ​ជឿថា ជំងឺ​កូវី​ដ​១៩​ជា រឿង​បោក​បញ្ឆោត​នៅឡើយ​។​

​ក្រោយ​ចូលរួម​ពិធី​ដូច្នេះ​មួយ បុរស​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​។​

​វេជ្ជបណ្ឌិត ជេ​ន អាប់​ផល​ប៊ី នាយក​វេជ្ជសាស្ត្រ​នៅ​មជ្ឈមណ្ឌល Methodist Healthcare បាន​រំលឹកថា «​នៅមុន​អ្នកជំងឺ​ស្លាប់​បន្តិច គាត់​បាន​សម្លឹង​ទៅ​កាន់​គ្រូពេទ្យ​ម្នាក់​និង​បាន​និយាយថា “​ខ្ញុំ​គិតថា​ខ្ញុំ​បាន​សាង​កំហុស​មួយ​។​ខ្ញុំ​គិតថា​វា​ជា​ការ​ឆបោក តែ​មិន​ទេ​។​ខ្ញុំ​មិន​ចង់​ធ្វើ​ជា​អ្នក​ព្រមាន​ទេ តែ​យើង​ព្យាយាម​ចែករំលែក​ឧទាហរណ៍​ពិត​ខ្លះ ដើម្បី​ជួយ​សហគមន៍​យើង​អោយ​ដឹងថា វីរុស​នេះ​ធ្ងន់ធ្ងរ​និង​អាច​ចម្លង​ងាយៗ​”»​។​

​ព័ត៌មាន​ស្តីពី​ការស្លាប់​អ្នក​មិន​ជឿ​លើកូ​វីដ​១៩​នេះ កើត​ឡើង​នៅ​ពេល​អាម៉េរិក​បន្ត​មាន​អ្នក​ឆ្លង​ខ្ពស់ៗ​ប្រចាំ​ថ្ងៃ​បន្ទាប់ពី​អាជ្ញាធរ​ដកចេញ​ការ​រឹតត្បិត​ខ្លះៗ​ដើម្បី​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​។​អាម៉េរិក​ឥឡូវ​​ជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​ពី​កូវី​ដ​១៩ ដោយ​មនុស្ស​ប្រមាណ​១៣៥.០០០​នាក់​បាន​ស្លាប់ និង​ជាង​៣,២​លាន​នាក់​ឆ្លង​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាម៉េរិក​កាលពី​ថ្ងៃអាទិត្យ​ទី​១២​កក្កដា បាន​រាយការណ៍​ការឆ្លង​ថ្មី​ចំនួន​៦២.០១៨​នាក់​បន្ថែម នាំ​អោយ​ចំនួន​ឆ្លង​សរុប​ឡើងដល់​៣.២៣៦.១៣០​នាក់ ។​គ្រាន់តែ​រយៈ​​ពេល​២៤​ម៉ោង​កន្លងទៅ រដ្ឋ​ផ្លរីដា​មាន​អ្នក​ឆ្លង​ជាង​១៥.០០០​នាក់ ជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់បំផុត​ក្នុងចំណោម​ការឆ្លង​ក្នុង​រដ្ឋ​អាម៉េរិក​ទាំង​៥០​។​

​ប្រឈម​នឹង​ការវាយប្រហារ​ពី​វីរុស​កូរ៉ូ​ណាយ៉ាង​ក្រពុលមុខ​ដូច្នេះ មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​អាម៉េរិក​ម្នាក់​បាន​និយាយថា ការស្លាប់​ដោយកូវី​ដនឹង​បន្ត​កើន​ឡើង​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ ដូច្នេះ​«​វិធានការ​​គ្រប់យ៉ាង​ត្រូវ​នាំ​មក​ដាក់​នៅ​លើ​តុ​» រួម​ទាំង​ការបិទ​ខ្ទប់​សាជាថ្មី​នៅក្នុង​រដ្ឋ​រងគ្រោះ​ខ្លាំង​ផងដែរ​៕​ប្រែ​សម្រួល​៖​វាសនា​

​រី​ឆាត រ៉ូ​ស អ្នក​រដ្ឋ​អូ​ហៃ​យ៉ូ បាន​អះអាង​ថា កូវី​ដ​១៩ គ្រាន់តែ​ជា​ការនិយាយ​បំភ័យ​បំប៉ោង​ព័ត៌មាន​តែប៉ុណ្ណោះ តែ​ទម្រាំ​ដឹង​ការពិត​ពី​ភាពកាចសាហាវ​របស់​វា ហួសពេល​បាត់​

​រី​ឆាត រ៉ូ​ស ធ្លាប់ឆ្លងកាត់សង្រ្គាមទល់នឹងពួកជ្រុលនិយមអ៊ីស្លាម និងពួកISISមិនស្លាប់ តែមកចាញ់ត្រឹមសត្រូវគ្មានស្រមោល គឺកូវីដ១៩