ស្រីលង្កា​លុបចោល​ការជួបជុំ​ឃោសនាបោះឆ្នោត​ដោយសារ​ការផ្ទុះ​វីរុស​ជាថ្មី​

200
ចែករម្លែក

​គណបក្សកាន់អំណាចរ​បស់​ប្រទេស​ស្រីលង្កា​កាលពី​ថ្ងៃអាទិត្យ​ទី​១២ ខែកក្កដា បាន​លុបចោល​ការប្រមូលផ្តុំ​ជួបជុំ​នៅមុន​ការបោះឆ្នោត​សភា​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ពេល​ឆាប់​ខាង​មុន​នេះ​និង​​ពន្យារ​ពេល​ការបើក​ដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិ​ដោយសារ​ការកើនឡើង​នៃ​ករណី​ឆ្លង​វីរុស​។​

​ប្រទេស​អាស៊ី​ខាងត្បូង​ដែល​មាន​ប្រជាជន​ចំនួន ២១​លាន​នាក់​នេះ បាន​លុបចោល​ការបិទ​ប្រទេស​ប្រឆាំង​ជំងឺឆ្លង​នេះ​កាលពី​ចុង​ខែ​មិថុនា​បន្ទាប់ពី​បាន​ប្រកាសថា​មិន​មាន​ការឆ្លង​រាលដាល​នៅ​សហ​​គ​មន៍​ទៀត​ទេ​។​ប៉ុន្តែ​ការឆ្លង​ច្រើន​ករណី​បាន​កើតឡើង​កាលពី​សប្តាហ៍​មុន​ដោយ​រួមទាំង​ការផ្ទុះ​វីរុស​នៅ​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​គ្រឿងញៀន​មួយ​កាលពី​សប្តាហ៍​មុន ដោយ​អ្នកជំងឺ ២៥៣ នាក់ បាន​​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​តែ​ក្នុងពេល​មួយ​យប់​។​

​ក្រុម​មន្ត្រី​អាកាសចរណ៍​ក៏​បាន​និយាយថា កម្ម​វិធី​ធ្វើ​មាន​មាតុភូមិនិវត្តន៍ ដែល​បាន​នាំ​ពលរដ្ឋ​ស្រីលង្កា​ត្រឡប់មកវិញ​ចំនួន​១២.០០០​នាក់​ពី​បរទេស​រហូត​ដល់​ពេល​នេះ ក៏​នឹង​ត្រូវ​បាន​ផ្អាក​ផងដែរ​។​

​ការបោះឆ្នោត​បាន​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ២៥ ខែ​មេសា​ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវបាន​ពន្យារពេល​២​ដង ហើយ​គ្រោង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​នៅ​ខែ​សីហា​។​

​គិត​រហូត​មកដល់​ពេល​ន​នេះ ប្រទេស​នេះ​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​សរុប​ចំនួន ២.៦០៥​នាក់​ដោយ​មាន​មនុស្ស​ស្លាប់​ចំនួន ១១ នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

ស្រីលង្កា គិត​រហូត​មកដល់​ពេល​ន​នេះ បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​សរុប​ចំនួន ២.៦០៥​នាក់​