ចៅប្រុសតែម្នាក់គត់របស់លោកអែលវីសទទួលមរណភាពនៅអាយុ២៧ឆ្នាំ

310
ចែករម្លែក

អ្នកគ្រប់គ្រងរបស់ម្ដាយគាត់ គឺលោកស្រី លីសា ម៉ារី ប្រេស្លី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាចៅប្រុសតែម្នាក់គត់របស់លោក អែលវីស ប្រេស្លីបានស្លាប់កាលពីថ្ងៃអាទិត្យទី១២កក្កដា ដោយសារព័ត៌មានក្នុងស្រុករាយការណ៍ថាការស្លាប់របស់ចៅប្រុសនេះទំនងជាការធ្វើអត្តឃាត។

ប្រភពពីប៉ូលិសបានប្រាប់វេបសាយ TMZ ថា លោក បេនចាមីន កូស អាយុ ២៧ ឆ្នាំត្រូវបានប្រទះឃើញស្លាប់នៅតំបន់កាឡាបាសាសជិតទីក្រុងឡូសអ៊ែនជេឡេសដោយសាររបួសបង្កដោយខ្លួនឯងពីគ្រាប់កាំភ្លើង។

អ្នកគ្រប់គ្រងលោក រ៉ូជើ វីឌីនូវស្គី មិនបានផ្តល់ព័ត៌មានលម្អិតអំពីការស្លាប់នេះទេ ដោយនិយាយថា លោកស្រី លីសា ម៉ារី ប្រេស្លី “ខូចចិត្តមិនអាចលួងលោមបាននិងក្តុកក្តួលចិត្តហួសថ្លែង”។

លោកវីឌីនូវស្គីនិយាយថា “លោកស្រីស្រឡាញ់កូនប្រុសខ្លាំងណាស់។ គាត់គឺជាក្តីស្រឡាញ់នៃជីវិតរបស់លោកស្រី” ដោយបន្ថែមថា លោកស្រីកំពុងព្យាយាមនៅរឹងប៉ឹងដើម្បីកូនស្រីរបស់លោកស្រី។

បេនចាមីន កូស កម្របង្ហាញខ្លួនជាសាធារណៈណាស់ ប៉ុន្តែរូបថតពីរបីសន្លឹករបស់គាត់បានបង្ហាញពីភាពស្រដៀងគ្នាខ្លាំងនឹងជីតារបស់គាត់។

លោកស្រីលីសា ម៉ារី ប្រេស្លី ដែលមានកូនបីនាក់ផ្សេងទៀត បានពណ៌នាពីភាពស្រដៀងគ្នារបស់កូសទៅនឹងលោកអែលវីសថា “ពិតជារឿងចម្លែក”។

TMZ បានរាយការណ៍ថា កូសគឺជាតន្ត្រីករម្នាក់ដែលធ្លាប់បានសម្តែងខ្លះៗ ហើយបានចូលរួមខួបលើកទី ៤០ នៃការស្លាប់របស់លោកអែលវីសនៅឯផ្ទះរបស់ Gra Gra របស់អតីតតារាល្បីរូបនេះនៅទីក្រុមមេមហ្វីសក្នុងឆ្នាំ ២០១៧ ។

កំពូលតារាចម្រៀងចង្វាក់ Rock’n’roll អែលវីស ប្រេស្លី បានទទួលមរណភាពក្នុងឆ្នាំ ១៩៧៧ នៅអាយុ ៤២ ឆ្នាំ៕ ដោយ៖ កញ្ញាដាលីស

លោក បេនចាមីន កូស ចៅប្រុសតែមួយគត់របស់លោកអែលវីស ស្លាប់នៅអាយុ ២៧ ឆ្នាំ